រដ្ឋបាលខេត្តសៀមរាប ប្រារព្ឋពិធីអបអរសាទរ ទិវាអន្ដរជាតិនារី០៨ មិនា ខួបលើកទី១០៩ឆ្នាំ២០២០ក្រោមប្រធានបទ៖មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ

អត្ថបទដោយ៖
Kien Sereyvuth

នៅសាលមហោស្រពអាណាចក្រអង្គរខេត្តសៀមរាប នារសៀលថ្ងៃទីថ្ងៃទី៥ខែមីនាឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ឋទិវាអន្ដរជាតិនារី០៨ មិនា ខួបលើកទី១០៩ក្រោមប្រធានបទ៖មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា និង លោកជំទាវ ព្រមទាំងវត្តមាន បងប្អូននារីជាភរិយាថ្នាក់ដឹកនាំខេត្ត មន្ទីរ  និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន ពាណិជ្ជករ អង្គការដៃគូ សរុបប្រមាណជា៧០០នាក់ អញ្ជើញចូលរួម។

លោកស្រី ហិញ ហាច ប្រធានមន្ទីរកិច្ចការនារីខេត្ត មានប្រសាសន៍ថា៖ពិតណាស់ សង្គ្រាមបានផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ស្ត្រីនិងកុមារ សំណោកអតីតកាលនៅពាសពេញប្រទេស ដែលបន្សល់ទុកនូវជនពិការ ស្ត្រីម៉េម៉ាយ កុមារកំព្រា ភាពក្រលំបាកមាននៅគ្រប់ទីកន្លែង ដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះក្នុងនាមជាម្តាយ ជាថ្នាក់ដឹកនាំនិងស្ត្រីទូទាំងខេត្តសៀមរាបសូមគាំទ្រយ៉ាងពេញទំហឹងលើប្រធានបទ៖មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រដែលបន្តរំលេចពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព។ខេត្តសៀមរាបមានស្រ្តីចំនួន១១៦រូប បំរើការងារក្នុងមន្ទីរ អង្គភាពនានាជុំវិញខេត្ត ជារួមក្នុងខេត្តមានស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យនយោបាយមានចំនួន១៨០រូប ក្នុងនោះជាសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុងស្រុក ជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ជាជំទប់ ជាចៅសង្កាត់រង ជាដើម។

បន្ទាប់ពីលោកស្រីយូ សុភាអភិបាលរងខេត្តបានអាន នូវព្រះរាជសាររបស់សម្តេច ព្រះមហាក្សត្រីនរោត្តម មុនីនាថ ស៊ីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល ប្រទាន ជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០ រួចមក ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា៖ស្ត្រីបាន ដើរតួយ៉ាងសំខាន់ ក្នុងការលើកម្ពស់សេដ្ឋកិច្ច ការអប់រំនៅក្នុងក្រុមគ្រួសារ និង សង្គម។ទិវាអន្តរជាតិនារី៨មិនា គឺជាការលើកកម្ពស់សមភាពយេនឌ័រ ការគាំពារសង្គម និង ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលគ្រប់ក្រសួង ស្ថាប័ន កំពុងអនុវត្ត ដើមី្បប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រី និង យុវវ័យ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ជួយជម្រុញនូវកំណើនសេដ្ឋកិច្ច រក្សានូវ សន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខសង្គម និង លើកកម្ពស់សិទ្ធិសេចក្តីថ្លៃថ្នូរ និងសីលធម៌ផងដែរ ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍គាំទ្រទៅលើប្រធានបទ៖មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ពីព្រោះ   សន្តិភាព គឺជាធាតុដ៏សំខាន់ សម្រាប់ធានាចីរភាពនៃការអភិវឌ្ឍន៍ ជាក់ស្តែងបន្ទាប់ពីទទួលបាន នូវសុខសន្តិភាពពេញលេញនៅទូទំាងប្រទេស ដោយគោលនយោបាយ ឈ្នៈ ឈ្នៈ ដែលនាំមានការរីកចម្រើន ជឿនលឿនជាលំដាប់ ក្នុងខណៈប្រទេសកម្ពុជាសម្រេចបានក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងកែលំអជីវភាពរស់នៅរបស់ប្រជាជន។

ជាក់ស្តែងឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបាននូវកំណើនខ្ពស់ក្នុងអាត្រា ៧.១% ដែលគាំទ្រដោយកំណើនដ៏ល្អនៃវិស័យសេវាកម្ម និងកំណើនខ្ពស់នៃវិស័យឧស្សាហកម្ម ទោះបីជាវិស័យកសិកម្មមានកំណើនទាប តែកំណើននេះ ត្រូវបានជម្រុញដោយសន្តិភាព និងស្ថេរភាពនយោបាយ ដែលបានផ្តល់នូវទំនុកចិត្តដល់វិនិយោគិន ក្នុងប្រទេស និងក្រៅប្រទេស។

ឯកឧត្តម ទៀ សីហា បន្ថែមថា៖រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ មិនទុកនរណាម្នាក់ឱ្យនៅឯកា តាមរយៈការបន្តគាំទ្រទំាងផ្នែកហិរញ្ញវត្ថុ រួមនិងការដាក់ចេញនូវវិធានការជាវិជ្ជាមាននានា សំដៅសម្រេចឱ្យបាននូវគោលដៅរំពឹងទុក ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការខិតខំសម្រេចឱ្យបាននូវគោលដៅចំនួន ៣គឺៈ ការមិនទទួលបានសេវាពន្យាកំណើតតាមតម្រូវការ អត្រាមរណភាពមាតា និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ អំពើហិង្សាផ្លូវភេទ និងគ្រប់ទម្រង់នៃការរើសអើងលើស្រ្តី និងក្មេងស្រី។

ជាងនេះទៅទៀតត្រឹមឆ្នាំ២០១៥ ប្រទេសកម្ពុជា គឺជាប្រទេសតែមួយក្នុងចំណោមប្រទេសទំាង១០ប៉ុណ្ណោះក្នុងសកលលោក ដែលបានសម្រេចនូវ គោលដៅអភិវឌ្ឍន៍សហសវត្ស ទាក់ទងទៅនឹងការលើកកម្ពស់សុខភាពមាតា ការកាត់បន្ថយមរណភាពកុមារ និងការប្តេជ្ញាចិត្តឈានទៅអនុវត្តន៍ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនាឆ្នាំ២០៣០ ដើម្បីបង្កើននូវលក្ខខណ្ឌសមធម៌និងការទទួលស្គាល់សមភាព រវាងស្រ្តី និងបុរស ក្នុងគ្រប់ទិដ្ឋភាពទំាងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ព្រមទំាងសិទ្ធិក្នុងការចូលរួមចំណែក ដោយស្មើភាព និងដៃគូមិនអាចខ្វះបាន ជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមក៍បានថ្លែងកោតសសើរ ដល់មន្ទីរកិច្ចការនារីខេត្ត អង្គភាពពាក់ព័ន្ធ  ផ្នែកឯកជន និងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិទំាងអស់ ដែលបានរួមចំណែកគំាទ្រ ការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនារីរបស់ស្រ្តី និងសូមបន្តគំាទ្រ និងប្រែក្លាយខ្លឹមសារនៃប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ អោយទៅជាសកម្មភាពជាក់ស្តែង ដើម្បីកម្ពុជាប្រែក្លាយជាប្រទេសដែលមានខឿនសេដ្ឋកិច្ចរឹងមាំ មានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ភាពសុខដុមរម្យនាក្នុងសង្គម និងពង្រីកបាននូវលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៥០ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner