ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំណែនាំការងារមួយចំនួន និងពង្រឹងវិន័យគ្រូបន្តវេននៃបណ្ឌិត្យសភានគរបាលកម្ពុជា
ដីឥដ្ឋ ៖ នៅរសៀល ថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំ ណែនាំការងារមួយចំនួន និងពង្រឹងវិន័យដល់គ្រូបន្តវេនចំនួន៣៣រូប តាមប្រព័ន្ធអនឡាញហ្សូម(Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម បានមានមតិស្វាគមន៍ដល់គ្រូបន្តវេន ណែនាំឲ្យគ្រូបន្តវេនទាំងអស់ពង្រឹងសមត្ថភាព និងត្រៀមរៀបចំខ្លួនដើម្បីឡើងបង្ហាត់បង្រៀននាពេលខាងមុខនេះ និងសូមឲ្យគ្រូបន្តវេនទាំងអស់ខិតខំស្រាវជ្រាវឯកសារថ្មីៗដែលទាក់ទងក្នុងការបង្ហាត់បង្រៀននិង ដើម្បីពង្រឹងនូវសមត្ថភាពផ្ទាល់ខ្លួនផងដែរ។ លើសពីនេះទៀត ឯកឧត្តមប្រធានអង្គប្រជុំក៏បានផ្តោតលើការពង្រឹងវិន័យ គោរពក្រមសីលធម៌របស់កងកម្លាំងនគរបាលជាតិ ជាពិសេសប្អូនៗជាគ្រូនគរបាលជាតិត្រូវប្រុងប្រយត្នឲ្យបានខ្ពស់ក្នុងនាមយើងជាគ្រូនគរបាលជាតិ។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឲ្យប្អូនៗជាគ្រូបន្តវេនត្រូវគោរពវិន័យ ខិតខំបំពេញភារកិច្ច និងជួយការងាររបស់អាសនៈ ក៏ដូចជាការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។ ឯកឧត្តមសង្ឃឹមនិងជឿជាក់លើគ្រូបន្តវេនទាំងអស់និងខិតខំបំពេញភារកិច្ច ស្រាវជ្រាវបំពេញបន្ថែមនូវសមត្ថភាព ហើយត្រូវគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ៕ដោយ -រ៉ាវុធ



