ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តឧត្តរមានជ័យ៖ គណៈប្រតិភូយោធាជាន់ខ្ពស់ នៃក្រសួងការពារជាតិកម្ពុជា ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីសាកសួរសុខទុក្ខដល់កងទ័ព និងកងនគរបាលជាតិ ដែលកំពុងឈរជើងការពារទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន នៃទិសទី២ និងទិសទី៣ នៅក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ និងទិសទី១ ប្រាសាទព្រះវិហារ ដែលស្ថិតនៅភាគឧត្តរប្រទេសកម្ពុជា។

នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែន នៃអង្គភាពកងពលតូចថ្មើរជើង លេខ៤១ កាលពីថ្ងៃទី៣មីនាឆ្នាំ២០២០នោះ ក្រៅពីជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់យុទ្ធជន និងយុទ្ធនារី ដែលជាកងទ័ព និងកងនគរបាលជាតិ ស្ថិតនៅលើខ្សែត្រៀមជួរមុខនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអញ្ជើញ ពិនិត្យស្ថានការណ៍សន្តិសុខ ព្រំដែន ថែមទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែង ពាំនាំប្រសាសន៍ ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាល ជូនចំពោះកងទ័ព និងកងនគរបាលជាតិ ដែលកំពុងជាប់ភារកិច្ចការពារព្រំដែនជួរមុខ នៃទិសទី២ និងទិសទី៣ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ និងដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានចូលមកដល់ នាពេលខាងមុខនេះ។

នាយឧត្តមសេនីយ៍ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រមុខការពារជាតិកម្ពុជា លោកតែងបានយកចិត្តទុកដាក់ខ្ពស់ នៅក្នុងការចិញ្ចឹម បីបាច់ថែក្សា ការពារជាប្រចាំ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញបេសកកម្ម ការពារបូរណភាពទឹកដី និងភាពសុខសាន្តជូនប្រជាជន។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជាប្រមុខ សម្តេចបានដឹកនាំនាវាកម្ពុជា នាំឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍន៍។

ដូច្នេះ យើងទាំងអស់គ្នា ជាកងកម្លាំងប្រដាប់អាវុធ ដែលស្ថិតនៅជួរមុខ និងនៅជួរក្រោយទាំងអស់ សូមអរគុណ សន្តិភាព អរគុណ នយោបាយឈ្នះឈ្នះ និងដឹងគុណជានិច្ច ចំពោះស្ថាបនិក និងប្រតិបត្តិករនយោបាយ ហើយយើងទាំងអស់គ្នាជាកងទ័ព សូមប្តេជ្ញាការពាររាជបល័ង្គ ការពាររដ្ឋធម្មនុញ្ញ និងការពារឲ្យបានដាច់ខាត រាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ព្រមទាំងប្តេជ្ញា ការពាររាល់សមិទ្ធិផលទាំងឡាយ មិនឲ្យសត្រូវមកបំផ្លិចបំផ្លាញ បានឡើយ។

ដោយឡែក នៅក្នុងខេត្តព្រះវិហារ ជាប់ព្រំដែនប្រទេសថៃ និងឡាវ នោះវិញ នៅថ្ងៃទី៣មីនាឆ្នាំ២០២០ ដដែលនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលមានការអមដំណើរ ដោយ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប និងអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា  បានអញ្ជើញចុះពិនិត្យ ស្ថានការណ៍សន្តិសុខ ជួបសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើង បំពេញបេសកកម្មការពារបូរណភាពទឹកដី និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ នៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ ក្នុងទិសទី១ ប្រាសាទព្រះវិហារ នៃយោធភូមិភាគទី៤ នៅទីបញ្ជាការដ្ឋានអង្គរក្សជួរមុខ ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីក្នុងកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចបម្រើជាតិ ប្រកបដោយភាពអង់អាចក្លាហាន និងមានកិច្ចសហការគ្នាល្អ រវាងថ្នាក់ដឹកនាំគ្រប់អង្គភាព នៃកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដី នៅក្នុងភូមិសាស្ត្រតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារនេះ។

នាយឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា ក្នុងរយៈកាលកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ បានពុះពារគ្រប់ការលំបាក ក្នុងការកសាង នូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពខ្លួនផ្ទាល់ផង និងសម្រាប់ប្រយោជន៍ជាតិផង រហូតមានការរីកចម្រើន ពិសេស បានយកចិត្តទុកដាក់ពង្រឹង សន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ការកសាងបន្ទាត់ព្រំដែនមួយ ធ្វើឲ្យមានសន្តិសុខ សន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ប្រែក្លាយពីតំបន់ព្រំដែន ដែលធ្លាប់តែឮស្នូរគ្រាប់កាំភ្លើង មកជាតំបន់ដែលឮសូរស័ព្ទដោយធ៌ម និងបទចម្រៀងសប្បាយយ៉ាងខ្ញាវខ្ញា គួរជាទីមោទនភាពយ៉ាងក្រៃលែង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍ ក្រើនរំលឹកដល់ពលទាហាន នាយទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងបំពេញបេសកកម្ម ការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ ក្នុងទិសទី១ ប្រាសាទព្រះវិហារ ទាំងអស់ ត្រូវបន្តខិតខំថែរក្សាគំរូវីរភាព ដ៏អង់អាចក្លាហាន វីរៈយុទ្ធជន និងយុទ្ធនារី ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុតស៊ូរំដោះជាតិ ប្រជាជន នាពេលកន្លងមក និងសូមអោយនៅតែមានស្មារតីគាំទ្រជានិច្ច ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ សែន ជានាយករដ្ឋមន្ត្រី ហើយត្រូវតែការពារឲ្យបានដាច់ខាត នូវ សុខសន្តិភាព ជាមរតកដ៏មានតម្លៃ ដែលបានមកពីការខិតខំប្រឹងប្រែង របស់សម្តេចតេជោ សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជារៀងរហូត « អរគុណសន្តិភាព»៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner