បុរីវ៉ាទីកង់ចោទប្រកាន់បុគ្គលចំនួន ១០ នាក់ពីបទកិបកេងប្រាក់
មឹង ច័ន្ទសុម៉ានីតា
ចៅក្រមនៅបុរីវ៉ាទីកង់ បានចោទប្រកាន់បុគ្គលចំនួន១០ នាក់រួមទាំងបព្វជិតជាន់ខ្ពស់ឋានៈ Cardinal មួយរូប ដែលមានឥទ្ធិពលខ្ពស់បំផុតទី២ក្នុងគ្រិស្តសាសនានិកាយកាតូលិកបន្ទាប់ពីសម្ដេចប៉ាប ពីបទព្រហ្មទណ្ឌជាច្រើន រួមមានការកិបកេងប្រាក់ ការរំលោភអំណាច ការជំរិតទារប្រាក់ និងការក្លែងបន្លំពាក់ព័ន្ធនឹងរឿងអាស្រូវវិនិយោគអចលនទ្រព្យក្នុងទំហំទឹកប្រាក់ ៣៥០ លានអឺរ៉ូ (៤១៥ លានដុល្លារ) នៅទីក្រុងឡុងប្រទេស អង់គ្លេសផងដែរ។
បើតាមសេចក្ដីថ្លែងការមួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី៣ កក្កដានេះ ប្រធានតុលាការព្រហ្មទណ្ឌបុរីវ៉ាទីកង់លោកចៅក្រម Giuseppe Pignatone បានកំណត់ថ្ងៃទី ២៧ ខែកក្កដា ជាកាលបរិច្ឆេទនៃការជំនុំជម្រះក្តីសម្រាប់ជនជាប់ចោទទាំង ១០ នាក់។ ឯកសារការចោទប្រកាន់ប្រវែង ៤៨៧ ទំព័រ បានបង្ហាញពីការស៊ើបអង្កេតអស់រយៈពេលជាង ២ឆ្នាំ ហើយស្វែងរកឃើញពីរបៀបបុរីវ៉ាទីកង់បានបាត់បង់ប្រាក់រាប់លានអឺរ៉ូ ភាគច្រើនបានមកពីការបរិច្ចាគពីសាសនិកកាតូលិក និងសប្បុរសជន។
ជនជាប់ចោទទាំង ១០ រួមមានអតីតមន្ត្រីវ៉ាទីកង់ចំនួន ៥ នាក់ ក្នុងនោះមានមន្រ្តីបុព្វជិតជាន់ខ្ពស់លោក Cardinal Giovanni Angelo Becciu និងមន្ត្រីពីររូបមកពីរដ្ឋលេខាធិការដ្ឋានគ្រប់គ្រងការវិនិយោគរបស់វ៉ាទីកង់។ ពាណិជ្ជករជនជាតិអ៊ីតាលី ដែលគ្រប់គ្រងការវិនិយោគទីក្រុងឡុងដ៍ និងអ្នកជំនាញចារកម្មអ៊ីតាលីមួយរូប ដែលបានប្រើប្រាស់ប្រាក់របស់ក្រុងវ៉ាទីកង់បម្រុងទុកសម្រាប់ដោះចំណាប់ខ្មាំងសាសនិកកាតូលិក ទៅទិញផលិតផលប្រើប្រាស់ថ្លៃៗ ក៏ស្ថិតក្រោមការចោទប្រកាន់ផងដែរ។
រដ្ឋអាជ្ញាបានចោទប្រកាន់ជនជាប់ចោទថាបានកិបកេងប្រាក់រាប់លានអឺរ៉ូពីបុរីវ៉ាទីកង់ ក្រោមការក្លែងបន្លំថាជាថ្លៃឈ្នួលនានា ឬការខាតបង់ រួមជាមួយនឹងការជំរិត ដែលពាក់ព័ន្ធទៅនឹងការវិនិយោគអចលនទ្រព្យមួយចំនួន។ ជនជាប់ចោទទាំងអស់បានបដិសេធនឹងការចោទប្រកាន់ទាំងនេះ។
រឿងចាប់ផ្ដើមកាលពីឆ្នាំ ២០១៣ នៅពេលដែល រដ្ឋលេខាធិការដ្ឋានបុរីវ៉ាទីកង់ បានសម្រេចចិត្តវិនិយោគ ប្រាក់២០០ លានអឺរ៉ូដំបូងក្នុងមូលនិធិមួយ ដែលគ្រប់គ្រងដោយពាណិជ្ជករអ៊ីតាលីម្នាក់ឈ្មោះ Raffaele Mincione ដោយថវិកាពាក់កណ្ដាលបានដាក់ចូលទៅក្នុងការវិនិយោគលើអគារមួយនៅទីក្រុងឡុងដ៍ និងពាក់កណ្ដាលទៀតដាក់នៅក្នុងការវិនិយោគផ្សេងទៀត។
រដ្ឋអាជ្ញាបាននិយាយថានៅឆ្នាំ ២០១៨ មូលនិធិគ្រប់គ្រងដោយលោក Mincione បានបាត់បង់ទឹកប្រាក់ចំនួន ១៨ លានអឺរ៉ូពីការវិនិយោគដើមរបស់បុរីងវ៉ាទីកង់ ដែលជំរុញឱ្យវ៉ាទីកង់ស្វែងរកយុទ្ធសាស្ត្រចាកចេញមួយ ដោយនៅតែរក្សាភាគហ៊ុនរបស់ខ្លួននៅក្នុងអគារនៅទីក្រុងឡុងដ៍។
នៅចុងឆ្នាំ ២០១៨ ជនជាប់ចោទសំខាន់ម្នាក់ក្នុងករណីនេះ គឺឈ្មួញកណ្ដាលជនជាតិអ៊ីតាលីម្នាក់ឈ្មោះ Gianluigi Torzi បានជួយរៀបចំឱ្យមានការទូទាត់ប្រាក់ចំនួន ៤០ លានអឺរ៉ូពីវ៉ាទីកង់ដល់ Mincione សម្រាប់ការទិញភាគហ៊ុននៃអគារនេះ ប៉ុន្តែរដ្ឋអាជ្ញាបាននិយាយថាលោក Torzi បានដាក់លក្ខខណ្ឌមួយក្នុងកិច្ចសន្យា ដែលផ្ដល់ការគ្រប់គ្រងភាគហ៊ុននេះទៅខ្លួនលោកផ្ទាល់ ហើយបានជំរិតប្រាក់១៥ លានអឺរ៉ូ (១៧,៨លានដុល្លារអាមេរិក) ពីបុរីវ៉ាទីកង់ចេញដើម្បីផ្ទេរកម្មសិទ្ធិភាគហ៊ុនលើអគារនេះ។
លោក Torzi បានបដិសេធការចោទប្រកាន់ ហើយបាននិយាយថាការចោទប្រកាន់នេះគឺបង្កដោយការយល់ច្រឡំ។ បច្ចុប្បន្ន គាត់កំពុងស្ថិតនៅក្នុងទីក្រុងឡុងដ៍ ដោយលោកត្រូវរង់ចាំការធ្វើបត្យាប័ន ដោយអាជ្ញាធរអ៊ីតាលី ដែលកំពុងរង់ចាំការកាត់ទោសលោកពីបទចោទប្រកាន់ពាក់ព័ន្ធទាំងឡាយ។
រីឯ Cardinal Giovanni Angelo Becciu ដែលជាអតីតបេក្ខជនស្នងតំណែងសម្ដេចប៉ាប និងជាអ្នករៀបចំផែនការវិនិយោគនេះកាលពីពេលដែលលោកដឹកនាំរដ្ឋលេខាធិការ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ថាបានជ្រៀតជ្រែកក្នុងការស៊ើបអង្កេត ដោយបានព្យាយាមធ្វើឱ្យសាក្សីម្នាក់ផ្លាស់ប្តូរចម្លើយរបស់គេ។ លោក Becciu បាននិយាយថាការចោទប្រកាន់ទៅលើលោកគឺ «ភាពមិនពិតទាំងស្រុង» និងបានថ្កោលទោស «ការវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយមិនធ្លាប់ពីមុនមក» ទៅលើរូបលោកក្នុងសារព័ត៌មានអ៊ីតាលី។
រឿងអាស្រូវ នេះបានបណ្ដាលឱ្យមានការថយចុះយ៉ាងខ្លាំង នៃការបរិច្ចាគប្រាក់នាឆ្នាំបន្តបន្ទាប់ហើយបានជំរុញឱ្យសម្ដេចប៉ាប Francis ធ្វើការដកការិយាល័យ ដែលមិនមានសមត្ថភាពគ្រប់គ្រងប្រាក់បានល្អដើម្បី ដោះស្រាយបញ្ហានេះ និងកុំឲ្យមហាជនបន្តរិះគន់លើតម្លាភាពនៃការគ្រប់គ្រងថវិការ។
ប្រភព៖
Vatican indicts 10 people for embezzlement, extortion, fraud
https://www.aljazeera.com/news/2021/7/3/vatican-indicts-10-people-for-embezzlement-extortion-fraud
EXPLAINER: Behind the Vatican’s London real estate scandal