អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌអញ្ជើញធ្វើបឋកថា ចែករំលែកបទពិសោធន៍ការងារជាក់ស្តែងនិតិវិធីព្រហ្មទណ្ឌជូនដល់និស្សិតសិក្ខាកាមនគរបាលជាតិកម្ពុជា១៤នាក់ដែលរៀននៅមហាវិទ្យាល័យតម្រួតប្រជាជនវៀតណាម
ភ្នំពេញ៖ លោកឧត្តម សេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការអញ្ចើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ខែមីនា ឆ្នាំ២០២០ បានអញ្ជើញធ្វើបឋកថា ចែករំលែកបទពិសោធន៍ការងារជាក់ស្តែងនីតិវិធី ព្រហ្មទណ្ឌជូនដល់និស្សិតសិក្ខាកាមនគរបាលជាតិកម្ពុជា១៤នាក់ រៀននៅមហាវិទ្យាល័យតម្រួតប្រជាជនវៀតណាមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលកំពុងបំពេញទស្សនៈកិច្ចសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ការងារនៅអធិការដ្ឋាននគរបាលខណ្ឌទាំង១៤នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើនិក្ខេបបទបញ្ចប់វគ្គសិក្សារយៈពេល៥ឆ្នាំ។

លោកឧត្តម សេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្នុងឱកាសនោះក៏បានលើកឡើងជាបទបញ្ហាញនូវពិសោធន៍ការងារនីតិវិធីព្រហ្មទណ្ឌ មួយចំនួនជូនដល់និស្សិតសិក្ខាកាមដូចជាៈនីតិវិធីកសាងសំណុំរឿងឱ្យបានរឹងមាំបញ្ជូនជនសង្ស័យដែលបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌទៅតុលាការ។នីតិវិធីស្រាវជ្រាវស៊ើបអង្កេតកន្លែងកើតហេតុ ដើម្បីស្វែងរកវត្ថុតាង។នីតិវិធីគ្រប់គ្រងមុខសញ្ញាជនសង្ស័យនិងបានធ្វើបទបង្ហាញនីតិវិធីព្រហ្មទណ្ឌមួយចំនួនទៀតចែករំលែកទៅដល់និស្សិតសិក្ខាកាមទាំង១៤នាក់ដើម្បីទទួលបានចំណេះដឹងបន្ថែមជំនួយលើការងារសរសេរនិក្ខេបបទនិងសម្រាប់យកទៅអនុវត្តការងារក្រោយសិក្ខាកាមបញ្ចប់ការសិក្សាហើយវិលត្រឡប់ទៅបំរើ ការងារនៅតាមអង្គភាពរៀងខ្លួនៗ។

សូមរំលឹកថានិស្សិតសិក្ខាកាមនគរបាលជាតិកម្ពុជា១៤រូបដែលរៀនជំនាញតម្រួតស្រាវជ្រាវនៅក្នុងមហាវិទ្យាល័យតម្រួតប្រជាជនវៀតណាមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញមកបំពេញទស្សនៈកិច្ចសិក្សាស្រាវជ្រាវអនុវត្តការងារជាក់ស្តែងដើម្បីដកស្រង់បទពិសោធន៍ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈកិច្ចសិក្សានោះមានរយៈពេល៣ខែ៕
ដោយ៖សំ វិច្ឆិកា

