គម្លាតយេនឌ័រក្នុងប្រទេសកម្ពុជាបានថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ មកត្រឹមចំណាត់ថ្នាក់ ទី៨៩ នៅឆ្នាំ២០២០ នេះ
លទ្ធផលនៃការសិក្សា និងវាយតម្លៃក្នុងរបាយការណ៍របស់ស្ថាប័នជាតិ និងអន្តរជាតិនានាបាន បង្ហាញថា កម្ពុជាទទួលបានការរីកចំរើនជាបន្តបន្ទាប់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ហើយថាក្នុងរយៈពេល ២៥ឆ្នាំ ក្រោយការអនុវត្តផែនការសកម្មភាព ទីក្រុងប៉េកាំងគម្លាតយេនឌ័រក្នុងប្រទេសកម្ពុជាត្រូវបានកាត់បន្ថយគួរកត់សម្គាល់ដោយកម្ពុជាបានថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ មកត្រឹមចំណាត់ថ្នាក់ទី៨៩ នៅឆ្នាំ២០២០នេះ ក្នុងចំណោម ប្រទេសចំនួន ១៥៣។ នេះបើយោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ ហើយដែល ត្រូវបានជម្រាបជូនអង្គពិធីសំណេះសំណាលដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា រវាងសម្តេច ប្រធានរដ្ឋសភា ជាមួយគណៈប្រតិភូស្ត្រី នាវិមានរដ្ឋសភា ព្រឹកថ្ងៃទី៤ មីនានេះ។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា មូលហេតុ ចម្បងៗចំនួនពីរ ដែលនាំឱ្យកម្ពុជាបានថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ មកត្រឹមចំណាត់ ថ្នាក់ទី៨៩ នៅឆ្នាំ២០២០នេះ ក្នុងចំណោមប្រទេសចំនួន ១៥៣ នៅលើការងារកាត់បន្ថយគម្លាតយេន ឌ័រគឺទី១. ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងទី២. ការលើកកម្ពស់សុខភាពស្ត្រី និងក្មេងស្រី។

លោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានឱ្យដឹងថា មូលដ្ឋាននៃការវាយតម្លៃលើវឌ្ឍនភាពដូចខាងលើនេះ គឺបានផ្អែកលើចំណុចសំខាន់ៗចំនួន៤ គឺ៖ ១. សមភាពយេនឌ័រក្នុងវិស័យអប់រំ, ២. ការចូលរួមរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច, ៣. ការលើកកម្ពស់សុខភាពរបស់ស្ត្រី និង ទី៤. ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចនៅក្នុង វិស័យសាធារណៈ និងនយោបាយ ដោយការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយមានការកើនឡើង ជាបន្តបន្ទាប់ ក្នុងនោះសមាជិករដ្ឋសភាជាស្ត្រី បានកើនឡើងពី ៥.៨% ក្នុងឆ្នាំ១៩៩៣ ដល់ ២០.៨% ក្នុងឆ្នាំ២០១៩ និងសមាជិកព្រឹទ្ធសភាជាស្ត្រី បានកើនឡើងពី ១៤.៧% ក្នុងឆ្នាំ១៩៩៩ ដល់ ១៦.១% ក្នុងឆ្នាំ២០១៩។

ឆ្លើយតបចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារីដូចខាងលើនេះ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ ដែល បានឆ្លុះបញ្ចាំងពីសមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាល ដែលមានក្រសួងកិច្ចការនារីជាសេនា ធិការសម្រេចបានក្នុងការលើកកម្ពស់ស្រ្តី និងក្មេងស្រី និងសមភាពយេនឌ័រស្របពេលដែលប្រទេសជាតិ រក្សាបាននូវសុខសន្តិភាពពេញលេញ និងវឌ្ឍនភាពសង្គមគួរជាទីមោទនៈ ដែលសមិទ្ធផលទាំងនោះ បានធ្វើឱ្យប្រសើរឡើងផ្នែកយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ទាំងការចូលរួមរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការបង្កើនតួនាទីស្រ្តីក្នុងវិស័យនយោបាយ និងវិស័យសាធារណៈផ្សេងៗទៀត ដែល ធ្វើឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ផ្នែកយេនឌ័រកាន់តែប្រសើរឡើងនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ទោះបីជាយ៉ាងនេះក៏ដោយ ក៏ស្រ្តីខ្មែរ នៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន តែសម្តេចសង្ឃឹមយ៉ាងមុតមាំថាបញ្ហាប្រឈមទាំងនោះ នឹងត្រូវ បានក្រសួងកិច្ចការនារីយកចិត្ដទុកដាក់ដោះស្រាយ តាមរយៈការបំពេញចន្លោះខ្វះខាតជាធាតុចូលទៅក្នុង ផែនការសកម្មភាពរបស់ខ្លួនរួចហើយ សម្រាប់ការអនុវត្ដជាបន្ដបន្ទាប់ទៀត។

សូមជម្រាបជូនថា៖ សម្រាប់ទិវាអន្តរជាតិនារី ៨មីនា ខួបទី១០៩ ឆ្នាំ២០២០នេះ ក្រសួងកិច្ចការ នារី បានជ្រើសរើសយកប្រធានបទជាតិ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ក្នុងគោល បំណងបន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសមិទ្ធផលគួរជាទីមោទនៈនានាដែល
យើងសម្រេចបានកន្លងមក៕ធ.ដ

