រន្ទះបាញ់ស្ត្រីម្នាក់ស្លាប់ ពីរនាក់រងរបួស និងផ្ទះប្រជាពលរដ្ឋជាង ១០០ខ្នង បានរងការខូចខាត ដោយសារភ្លៀងផ្គរលាយឡំខ្យល់កន្ត្រាក់ នៅក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ស្ត្រីវ័យជាង ៤០ឆ្នាំម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ និង ២នាក់ទៀតរងរបួសស្រាល នៅក្នុងហេតុការគ្រោះធម្មជាតិ រន្ទះបាញ់ និងផ្ទះប្រជាពលរដ្ឋប្រមាណ ១០១ខ្នង បានរងការខូចខាតដោយសារភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ បានបោកបក់មកខ្លាំង កាលពីម៉ោង៥ និង៣៧នាទីល្ងាច ថ្ងៃទី៥កក្កដាឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មន្ត្រីនគរបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា នៅម៉ោងជាង ៥ល្ងាចម្សិលមិញនោះ ពិតជាមានខ្យល់បានបក់បោកចុះមកយ៉ាងខ្លាំង ទៅលើឃុំ ៣ ក្នុងស្រុកកំពង់ស្វាយ គឺ ឃុំកំពង់ស្វាយ ឃុំត្រពាំងឬស្សី និងឃុំសាន់គរ ជាមួយនឹងរបាយទឹកភ្លៀង មានផ្គរ និងរន្ទះបានបាញ់ផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងឃុំកំពង់ស្វាយ បានធ្វើឲ្យស្ត្រីម្នាក់ស្លាប់ មនុស្ស២នាក់ទៀតរងរបួស និងបង្កការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ប្រមាណ ១០១ខ្នង ផងដែរ។

មន្ត្រីនគរបាលដដែលបានបន្តថា ស្ត្រីដែលបានស្លាប់ដោយសាររន្ទះបាញ់ នៅក្នុងពេលនោះ ឈ្មោះ ញឹប ហ៊ីន អាយុ៤១ឆ្នាំ រស់ក្នុងនៅភូមិឥន្តកុមារ ស្រុកកំពង់ស្វាយ និង ២នាក់ទៀត បានរងរបួសស្រាល រស់នៅក្នុងឃុំសានគរ ក្រៅពីមនុស្ស ២នាក់រងរបួស ឃុំសានគរ ក៏មានខ្យល់កន្ត្រាក់បានធ្វើឲ្យប៉ះពាល់ភូមិចំនួន២ គឺ ភូមិស្លែងខ្ពស់ រលំផ្ទះទាំងស្រុង ៣ខ្នង របើកដំបូល និងខូចខាតមធ្យម ៤៧ខ្នង និងភូមិជ័យ រលំរោងម៉ាស៊ីនតុទូរទំហំ ១០ម៉ែត្រ X១៥ម៉ែត្រ ១ខ្នង របើកដំបូល និងខូចខាតមធ្យម ៤៩ខ្នង។

ដោយឡែក នៅក្នុងឃុំត្រពាំងឬស្សីនោះវិញ មានដើមក្រឡាញ់ ១ដើមបានរលំសង្កត់អគារអធិការដ្ឋាន ចំជ្រុង១ នៃអធិការដ្ឋាន ផងដែរ។ លោកបានបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់នេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋទាំងអស់សរុប ១០១ខ្នង ក្នុងនោះរលំទាំងស្រុងមានចំនួន ៤ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៤៩ខ្នង ស្លាប់ស្ត្រីម្នាក់ និងស្ត្រី២នាក់ទៀត បានរងរបួសស្រាល ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner