មេដឹកនាំចិន បារាំង និងអាល្លឺម៉ង់ បានគាំទ្រឱ្យមានការអនុម័តកិច្ចព្រមព្រៀងវិនិយោគរវាងចិន និងអឺរ៉ុបក្នុងពេលឆាប់ៗនេះ
មេដឹកនាំចិន បារាំង និងអាល្លឺម៉ង់ បានគាំទ្រឱ្យមានការអនុម័តកិច្ចព្រមព្រៀងវិនិយោគរវាងចិន និងអឺរ៉ុបក្នុងពេលឆាប់ៗនេះ បើទោះបីជាមិនទទួលបានការគាំទ្រនៅក្នុងសហភាពអឺរ៉ុបទាំងមូលក៏ដោយ។ នេះបើតាម SCMP ចុះផ្សាយថ្ងៃទី៥ កក្កដា។
កិច្ចព្រមព្រៀងវិនិយោគនេះ ត្រូវបានរាំងស្ទះដោយការបោះឆ្នោតរបស់សមាជិកសភាអឺរ៉ុបភាគច្រើន ដែលនេះជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មសងសឹករបស់ចិនទៅលើមន្រ្តីរបស់អឺរ៉ុបមួយចំនួន។
ការអំពាវនាវឱ្យមានកិច្ចព្រមព្រៀងនេះ ធ្វើឡើងខណៈដែលទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចិនកាន់តែមានសភាពតានតឹងឡើងៗ ទន្ទឹមនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកំណត់ត្រាសិទ្ធិមនុស្សនៅចិន និងការអនុវត្តសេដ្ឋកិច្ចបែបបង្ខិតបង្ខំដែលរំលងស្ថាប័នក្រុង Brussel និងប្រទេសជាសមាជិក។
កន្លងមក សហភាពអឺរ៉ុប រួមទាំងសមាជិក G7 បានទទូចដល់ប្រទេសចិនឱ្យគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាននៅក្នុងទីក្រុងហុងកុង និងខេត្តស៊ីនជាំង ហើយក៏បានសម្តែងការព្រួយបារម្ភលើស្ថានភាពរបស់កោះតៃវ៉ាន់ផងដែរ។

ប្រភព៖ SCMP