ចិនបើកបង្ហាញពីផែនការកេណ្ឌទ័ពក្នុងសម័យសង្គ្រាមជាលើកដំបូង
យោងតាមសេចក្តីពង្រាងស្តីពីការផ្លាស់ប្តូរបទបញ្ញត្តិដែលចេញផ្សាយដោយក្រសួងកិច្ចការអតីតយុទ្ធជនចិន កាលពីចុងសប្ដាហ៍មុន បុគ្គលិកយោធាចូលនិវត្តន៍ចិនត្រូវបានចាត់ទុកជាអាទិភាពចម្បងសម្រាប់ការកេណ្ឌទ័ពក្នុងសម័យសង្គ្រាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង The South China Morning Post រាយការណ៍អំពីយុទ្ធសាស្រ្តកេណ្ឌទ័ពរបស់ចិនដែលត្រូវបង្ហាញជាលើកដំបូង។

ការផ្លាស់ប្តូរដែលបានស្នើឡើងលើបទប្បញ្ញត្តិនៃការកេណ្ឌទ័ពនោះ រៀបរាប់អំពីរបៀបដែលអាជ្ញាធរចិនជ្រើសរើសទាហានជើងចាស់ និងទាហានដែលត្រូវបានកេណ្ឌផ្សេងៗទៀត ខណៈពេលដែលប្រទេសនេះកំពុងឈានជើងចូលសង្គ្រាម។
យោងតាមបទប្បញ្ញត្តិ ក្រុមប្រឹក្សារដ្ឋឬគណៈកម្មាធិការយោធាមជ្ឈិមនឹងចេញបទបញ្ជាប្រមូលផ្តុំនិងទទួលខុសត្រូវចំពោះការធ្វើពង្រាងទាហានដល់រដ្ឋាភិបាល និងទីភ្នាក់ងារយោធានៅកម្រិតផ្សេងៗ។
សេចក្តីព្រាងរៀបរាប់ថា អតីតយុទ្ធជនយោធាគឺជាក្រុមគោលដៅមួយអាចចូលបម្រើការងារនៅអង្គភាពដើមរបស់ខ្លួន ឬត្រូវបានដាក់ទៅទីតាំងស្រដៀងគ្នានៅកន្លែងផ្សេងទៀត ខណៈដែលពួកអាជ្ញាធរមានតួនាទីក្នុងការជួយអតីតយុទ្ធជនចូលរួមជាមួយអង្គភាពទាំងនោះ។
ដោយត្រូវបានចុះផ្សាយលើគណនីផ្លូវការនៃបណ្ដាញសង្គមដ៌ពេញនិយម WeChat របស់ក្រសួង ក្នុងគោលបំណងសម្រាប់មតិឆ្លើយតបជាសាធារណៈកាលពីថ្ងៃសៅរ៍ បទប្បញ្ញត្តិដដែលបានបញ្ជាក់ថា៖ «ក្នុងកំឡុងពេលសង្គ្រាម នាយកដ្ឋានដឹកជញ្ជូន និងកម្មករ ត្រូវផ្តល់អាទិភាពដល់ទាហានដែលត្រូវបានជ្រើសរើស។ ហើយអង្គការនិងបុគ្គលិកដទៃទៀតក៏គួរតែជួយពួកគេដែរ»។
ការកែសម្រួលចុងក្រោយ ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០១ ក៏ប៉ុន្តែបទបញ្ញត្តិនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងតាំងពីឆ្នាំ ១៩៨៥ ។
ក្រៅពីបង្ហាញពីរបៀបកំណែនទ័ពក្នុងពេលសង្គ្រាម សេចក្តីព្រាងនេះក៏រួមបញ្ចូលផងដែរនូវការបង្កើតប្រព័ន្ធអន្តរក្រសួង សម្រាប់ការជ្រើសរើស និងការខិតខំដើម្បីរៀបចំដំណើរការនេះ ជាផ្នែកមួយនៃការបង្កើតរដ្ឋាភិបាលឌីជីថលរបស់ប្រទេសចិន។
លោក Song Zhongping អតីតគ្រូបង្វឹករបស់កងទ័ពរំដោះប្រជាជន (PLA) បាននិយាយថា ការកែសម្រួលគឺចាំបាច់ណាស់ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទូលំទូលាយនៅក្នុងពិភពលោក និងដើម្បីរៀបចំប្រទេសចិនឱ្យបានប្រសើរពេលមានអាសន្ន។
លោកនិយាយថា៖ «លើសពីនេះទៅទៀត ផ្នែកថ្មីស្ដីពីការធ្វើទាហាននៅសម័យសង្គ្រាម អាចធ្វើឱ្យដំណើរការនេះកាន់តែទូលំទូលាយ។ វាសមនឹងតម្រូវការជាក់ស្តែងរបស់ប្រទេសចិន ពីព្រោះការធ្វើកំណែនអតីតយុទ្ធជននៅក្នុងវិស័យយោធា អាចបង្កើនសមត្ថភាពកងទ័ពយ៉ាងឆាប់រហ័សប្រសិនបើចិនធ្វើសង្គ្រាមម្ដងទៀត»។
យ៉ាងណាមិញ ការលាតត្រដាងសេចក្ដីព្រាងរើសទ័ពនេះធ្វើឡើងខណៈដែលទំនាក់ទំនងរវាងចិន លោកខាងលិច និងប្រទេសជិតខាងមួយចំនួន បានធ្លាក់ចុះជុំវិញបញ្ហាជាច្រើនដែលរួមមានតំបន់ដែលចិនអះអាងថាជារបស់ខ្លួន និងបញ្ហាសិទ្ធិមនុស្សជាដើម។
កាលពីខែមករា លោកប្រធានាធិបតីចិន Xi Jinping ដែលជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ «ការត្រៀមខ្លួនប្រយុទ្ធពេញម៉ោង» ហើយបាននិយាយថា កងទ័ពរំដោះប្រជាជនត្រូវតែប្រើការទន្ទ្រានជួរមុខដើម្បីកែលំអសមត្ថភាពរបស់កងទ័ព ហើយស្នើរឱ្យមានការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរក្សាការវិវឌ្ឍន៍ចុងក្រោយនៃចំណេះដឹងផ្នែកយោធានិងបច្ចេកវិទ្យាខ្ពស់។
នៅខែមីនាលោក Xi បាននិយាយថា យោធាចិនត្រូវតែត្រៀម «ដើម្បីឆ្លើយតប» ចំពោះស្ថានភាពស្មុគស្មាញ និងភាពលំបាកនៅពេលដែលប្រទេសនេះប្រឈមមុខនឹងបញ្ហាសន្តិសុខ។
ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីនិងជាប្រធាននៃបក្សកុម្មុយនិស្តចិននៅចុងឆ្នាំ ២០១២ មក លោក Xi បានជំរុញកងទ័ពរំដោះប្រជាជន PLA ឱ្យត្រៀមសម្រាប់សង្គ្រាមជារឿយៗ។ គាត់ក៏បានផ្តួចផ្តើមការផ្លាស់ប្តូរដ៏ធំនៃ PLA នៅឆ្នាំ ២០១៥ ដើម្បីធ្វើទំនើបកម្មយោធាចិនដែលបានគ្រោងបញ្ចប់នៅឆ្នាំ ២០២០។ ហើយកាលពីសប្ដាហ៍មុននេះ លោក Xi ក៏បានព្រមានផងដែរលើប្រទេសណាដែលប៉ុនប៉ងធ្វើបាបចិន នឹងរងនូវការវាយប្រហារបកវិញ ហើយលោកក៏បានប្តេជ្ញាចិត្តយ៉ាងមុះមុតដែរលើការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ដែលចិនតែងប្រកាសក្ដែងៗថាជាអាណាខេត្តរបស់ខ្លួន។ ហួន ឌីណា