នគរបាលបញ្ជូនសំណុំរឿងផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅហ៊ុន ប៊ុនស្រ៊ី) យក ឈ្មោះថ្នាក់ដឹកនាំដើរបោកលុយ ពល រដ្ឋ ទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ សំណុំរឿងដែលពលរដ្ឋ២ នាក់ ប្តឹងលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅហ៊ុន ប៊ុនស្រ៊ី) ពីបទរំលោភលើទំនុកចិត្ត ក្នុងអំពើឆបោកប្រាក់អស់រាប់ពាន់ដុល្លារ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានកសាងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើយោងតាមការបញ្ជាក់ពីប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកអង្គស្នួល។ មន្ត្រីដដែលបានប្រាប់នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះថា នគរបាលជំនាញបានកសាងសំណុំរឿងរបស់លោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅហ៊ុន ប៊ុនស្រ៊ី) និងបញ្ជូនទៅកាន់តុលាការ ក្រោមការសន្និដ្ឋានចោទ ប្រកាន់ ពីបទរំលោភលើទំនុកចិត្ត។

លោកប្រធានផ្នែកព្រហ្មទណ្ឌរូបនេះ បន្ថែមថា សមត្ថកិច្ចបានសម្រេចបញ្ជូនសំណុំរឿងនេះទៅតុលាការ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីនគរបាលកោះហៅលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រុី) ឲ្យចូលឆ្លើយបំភ្លឺតាមការប្តឹងរបស់ពលរដ្ឋរងគ្រោះ ប៉ុន្តែជននេះមិនព្រមចូលដោយឲ្យឈ្មោះ ជា គឹមសេន ទាក់ទងទៅសមត្ថកិច្ច និងអះអាងថា ខ្លួន(ឡេង ប៊ុនស្រ៊ី ហៅ ហ៊ុន ប៊ុនស្រ៊ី) មិនបានដឹងអ្វីទាំងអស់។ បើតាមការអះអាងរបស់សមត្ថកិច្ច មានជនរងគ្រោះជាដើមបណ្តឹងចំនួន២នាក់ ដែលបានដាក់ពាក្យប្តឹងលោកផ្កាយ៣ ឡេង ប៊ុនស៊្រី (ហៅហ៊ុន ប៊ុនស្រ៊ី) ពីបទរំលោភលើទំនុកចិត្ត។

ជនរងគ្រោះទី១. ឈ្មោះ ម៉ាប់ វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីអំឡុងដើមឆ្នាំ២០១៩ បានចាញ់បោកលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅហ៊ុន ប៊ុនស្រ៊ី) ចំនួន៣,៥០០ដុល្លារ ក្នុងករណីរត់ការចូលធ្វើជាទាហាន ប៉ុន្តែមិនបានសម្រេច។

ចំណែកជនរងគ្រោះទី២. ឈ្មោះ លាស់ សុខខេន ភេទស្រី មានទីលំនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីអំឡុងពាក់ក ណ្តាលឆ្នាំ២០១៩ បានចាញ់បោកលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅហ៊ុន ប៊ុនស្រ៊ី) ចំនួន២,០០០ដុល្លារ ក្នុងករណីរត់ការដោះស្រាយបញ្ចប់រឿងក្តីដីធ្លីនៅតុលាការ ប៉ុន្តែមិនបានសម្រេចដូចការសន្យា។

ជនរងគ្រោះឈ្មោះ ម៉ាប់ វណ្ណៈ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានស្គាល់លោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី(ហៅហ៊ុន ប៊ុនស្រ៊ី)តាមរយៈឈ្មោះ ណូន រស់ នៅក្នុងស្រុកអង្គស្នួល។ ឈ្មោះ ណូន បាននាំជនរងគ្រោះឲ្យជួបលោកផ្កាយ៣ ហ៊ុន ប៊ុនស្រ៊ី (ឡេង ប៊ុនស្រ៊ី) ដើម្បីឲ្យជួយរត់ការចូលធ្វើជាយោធា ក្នុងតម្លៃព្រមព្រៀងគ្នា ចំនួន៣,៥០០ដុល្លារ។

ដោយការជឿជាក់លើឈ្មោះ ណូន និងលោកផ្កាយ៣ ហ៊ុន ប៊ុនស្រ៊ី ដែលអះអាងថា ជាសាច់ញាតិថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងមានបក្ខពួកច្រើនណាស់ ចង់ធ្វើការនៅស្ថាប័នណាក៏បានដែរ ទើបជនរងគ្រោះព្រមយកលុយចំនួន៣,៥០០ដុល្លារ ទៅប្រគល់ឲ្យលោកផ្កាយ៣ ហ៊ុន ប៊ុនស្រ៊ី (ឡេង ប៊ុនស្រ៊ី)ដល់ផ្ទះ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner