ឯកឧត្តម អ៊ុក សិទ្ធិជាតិ ៖ សកម្មភាពកីឡា របស់វិទ្យាស្ថាន Cam Ed ជាការរួមចំណែក ជួយបំផុស និងបានចូលរួមផ្សព្វផ្សាយវិស័យកីឡានៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

កីឡាជាតិ ៖ ក្នុងឱកាសបិទការប្រកួតជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថាន Cam Ed ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានថ្លែងថា សកម្មភាពកីឡា របស់វិទ្យាស្ថាន Cam Ed បានក្លាយជាចលនាមួយក្នុងការរួមចំណែក ជួយបំផុស និងបានចូលរួមផ្សព្វផ្សាយវិស័យកីឡានៅកម្ពុជា ស្របតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទយ៉ាងតិច ក្នុងដំណើរឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ មានប្រសាសន៍បន្តថា ការប្រកួតកីឡាអត្តពលកម្មនេះ បានជួយបំផុតគំនិតយុវជន យុវតីក្នុងប្រទេសកម្ពុជា ជាពិសេសជំរុញឲ្យវិទ្យាស្ថាន សាកលវិទ្យាល័យ មហាវិទ្យាល័យនៅទូទំាងប្រទេស ត្រូវបង្កើតព្រឹត្តិការណ៍ការប្រកួត កីឡាគ្រប់ប្រភេទតាមសាលារបស់ខ្លួន ។ ឯកឧត្តម បានជំរុញឲ្យវិទ្យាស្ថាន Cam Ed រៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាអត្តពលកម្មនេះជារៀងរាល់ឆ្នាំ ហើយបំផុតឲ្យសិស្ស និស្សិតចូលរួមបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និង សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត សូមសម្តែងនូវការគាំទ្រ ចំពោះ ព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មក្រោមគំនិតផ្តួចផ្តើម របស់លោក ខេស៊ីបាណេត អគ្គនាយកវិទ្យាស្ថានផ្តាល់តែម្តង ។

ក្នុងឱកាសនោះដែលលោក Casey Barnett នាយកវិទ្យាស្ថាន Cam Ed និងជាស្ថាបនិកបង្កើតឲ្យមានព្រឹត្តិការណ៍កីឡា នៅក្នុងសាលានេះ បានថ្លែងថា៖ «ការលេងកីឡា វាមិនត្រឹមតែជួយឲ្យយើងមានសុខភាព និងបង្កើតបានចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែការលេងកីឡា វាបានជួយឲ្យអ្នកទាំងអស់គ្នា មានភាពអំណត់ តស៊ូព្យាយាម ពិសេសចេះធ្វើការងារជាក្រុមបានល្អ ហើយទាំងអស់នេះ ជាបទពិសោធដ៏ល្អ និងមេរៀននៃភាពជោគជ័យនៅពេលប្អូនៗចេញទៅធ្វើការងារ និងធ្វើអាជីវកម្មអ្វីមួយ»។

ជាមួយគ្នានេះ លោក Casey បានជំរុញឲ្យអ្នកដណ្តើមបានមេដាយបន្តព្យាយាមហ្វឹកហាត់ឲ្យបានកាន់តែល្អ សម្រាប់ត្រៀមចូលរួមប្រកួត National University Game ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងខែមិថុនា ឆ្នាំ ២០២០ នេះ ខណៈការប្រកួតលើកចុងក្រោយកាលពីឆ្នាំ ២០១៨ ក្រុមខេមអេដ ដណ្តើមបានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធចំនួន ៣ ដើម្បីឡើងមកឈរនៅលេខ ៣ ក្នុងចំណោមគ្រឹះស្ថានចូលរួមសរុបចំនួន ២១៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner