ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅរុស្សីកើនដល់ចំណុចខ្ពស់បំផុតប្រាំថ្ងៃជាប់គ្នា
សុខ វេងឈាង
រុស្ស៊ីបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា ខណៈពេលដែលប្រទេសនេះប្រឈមនឹងការកើនឡើងនៃករណីឆ្លងថ្មី។ អាជ្ញាធរបានកត់ត្រាការស្លាប់ដោយសាររីរុសនេះចំនួន ៦៩៧ នាក់កាលពីថ្ងៃសៅរ៍កន្លងទៅនិង ករណីឆ្លងថ្មីចំនួន ២៤.៤៣៩ ករណីបន្ថែមទៀត។ កាលពីថ្ងៃសុក្រចំនួនអ្នកស្លាប់ប្រចាំថ្ងៃគឺ ៦៧៩ នាក់។
វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃសុក្រ ថាប្រទេសនេះមិនពិចារណាលើការបិទខ្ទប់ជាថ្មីទេ បើទោះបីជាមានការកើនឡើងយ៉ាងខ្លាំងក៏ដោយ។ ប្រទេសរុស្ស៊ីបានធ្វើការបិទខ្ទប់តែមួយដងគត់ កាលពីដើមឆ្នាំដែលមានរយៈពេល ៦ សប្តាហ៍។
បើទោះយ៉ាងនេះក៏ដោយ ប្រទេសនេះកំពុងចាប់ផ្ដើមតម្រូវឱ្យមានការចាក់វ៉ាក់សាំង សម្រាប់វិស័យមួយចំនួនរួមមាន វិស័យថែទាំសុខភាព វិស័យអប់រំ វិស័យលក់រាយ វិស័យភោជនីយដ្ឋាន និងការិយាល័យរដ្ឋាភិបាល។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថាអ្នកដែលមិនបានទទួលវ៉ាក់សាំងការពារមេរោគនេះ ទំនងជានឹងមានជម្រើសការងារមានកំណត់។
កាលពីចុងខែមុនលោក Peskov បាននិយាយថា៖ «ការពិតគឺថាការរើសអើងនឹងកើតឡើងជាយថាហេតុ។ មនុស្សដែលគ្មានការចាក់វ៉ាក់សាំង ឬភាពស៊ាំនឹងមិនអាចធ្វើការនៅគ្រប់ទីកន្លែងបានទេ។ វាមិនអាចទៅរួចទេ។ វានឹងបង្កការគំរាមកំហែងដល់អ្នកដែលនៅជុំវិញពួកគេ»។ ការតម្រូវឱ្យចាក់វ៉ាក់សាំង បានកើតឡើងមុនពេលចំនួនអ្នកស្លាប់កើនដល់កម្រិតខ្ពស់បំផុតនៅសប្តាហ៍នេះ។
ប្រទេសរុស្ស៊ីបានរាយការណ៍ថាមានករណីឆ្លងជិត ៥,៦ លាននាក់និងមានអ្នកស្លាប់ច្រើនជាង ១៣៧.០០០ នាក់។