អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារជំនាញវិស័យថ្នាក់ខេត្ត ដើម្បីចុះធ្វើការវាស់វែងនិងកំណត់ពីព្រំប្រទល់ នៃ តំបន់ប្រវត្តិសាស្ត្រ “យោធាតេជោ កូនភ្នំ៣២” ដែលស្ថិតនៅក្នុងស្រុកសំពៅលូន របស់ខេត្ត
តំបន់ប្រវត្តិសាស្ត្រយោធា”តេជោកូនភ្នំ៣២” ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសំពៅលូន របស់ ខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារថ្នាក់ខេត្តរួមនិងមន្រ្តីជំនាញសំខាន់ៗ បានចុះពិនិត្យមើលនូវទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង និងកំណត់អំពីព្រំប្រទល់ជាក់លាក់ នៃទីតាំង ដែលរាជរដ្ឋាភិបាលជម្រុញឲ្យរដ្ឋបាលខេត្ត ត្រូវរៀបចំនូវទីតាំងទាំងនេះ ឲ្យប្រែក្លាយទៅជាតំបន់ប្រវត្តិសាស្ត្រ “យោធាតេជោ កូនភ្នំ៣២”ដែលស្ថិតនៅភូមិកូនភ្នំខាងជើង និងខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីរៀបចំជាដីកម្មសិទ្ធិរបស់រដ្ឋ។ដោយមួយចំណែកបានមកពីការចូលរួមបរិច្ចាគរបស់ឯកឧត្តម នី កន ទីប្រឹក្សាក្រសួងការពារជាតិ និង លោក ទៀ ចាង តំណាងម្ចាស់ដីក្នុងការរៀបចំតំបន់នេះ ឱ្យក្លាយទៅជាតំបន់ប្រវត្តិសាស្ត្រយោធាមួយ ដែលមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នៅថ្ងៃខាងមុខដើម្បីបានចូលមកទស្សនាធ្វើការសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ និងដំណើរការឈានឆ្ពោះក្នុងការបញ្ចប់នូវសង្គ្រាមស៊ីវិលទាំងស្រុងលើផ្ទៃប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃនិងប៉ិនប្រសព្វ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញ នូវ គោលនយោបាយ ឈ្នះ ឈ្នះ និងតួអង្គសំខាន់ៗនៃប្រតិបត្តករ នៅក្នុងការចូលរួមនិងអនុវត្តផ្ទាល់នូវគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ រហូតធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពដ៏ពេញលេញបរិបូរណ៍ មកដល់ថ្ងៃនេះ។
តាមការគូសបញ្ជាក់ពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ក៏បានឲ្យដឹងផងដែរថា៖ក្នុងការចុះវាស់វែងកំណត់ព្រំប្រទល់នេះក៏មានការចូលរួមពីលោកឧត្តមសេនីយត្រី កែវ សេងលន មេបញ្ជាការ នៃ កងពលតូចថ្មើរជើងលេខ.៥៣ ព្រមទាំងវត្តមានអស់លោកមេបញ្ជាការកងឯកភាព និងបណ្តាមន្ទី អង្គភាពជំនាញពាក់ព័ន្ឋជាច្រើនទៀត។ជាពិសេស លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង និងមន្ត្រីជំនាញនៃមន្ទីរដ.ន.ស.ស.ខ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកស្តីទី លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលនិងមន្រ្តីជំនាញនៃរដ្ឋបាលស្រុកសំពៅលូន ហើយក្នុងនោះក៏មានការចូលរួមពីសប្បុរសជនដែលបានបរិច្ចាគដីមួយចំណែកប្រគល់ជូនទៅតំបន់ប្រវត្តិសាស្ត្រយោធានៅទីនោះនិងអ្នកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀតផងដែរ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ធ្លាប់បានអញ្ជើញចុះពិនិត្យទីតាំងតំបន់ប្រវត្តិសាស្ត្រ”យោធាតេជោកូនភ្នំ៣២” ហើយក៏បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង រួមនិងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុកសំពៅលូន ដើម្បីសហការជាមួយនិងយោធភូមិភាគទី៥,កងពលតូចថ្មើរជើលេខ៥៣,កងឯកភាពមានការពាក់ព័ន្ឋត្រូវរៀបចំតំបន់នេះឱ្យប្រែក្លាយទីជាតំបន់ប្រវត្តិសាស្ត្រយោធាដែលមានទំហំផ្ទៃដីសមស្របនិងស្នើម្ចាស់ដីមានការពាក់ព័ន្ឋជាប់នឹងព្រំប្រទល់ដីតំបន់ប្រវត្តិសាស្ត្រយោធាដើម្បីចូលរួមបរិច្ចាគដីមួយចំណែកជូនរដ្ឋ និង ដើម្បីពង្រីកទំហំផ្ទៃដីទីតាំងនេះ បានធំទូលំទូលាយនិងស័ក្តិសមជាតំបន់ប្រវត្តិសាស្ត្រយោធាប្រកបដោយសក្តានុពលទៅអនាគតខាងមុខនេះ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )