អ៊ីស្រាអែលកំពុងចរចាផ្គត់ផ្គង់វ៉ាក់សាំង Pfizer នៅសល់ទៅប្រទេសផ្សេងៗ
សុខ វេងឈាង
កាលពីថ្ងៃអាទិត្យនេះ មន្ត្រីអ៊ីស្រាអែលបាននិយាយថាពួកគេកំពុងចរចាជាមួយប្រទេសមួយចំនួន ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ផលិតក្រុមហ៊ុន Pfizer និង BioNTech ដែលពួកគេនៅសល់ ហើយនឹងត្រូវផុតកំណត់នៅចុងខែនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Nafteli Bennett បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla ដើម្បីពិភាក្សាការបញ្ជាទិញវ៉ាក់សាំងបន្ថែមសម្រាប់អ៊ីស្រាអែល ហើយលើផែនការដោះដូរវ៉ាក់សាំងនៅសល់ជាមួយប្រទេសដទៃទៀត ប៉ុន្តែមិនបានបញ្ជាក់ពីអត្តសញ្ញាណប្រទេសទាំងនេះទេ។
លោក Bennett បាននិយាយថា៖ «ការទាក់ទងនានាកំពុងត្រូវបានដោះស្រាយដោយក្រសួងសុខាភិបាល ក្រសួងការបរទេស និងក្រុមប្រឹក្សាសន្តិសុខជាតិ»។
អគ្គនាយកក្រសួងសុខាភិបាលអ៊ីស្រាអែលលោក Hezi Levi បាននិយាយថាវ៉ាក់សាំងនៅសល់ទាំងនេះនឹងផុតកំណត់នៅថ្ងៃទី៣១ កក្កដា ហើយការដោះដូរណាមួយត្រូវការការអនុម័តដោយក្រុមហ៊ុន Pfizer។ លោកមិនបានបញ្ជាក់ពីចំនួនដូសដែលគ្រោងដោះដូរទេ ហើយក៏មិនបានបញ្ជាក់ពីអត្តសញ្ញាណនៃប្រទេសដែលអ៊ីស្រាអែលកំពុងចរចាជាមួយនោះដែរ។ ប៉ុន្តែលោកថាអ៊ីស្រាអែលធ្លាប់ចរចាជាមួយអង់គ្លេសហើយមិនបានសម្រេច។
កាលពីខែមុន ប៉ាឡេស្ទីនបានបដិសេធមិនទទួលវ៉ាក់សាំងចំនួន ១ លានពីអ៊ីស្រាអែល ដោយលើកឡើងថាវ៉ាក់សាំងទាំងនេះគឺជិតផុតកំណត់ទៅហើយ។
