ប៉ាគីអៅអះអាងថា ប្រកួតខែក្រោយ នឹងមានជាធម្មតា ទោះគេប្តឹងមិនឲ្យប្រកួត
កីឡាករប្រដាល់ពិភពលោក ម៉ានី ប៉ាគីអៅ បានគូសបញ្ជាក់ថា ការប្រកួតនាថ្ងៃទី២១ សីហា ខាងមុខនេះ នៅតែមានដដែល។
ការលើកឡើងរបស់ ប៉ាគីអៅ នេះធ្វើឡើងក្រោយមានការសង្ស័យថា ការប្រកួតជាមួយបុរសស្បែកខ្មៅមិនដែរចាញ់ Spence ត្រូវលុបចោលវិញ ខណៈមានគេប្តឹង ប៉ាគីអៅ មិនឲ្យប្រកួត ចោទថា សមាជិកព្រឹទ្ធសភាហ្វីលីនពីនរូបនេះបំពានការសន្យាដែលគេផ្គូរផ្គងអោយជួបប្រកួតជាមួយអ្នកផ្សេងម្នាក់ទៀត។ តែប៉ាគីអៅ ក៏ធ្លាប់បញ្ជាក់ថា បណ្តឹងនោះមិនត្រឹមត្រូវទេ តែលោកស្វាគមន៍ដោះស្រាយតាមផ្លូវច្បាប់។ អ្នកប្តឹងគឺជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតដ៏ល្បី ដោយទាមទារឲ្យប៉ាគីអៅ សង ៣.៣លានដុល្លារអាមេរិក និងលុបការប្រកួតថ្ងៃ២១ សីហា ២០២១។
បើតាមការចេញផ្សាយរបស់ Manila Times នាថ្ងៃទី២ កក្កដា បានឲ្យដឹងទៀតថា ក្រៅពីការអះអាងពីគ្មានការលុបចោលហើយនោះ កីឡាករហ្វីលីពីនរូបនេះថែមទាំងបញ្ជាក់ថា លោកនឹងចេញដំណើរទៅអាមេរិកដើម្បីហ្វឹកហាត់និងត្រៀមខ្លួន ដោយសន្យាថា នឹងនាំកិត្តិយសជូនជាតិ ពេលត្រលប់មកមាតុប្រទេសវិញ៕