លោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតក្នុងខេត្តប៉ៃលិន ទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីក្រុមការងាររបស់មូលនិធិចាស់ជរា

ប៉ៃលិន៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងមណ្ឌលប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិនអមដំណើរដោយក្រុមការងារ កាលពីថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ។

ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងមណ្ឌលប៉ៃលិន បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ បានស្រីមុំ ប្រធានមូលនិធិចាស់ជរាខេត្តប៉ៃលិន និងឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលលោកជំទាវ និងឯកឧត្តម តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

ឯកឧត្តម សៅ សារ៉ាត់ បានលើកឡើងថា មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយ ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជា ការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយ លោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។

ឯកឧត្តមក៍បានអំពាវនាវដល់ ដល់លោកយាយំ លោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ ការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសបងប្អូនពលករដែលទើបត្រលប់ មកពី ក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ និងមិត្តភ័ក្តិរយ:ពេល ១៤ថ្ងៃសិន។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនីធីចាស់ជរានាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានមូលនីធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូស្រាលមួយកម្រឹតផងដែរ។

សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយ លោកតានៅការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦៦នាក់ដោយ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner