វេណេហ្ស៊ុយអេឡា​ដាក់​ឱសានវាទ​ទៅ​កាន់ COVAX ឱ្យ​ដឹក​ជញ្ជូន​វ៉ាក់សាំង​កូវីដ​មក​ត្រឹម​សប្ដាហ៍​នេះ

ហ៊ីម រដ្ឋា

លោក Nicolas Maduro ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា​បាន​ដាក់​ឱសានវាទ​ទៅ​កាន់​យន្តការ​ COVAX ដែល​ជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍ​ ឱ្យ​បញ្ជូន​វ៉ាក់សាំង​កូវីដ១៩​មក​កាន់​ប្រទេស​របស់​លោក​ត្រឹម​សប្ដាហ៍​នេះ នេះ​បើ​តាម​សុន្ទរកថា​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​ទូរទស្សន៍​វេណេហ្ស៊ុយអេឡា​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។

វេណេហ្ស៊ុយអេឡា​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១២០​លាន​ដុល្លារ ដើម្បី​​ទិញ​វ៉ាក់សាំង​ចំនួន ១១លាន​ដូស​ពី​យន្តការ​ COVAX។ គេ​មិន​ច្បាស់​ថា យន្តការ​នេះ​នឹង​ផ្ដល់​វ៉ាក់សាំង​ប្រភេទ​ណា​មក​វេណេហ្ស៊ុយអេឡា​នោះ​ទេ តែ​កន្លង​មក​លោក Maduro បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​វ៉ាក់សាំង​អាមេរិក Johnson & Johnson និង​ Novavax។

យោង​តាម​ប្រភព​របស់​មន្ត្រី​របស់​វេណេហ្ស៊ុយអេឡា​​បាន​ឲ្យ​ដឹង​ថា ប្រទេស​អាមេរិក​ខាង​ត្បូង​មួយ​នេះ​មាន​សមត្ថភាព​បង់​ប្រាក់​ទាំង​ស្រុង​ទៅ​ឱ្យ​ COVAX ប៉ុន្តែ​ទឹកប្រាក់​ប្រមាណ ១០លាន​ដុល្លារ​ត្រូវ​បាន​ធនាគារ​ស្វីស​ UBS រារាំង​មិន​ឲ្យ​ផ្ទេរ​ទៅ​កាន់​ COVAX។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក​ Maduro បាន​លើកឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា «បើ COVAX មិន​ផ្ដល់​វ៉ាក់សាំង​តាម​ឱសានវាទ​នោះ​ទេ នោះ​ពួក​គេ​ត្រូវ​តែ​ឱ្យ​លុយ​មក​យើង​វិញ​»។

វេណេហ្ស៊ុយអេឡា​កំពុង​តែ​ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ក្នុង​ស្រុក​រាប់​ឆ្នាំ​មក​ហើយ។ រដ្ឋាភិបាល​របស់​លោក Maduro មិន​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច​ទទួល​ស្គាល់​នោះ​ទេ ហើយ​ថែម​ទាំង​រង​ទណ្ឌកម្ម​នានា​ផង​ដែរ។ ប្រទេស​លោក​ខាង​លិច​បាន​ទទួល​ស្គាល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Juan Guaido ជា​ប្រធានាធិបតី​នៃ​ប្រទេស​ចាប់​ពី​ឆ្នាំ២០១៩​មក៕

ប្រភព៖

Venezuela to give COVAX ultimatum to ship vaccines

https://www.reuters.com/world/americas/venezuela-give-covax-ultimatum-ship-vaccines-2021-07-05/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner