ក្រុមហ៊ុន Google គ្រោងបោះទុនវិនិយោគថ្មីក្នុងទំហំទឹកប្រាក់១០ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២០នេះ

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Google បានលើកឡើងថ្មីៗនេះថា ខ្លួននឹងវិនិយោគទឹកប្រាក់ជាង១០ពាន់លានដុល្លារលើការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០នេះ ដែលរួមទាំងបរិវេណការិយាល័យថ្មីរបស់ក្រុមហ៊ុន ដែលគ្រោងទុកសម្រាប់ទីក្រុងញូវយ៉ក និងគម្រោងនានានៅក្នុងរដ្ឋចំនួន ១០ ផ្សេងទៀត ។

ប្រធានប្រតិបត្តិក្រុមហ៊ុន អាល់ផាប៊េត ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google លោក សាន់ដា ភីឆៃ បាននិយាយថា ការវិនិយោគទាំងនេះ នឹងបង្កើតការងាររាប់ពាន់កន្លែង ដែលរួមទាំងតួនាទីនៅក្នុងក្រុមហ៊ុន Google , ការងារសាងសង់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងរោងចក្រថាមពលកកើតឡើងវិញ ក៏ដូចជាឱកាសនៅក្នុងក្រុមហ៊ុនក្នុងស្រុកក្នុងទីប្រជុំជនទីក្រុង និងសហគមន៍ ។ គម្រោងមួយក្នុងចំណោមគម្រោងធំៗ នឹងបើកដំណើរការនៅបរិវេណ ហ៊ូដសុន ស៊្វែរ នៅទីក្រុងញូវយ៉ក ដែលក្រុមហ៊ុន Google មានសមត្ថភាពបង្កើន ២ដងនូវកម្លាំងពលកម្មរបស់ខ្លួនត្រឹមឆ្នាំ ២០២៨ខាងមុខនេះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន អាល់ផាប៊េត បានរាយការណ៍ប្រាក់ចំណេញកាលពីឆ្នាំ ២០១៩ ចំនួន៣៤ពាន់លានដុល្លារលើប្រាក់ចំណូល១៦២ពាន់លានដុល្លារ និង បានបន្ថែមការងារប្រហែល២ម៉ឺនកន្លែង ដើម្បីធ្វើឲ្យកម្លាំងពលកម្មសរុបរបស់ខ្លួនកើនឡើងដល់១១ម៉ឺន៨ពាន់៨៩៩នាក់កាលពីចុងខែធ្នូកន្លងទៅ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner