ប្រធានក្រុមប្រឹក្សាស្រុកសង្គមថ្មី និងប្រជាពលរដ្ឋ បានរួមគ្នាជាកម្លាំង ក្នុងការសាងសង់ស្ពានសហគមន៍មួយនៅក្នុងមូលដ្ឋាន ដើម្បីតភ្ជាប់ដង្ហើមសេដ្ឋកិច្ចគ្រួសារ នាំកសិផលនានា ទៅកាន់ទីផ្សារខេត្តព្រះវិហារ !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ ស្ពានសហគមន៍មួយ ដែលសាងសង់ឡើងអំពីឈើ ឆ្លងកាត់អូរមួយកន្លែង នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ក្នុងមូលដ្ឋានរស់នៅរបស់ប្រជាសហគមន៍ ត្រូវបានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញហើយ ក្រោយរងការខូចខាត ដោយភ្លើងព្រៃឆេះបំផ្លាញអស់ នាពេលកន្លងមក។

នៅថ្ងៃទី៤មីនាឆ្នាំ២០២០ ប្រធានក្រុមប្រឹក្សាស្រុកសង្គមថ្មី បានដឹកនាំមន្ត្រីក្រោមឧិវាទ រួមនឹងប្រជាពលរដ្ឋដ៏ច្រើនកុះករ ចុះសាងសង់ស្ពានសហគមន៍មួយ ស្ថិតនៅក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រធានក្រុមប្រឹក្សាស្រុកសង្គមថ្មី លោក វ៉ា សេតថា ត្រូវបានប្រភពដកស្រង់សម្តីលោកថា នៅក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមក និងនៅក្នុងថ្ងៃនេះ លោកបានដឹកនាំមន្ត្រីក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ចុះសាងសង់ស្ពានឆ្លងកាត់អូរមួយកន្លែង ដែលស្ពាននោះសាងសង់អំពីឈើ និងក្រាលក្តា ក្រោយរងការខូចខាតដោយសារភ្លើងព្រៃឆេះ ក្នុងពេលថ្មីៗកន្លងទៅនេះ។

ប្រភពដកស្រង់សម្តីដដែលបានបន្តថា ដោយមើលឃើញពីការលំបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅកាន់មណ្ឌលសុខភាព ទៅកាន់ទីផ្សារ សិស្សានុសិស្សទៅកាន់សាលារៀន ពិសេស ស្ត្រីមានផ្ទៃពោះទៅរកសេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ និងការដឹកជញ្ជូនកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំក្នុងស្រុក និងក្នុងខេត្ត របស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរស្រុក ក្រុមប្រឹក្សាស្រុក បានចាប់ដៃគ្នាជាមួយប្រជាពលរដ្ឋ សាងសង់ស្ពាននេះឡើងវិញ ហើយរហូតមកដល់ពេលនេះ ស្ពានឈើមួយនេះ សម្រេចលើការសាងសង់បានប្រមាណជា ៨០ភាគរយនោះហើយ នៅសល់តែប្រមាណជា ២០ភាគរយ ទៀតប៉ុណ្ណោះ គម្រោងសាងសង់ស្ពានសហគមន៍នេះ នឹងត្រូវសាងសង់រួចរាល់ នៅក្នុងចុងសប្តាហ៍នេះហើយ។

លោកប្រធានក្រុមប្រឹក្សាស្រុក បានអំពាវនាវដល់សប្បុរសជននានា ជួយជាថវិកា ដើម្បីគាំទ្រដល់ដំណើរការ នៃការសាងសង់ស្ពាននេះឲ្យសម្រេចបាន១០០ភាគរយ ព្រោះត្បិតពេលនេះ នៅមានការខ្វះខាតសម្ភារៈមួយចំនួន ដូចជា ដែកគោល ប៊ូឡុង និងថវិកា សម្រាប់ការហូបចុករបស់បងប្អូនប្រជាពលរដ្ឋ ដែលចុះជួយសាងសង់ស្ពាននេះ ប្រមាណជា ២លានរៀលទៀត ទើបបញ្ចប់ នូវការសាងសង់ ប្រកបដោយជោគជ័យ សម្រាប់បម្រើឲ្យការធ្វើដំណើរ និងការតភ្ជាប់ដង្ហើមសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ដាច់ស្រយាលមួយនេះ៕ធ.ស

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner