ស្លាប់ម្នាក់នៅនិងកន្លែង ខណៈ២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍!

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈ២នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានប្រជាពលរដ្ឋជួយដឹកយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព សែនរុងរឿង៣ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយខ្លួនឯង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១៥ រសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០ ត្រង់ចំណុចខាងកើតទីបញ្ជាការវរសេនាតូច៣៩១ ប្រហែល៧០០ម៉ែត្រ តាមបណ្តោយផ្លូវលំក្រាលគ្រោះក្រហម ស្ថិតក្នុងភូមិសែនរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍ហេតុ របស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំមរកត បានសរសេរបញ្ជាក់ថា ម៉ូតូបង្កម៉ាកសង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តមានជ័យ 1D 04.56 បើកបរដោយបុរសម្នាក់ឈ្មោះ ឃិន ខុង អាយុ២៥ឆ្នាំ មុខរបរជាងធ្វើផ្ទះ «រងរបួសធ្ងន់» ស្នាក់នៅបណ្ដោះអាសន្នភូមិរុងរឿង៣ ក្នុងទិសដៅពីលិចទៅកើត រួមដំណើរជាមួយដោយយុវជនម្នាក់ឈ្មោះ ភួយ ផាក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងធ្វើផ្ទះ«ស្លាប់» និងកុមាររ៉ាមា្នក់ទៀតមានឈ្មោះ ធួន ពិសាល អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុក «រងរបួសធ្ងន់» ទាំងបីនាក់ស្នាក់នៅបណ្ដោះអាសន្នជាមួយគ្នា នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំមរកត បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ហើយបានប្រគល់សព និងវត្ថុតាងដែលបង្កហេតុឲ្យទៅក្រុមគ្រួសារដឹកនាំយកទៅរក្សាទុក និងធ្វើបុណ្យឧទ្ទិសកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធ តាមបែបប្រពៃណីព្រះពុទ្ធសាសនា៕ សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner