អាឡឺម៉ង់​បង្កើត​មូលដ្ឋាន​អប់រំ​ផ្ទាល់​ខ្លួន​ពាក់ព័ន្ធកិច្ចការ​​​​ចិន​ខណៈ​ព្យាយាម​កាត់​បន្ថយ​ឥទ្ធិពល​​ប៉េកាំង​លើ​គ្រឺះស្ថានអប់រំ​​ខ្លួន​

ហួន ​​ឌីណា

​កាល​ពី​ថ្ងៃ​អង្គារ​​​សប្ដាហ៍​មុន​ ក្រសួង​អប់រំ​អាឡឺម៉ង់​បាន​ប្រកាស​ថា​ ខ្លួន​នឹង​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ ​២៨,៤ ​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​កម្មវិធី​ដែល​ដំណើរការ​នៅ​ចន្លោះ​ឆ្នាំ ​២០១៧ ​និង​ ២០២៤ ​ដើម្បី​ពង្រឹង​ «​សមត្ថភាព​ឯករាជ្យ​របស់​ចិន​»​ នៅ​ក្នុង​សាកល​វិទ្យាល័យ​ និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវនានា​​របស់​ខ្លួន​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ហុងកុង​ ​The South China Morning Post (SCMP) ​ថ្មីៗ​នេះ​​​​​។​

​​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​អប់រំ​ បាន​ឱ្យ​ដឹង​ថា​ គោល​បំណង​នៃ​គម្រោង​នេះ​ គឺ​ដើម្បី​គាំទ្រ​ដល់​កិច្ច​សហ​ប្រតិបត្តិការ​វិទ្យាសាស្ត្រ​ និង​ស្រាវជ្រាវ​ ជាមួយ​ប្រទេស​ចិន​ដែល​ផ្អែក​លើ​គោលការណ៍​អឺរ៉ុប​។​ ​

​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​លោក​ស្រី ​Anja ​Karliczek ​​រៀបរាប់​​ថា ​អាឡឺម៉ង់​នៅ​តែ​ចង់​ចូល​រួម​ជាមួយ​ប្រទេស​ចិន​ ​ហើយ​ត្រូវ​ការ​ទេព​កោសល្យនិងធនធាន​មនុស្ស​​បន្ថែម​ទៀត​ដែល​អាច​ឱ្យ​យល់​ដឹង​ពី​វប្បធម៌​ ភាសា​ សង្គម​ និង​ប្រវត្តិសាស្ត្រ​របស់​ចិន​។​

​យ៉ាង​ណា​មិញ​ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ឯករាជ្យ​របស់​​អាល្លឺម៉ង់​ ​និង​អំពាវនាវ​ឲ្យ​សាកល​វិទ្យាល័យ​​​នានា​កាត់​ផ្តាច់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ខុងជឺ​ ដែល​ជា​ដៃ​គូ​អប់រំ​​ឧបត្ថម្ភ​ដោយ​រដ្ឋ​​ផ្តល់​វគ្គ​សិក្សា​ភាសា ​និង​វប្បធម៌​ចិន​។

​លោក​ស្រី ​Karliczek ​និយាយ​ថា​៖​ «​ខ្ញុំ​មិន​ចង់ឱ្យ​រដ្ឋាភិបាល​ចិន​ មាន​​ឥទ្ធិពល​លើ​សាកល​វិទ្យាល័យ​ និង​សង្គម​របស់​យើង​ទេ​»​។​ ​

​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ​២០០៦​មក​ វិទ្យាស្ថាន​ខុងជឺ​ចំនួន ​១៩ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទូទាំង​ប្រទេស​អាឡឺម៉ង់​។​ ​​ យ៉ាង​ហោច​ណាស់​ វិទ្យាស្ថាន​ចំនួន​ពីរ​ត្រូវ​បាន​បិទ​ទ្វា​ទៅ​វិ​ញ​ ដោយ​សារ​តែ​ក្តី​បារម្ភ​ជុំវិញ​ ​«​ឥទ្ធិពល​នយោបាយ​ និង​ការ​លេច​ធ្លាយ​ព័ត៌មាន​»​។​ ឯ​មួយ​ចំនួន​ទៀត​ បាន​បន្ត​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ ហើយ​សាកល​វិទ្យាល័យខ្លះ​បាន​ការពារ​វិទ្យាស្ថាន​ទាំង​នេះ​ ពី​ការ​ចោទ​ប្រកាន់​ដែល​ថា​ពួក​គេ​ត្រូវ​បាន​ប្រើ​ដើម្បី​ជំរុញ​របៀប​វារៈ​របស់​​ក្រុង​ប៉េកាំង​។​

​​នៅ​ជុំ​វិញ​ពិភព​លោក​ មាន​វិទ្យាស្ថាន​ខុងជឺ​ជាង​ ៥០០ ​កន្លែង​ ប៉ុន្តែ​ភាគ​ច្រើន​នៃ​វិទ្យាស្ថាន​នេះ​ បាន​បិទ​ទ្វា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា​សហរដ្ឋ​អាមេរិក​ កាណាដា ​អូស្ត្រាលី ​និង​ស៊ុយអែត​ ដោយ​សារ​តែ​មាន​ការ​សង្ស័យ​អំពី​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ផល​ប្រយោជន៍​​ក្រុង​ប៉េកាំង​។​

​ជា​ទូទៅ​ ភាព​តាន​តឹង​រវាង​ចិន​ និង​លោក​ខាង​លិច​កំពុង​តែ​កើន​ឡើង​។​ សហគមន៍​អ៊ឺរ៉ុប​បាន​​រិះគន់​កាន់​តែ​ខ្លាំង​ឡើង​លើ​​គោល​នយោបាយ​របស់​ចិន​នៅ​ហុង​កុង​ និង​ខេត្ត​ស៊ីនជាំង​ ដោយ​ដាក់​ទណ្ឌកម្ម​លើក​ដំបូង​របស់​ខ្លួន​លើ​មន្រ្តី​ចិន​ចាប់​តាំង​ពី​ការ​បង្ក្រាប​នៅ​ធានអានមេន​ឆ្នាំ ​១៩៨៩ ​។​

​ជា​ការ​ឆ្លើយ​តប​ ​ចិន​បាន​ធ្វើ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នក​នយោបាយ​ អ្នក​ការ​ទូត​ និង​អ្នក​ស្រាវជ្រាវ​របស់​អឺរ៉ុប​ ​ជំរុញ​ឱ្យ​សមាជិក​សភា​អឺរ៉ុប​បង្កក​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​រវាង​ភាគី​ទាំង​ពីរ​ ​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​រដ្ឋា​ភិបាល​អាល្លឺម៉ង់​បាន​ដើរ​តួនាទី​ជាអ្នក​នាំ​មុខ​។

​លោក​ស្រី ​Karliczek ​បាន​និយាយ​ថា​៖ ​«​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​​ចិន​មាន​ភាពជិតស្និទ្ធ​ ហើយ​យើង​ក៏​មាន​ផល​ប្រយោជន៍​រួម​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ដូច​ជា​ការ​ការពារ​អាកាសធាតុ​។ ​ប៉ុន្តែ ​យើង​ក៏​ត្រូវ​ដោះស្រាយ​​វា​ដោយ​បើក​ចំហ​ដែរ​ ហើយ​យើង​កំពុង​ប្រកួត​ប្រជែង​ជា​ប្រព័ន្ធ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​មួយ​នេះ​»​។

​លោក​ស្រី​បាន​បន្ថែម​ទៀត​ថា​៖ ​«​យើង​ចង់​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​ដោយ​ឈរ​លើ​គោលការណ៍​ស្មើ​គ្នា ​និង​ធ្វើ​ឱ្យ​វា​មាន​តម្លៃ​បន្ថែម​ទៅ​វិញ​ទៅ​មក​។​ ដើម្បី​សំរេច​គោលដៅ​នេះ​ យើង​ត្រូវ​តែ​ធានា​ថា ក្រុម​ហ៊ុន​នានា​របស់​យើង​រក​បាន​បុគ្គលិក​គ្រប់​គ្រាន់​ពី​​អាឡឺម៉ង់​ដែល​ស្គាល់​ប្រទេស​ ប្រជាជន ​និង​ភាសា​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​​ចិន​»​។​

​ការ​បោះឆ្នោត​នៅ​អាឡឺម៉ង់​នា​ខែ​កញ្ញា​ អាច​នឹង​ប្រាប់​អំពី​ការ​ផ្លាស់ប្តូរ​វិធីសាស្រ្ត​របស់​ក្រុង​ប៊ែកឡាំង​ទៅ​កាន់​ប្រទេស​ចិន​។​ លោក​ស្រី​អធិការបតី​ Angela Merkel​ ដែល​ជា​អ្នក​តស៊ូ​មតិ​ឈាន​មុខ​គេ​ក្នុង​ការ​ចូល​រួម​ជាមួយ​​ក្រុង​ប៉េកាំង​ នឹង​ចុះ​ចេញ​ពី​តំណែង​ហើយ​លោក​ស្រី ​Annalena ​Baerbock​ បេក្ខជន​អធិការ​បតី​មក​ពី​គណបក្ស​បៃតង​​ បាន​អំពាវនាវ​ឱ្យ​មាន​គោល​នយោបាយ​នៃ​ការ​សន្ទនា​ និង​ភាព​តឹងរឹង​ឆ្ពោះ​ទៅ​រក​ប្រទេស​ចិន​។​

​យ៉ាង​ណា​មិញ​ ទោះ​បី​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ក្ដី​ ក៏​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​រឹង​មាំ​ដដែល​។​ យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ចិន​​ ប្រទេស​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​អាឡឺម៉ង់​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ជាប់​គ្នា​ក្នុង​ឆ្នាំ ​២០២០ ​ជាមួយ​នឹង​ទំហំ​ពាណិជ្ជកម្ម​ចំនួន​ ២១២,១ ​ពាន់​លាន​អឺរ៉ូ​។​

លោក​ Barthélémy ​Courmont ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ម្នាក់​ជាមួយ​អង្គការ​ IRIS ​​បារាំង​បាន​និយាយ​ប្រាប់ ​SCMP ​ថា ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការ​សិក្សា​របស់​ចិន​នៅ​អឺរ៉ុប​ ប៉ុន្តែ​វិទ្យាស្ថាន​ខុងជឺ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ក្រុង​ប៉េកាំង​ គឺ​ជា​ប្រភព​ចំណេះ​ដឹង​ដ៏​សំខាន់​។​

លោក​បាន​និយាយ​ថា​៖ ​«​គំនិត​នេះ​ គឺ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ប្រទេស​ចិន​ ប៉ុន្តែ​មិន​មែន​ដោយ​ប្រទេស​ចិន​ទេ​។​ ប្រទេស​អាល្លឺម៉ង់​ និង​ចិន​នៅ​តែ​ជា​ដៃ​គូ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដ៏​សំខាន់​ដដែល​។​ ហើយ​កិច្ច​សហ​ប្រតិបត្តិការ​ទំនង​ជានឹង​កើន​ឡើង​»​។​

លោក​បាន​បន្ថែម​ថា​៖ ​«​ទោះ​យ៉ាង​ណា ​រដ្ឋាភិបាល​អាល្លឺម៉ង់​ជឿ​ជាក់​ថា​ ​ក្រុង​ប៊ែកឡាំង​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ទីក្រុង​ប៉េកាំង ​លើ​បញ្ហា​ផ្សេងៗ​ដូច​ជា​សិទ្ធិ​មនុស្ស​ ​ដូច្នេះ​ត្រូវ​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន​លើ​ការ​ដោះស្រាយ​ និង​ការពារ​តម្លៃ​របស់​ខ្លួន​»​។​

​លោក​ Song​ Luzheng​ អ្នក​ស្រាវជ្រាវ​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ ​Fudan ​បាន​និយាយ​ថា​ អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​បន្តិច​បន្តួច​នៅ​ក្នុង​គោល​នយោបាយ​របស់​អាឡឺម៉ង់​មុន​ពេល​បោះឆ្នោត​ ហើយ​ថា​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ខាង​វិទ្យាសាស្ត្រ ​ទំនង​ជា​មិន​រង​ផល​ប៉ះពាល់​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​គុណ​តម្លៃ​នោះ​ទេ​។​

​លោក​និយាយ​ថា​៖​ «​​អាឡឺម៉ង់​អាច​ចូល​រួម​ប្រកួត​ប្រជែង​ជា​ប្រព័ន្ធ​ជាមួយ​​ចិន​ក្រោម​ក្រប​ខ័ណ្ឌ​សហភាព​អ៊ឺរ៉ុប​ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រទេស​តែ​មួយ​ វា​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​​ចិន​បាន​ជា​លក្ខណៈ​ប្រព័ន្ធ​ទេ​។ ​មិន​តែ​ប៉ុណ្ណោះ​ ប្រទេស​នេះ​​​មិន​មាន​គោល​នយោបាយ​សំខាន់​ណាមួយ​ស្តី​ពី​ប្រទេស​ចិន​ ដែល​បាន​សម្រេច​នៅ​មុន​ការ​បោះឆ្នោត​នោះ​ទេ​»​។​

ប្រភព៖

  1. Germany wants independent China experts as concerns about Confucius Institutes and Beijing’s influence over universities grows https://www.scmp.com/news/china/diplomacy/article/3139702/germany-wants-independent-china-experts-concerns-about
  2. Germany-China relationship status: It’s complicated https://www.dw.com/en/germany-china-relationship-status-its-complicated/a-57362540
  3. Why is the US targeting China’s Confucius Institute? https://www.dw.com/en/why-is-the-us-targeting-chinas-confucius-institute/a-43403188

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner