ឯកឧត្តម វ៉ាត់ ចំរើន យកវិបត្តិ អោយក្លាយឪកាស ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម វៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ហៅកាត់ថា Camsoc នាព្រឹកមិញនេះ បានបើកកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ Camsoc ស្តីពីរបាយការណ៍វឌ្ឍនភាពការងារគណៈកម្មការកីឡា និងបទបញ្ញត្តិ និងការអភិវឌ្ឍគុណផលកីឡាតាមប្រព័ន្ធហ្សូម ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ Camsoc នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានថ្លែងថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការត្រៀមខ្លួនរបស់សហព័ន្ធកីឡាជាតិ ជាពិសេសផែនការអភិវឌ្ឍការហ្វឹកហាត់កីឡាជំនាញកម្រិតខ្ពស់ សម្រាប់កីឡាករ កីឡាការិនី ប្រមូលផ្តុំហ្វឹកហាត់បង្កើនសិទ្ធផលឲ្យកាន់តែមានកម្រិតខ្ពស់មួយ ធានាឲ្យបានសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បណ្ឌិត ថោង ខុន បានណែនាំធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលពាក់ព័ន្ធចំពោះការហ្វឹកហាត់ទាំងក្នុងស្រុក និងក្រៅប្រទេស ដូចជាការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេលយូរ ត្រៀម ឆ្នាំ២០២៣ ពិសេស គឺយុទ្ធសាស្រ្តជម្រុញវាយតម្លៃតាមដានកីឡាករ កីឡាការិនីដែលមានឈាមជ័រ នៅក្រៅប្រទេសឲ្យមានភាពស៊ីចង្វាក់គ្នា និងការហ្វឹកហាត់នៅក្នុងស្រុកដែរ ។

ឯកឧត្តម បានពន្យល់ថា ក្នុងស្ថានភាពនេះ យើងមិនអាចពន្យាពេលការហ្វឹកហាត់របស់កីឡាករ កីឡាការិនីបានទេ គឺត្រូវប្រមូលផ្តុំហ្វឹកហាត់ ព្រោះការហ្វឹកហាត់នៅតាមផ្ទះ មិនអាចធ្វើឲ្យរីកចំរើនសមត្ថភាពបានឡើយ គ្រាន់តែជាការក្សានូវគុណភាពកម្លាំងប៉ុណ្ណោះ ។ ដូច្នោះយើងត្រូវឆ្លៀតយកវិបត្តិជំងឺកូវីដ-១៩ អោយក្លាយជាឪកាសហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេមវៀតណាម និង ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដើម្បីទទួលបានមេដាយឆ្លើយតបតាមផែនការរាជរដ្ឋាភិបាល ។


សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ថោង ខុន ធ្វើឡើងតាមប្រព័ន្ធហ្សូម មានការចូលរួមពីសហព័ន្ធកីឡាជាតិ និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីបង្ហាញពីផែនការប្រមូលផ្តុំការហ្វឹកហាត់ឡើងវិញនៅក្នុងស្រុក និងការត្រៀមខ្លួនបញ្ជូនអត្តពលិក តាមសហព័ន្ធទៅហ្វឹកហាត់បង្កើនសមត្ថភាពនៅក្រៅប្រទេស ៕
