រុស្ស៊ីគាំទ្រមូលមតិអាស៊ានលើវិបត្តិមីយ៉ាន់ម៉ា ហើយប្រឆាំងដាច់ខាតនឹងការដាក់ទណ្ឌកម្ម
រុស្ស៊ីនៅតែបង្ហាញពីគោលជំហរក្នុងការគាំទ្រ ចំណុចមូលមតិទាំង៥ របស់អាស៊ានក្នុងការនៅដោះស្រាយវិបត្តិប្រទេសមីយ៉ាន់ម៉ា និងធ្វើឲ្យស្ថានភាពប្រក្រតីឡើងវិញ នេះបើតាមការលើកឡើងរបស់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីធ្វើឡើងអំឡុងពេលធ្វើទស្សនកិច្ចនៅឥណ្ឌូនេស៊ី កាលពីថ្ងៃទី៦ ខែកក្កដា។

លោក Lavrov បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ លោកបានចូលជួបស្ដេចស៊ុលតង់ប្រ៊ុយណេ Hassanal Bolkiah ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២១ ហើយក្រោយមកបានបន្តដំណើរទៅឥណ្ឌូនេស៊ី រួចទៅឡាវមុននឹងត្រលប់មករុស្ស៊ីវិញ។ ទស្សនកិច្ចនេះជាផ្នែកមួយក្នុងការពង្រឹងវត្តមានរបស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍។
ក្នុងសន្និសីទកាសែតរួមគ្នា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានស្នើឱ្យរុស្ស៊ីជួយគាំទ្រអាស៊ានក្នុងអនុវត្តចំណុចមូលមតិទាំង ៥ ដែលឆ្លុះបញ្ចាំងពីស្មារតីក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីខែមេសា។ លោកស្រីបានសង្កត់ធ្ងន់ថា ការអនុវត្តគោលការណ៍នេះអាស្រ័យលើឆន្ទៈនយោបាយរបស់យោធាមីយ៉ាន់ម៉ា ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានទាំងអស់។
ចំណែកលោក Larov វិញបានលើកឡើងក្នុងសន្និសីទនោះថា រុស្ស៊ីបន្តគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍របស់អាស៊ាន។ លោកបានលើកឡើងថា «ជាមួយនឹងទំនាក់ទំនងរបស់យើង [រុស្ស៊ី] និងមេដឹកនាំយោធាមីយ៉ាន់ម៉ា យើងលើកកម្ពស់គោលជំហររបស់អាស៊ាន ដែលក្នុងទស្សនៈរបស់យើងយល់ថា គោលការណ៍នេះជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងនាំយកភាពប្រក្រតីមកកាន់ប្រទេសនេះវិញ»។
នៅអំឡុងពេលទស្សនកិច្ចទៅឥណ្ឌូនេស៊ី លោក Larov ក៏បានធ្វើជាសហប្រធានជាមួយលោកស្រី Marsudi ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីផងដែរ។ ប៉ុន្តែក្នុងសេចក្ដីថ្លែងការណ៍របស់សហប្រធានអង្គប្រជុំ បានបង្ហាញថាបញ្ហាពាក់ព័ន្ធនឹងស្ថានភាពនៅមីយ៉ាន់ម៉ាមិនត្រូវពិភាក្សាទេ។
កាលពីចុងខែមិថុនាកន្លងទៅ ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំងបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី។ ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោកបានចូលរួមក្នុងសន្និសីទសន្តិសុខអន្តរជាតិមូស្គូ ហើយព្រមទាំងបានចូលជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលស្ថិតក្រោមអំណាចរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរ ពូទីន រួមបន្ថែមប្រធានក្រុមហ៊ុនលក់អាវុធរុស្ស៊ី Rosoboronexport។
ពាក់ព័ន្ធនឹងរឿងនេះដែរ ធ្វើឲ្យមានមតិមួយចំនួនយល់ថា រដ្ឋាភិបាលរុស្ស៊ីបានគាំទ្រយោធាមីយ៉ាន់ម៉ាក្នុងការដឹកនាំប្រទេស ក្រោយពីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីច្រានចោលនឹងការយល់ឃើញបែបនេះ។
លោកបានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារថា ការយល់ឃើញបែបនេះជា ការបកប្រែខុសពីជំហរផ្លូវការរបស់រុស្ស៊ី។
លោក Lavrovបាននិយាយថា៖ «រុស្ស៊ីកំពុងតែផ្ដល់ការគាំទ្រដោយប្រយោលចំពោះតួនាទីនាំមុខរបស់អាស៊ានទៅលើស្ថានភាពនៅមីយ៉ាន់ម៉ា។ ជំហររបស់រុស្ស៊ីមានភាពស្របគ្នានឹង ចំណុចមូលមតិទាំង ៥ របស់អាស៊ាន… យើងគាំទ្រចេញពីចិត្តក្នុងការបញ្ឈប់អំពើហិង្សាពីសំណាក់គ្រប់ភាគីជម្លោះទាំងអស់ ហើយឈានទៅរកកិច្ចសន្ទនាបែបស្ថាបនារវាងភាគីទាំងនោះ ដើម្បីស្វែងរកស្ថិរភាព និងសន្តិភាពស៊ីវិល»។
លើសពីនេះទៅទៀត លោកក៏បានគូសបញ្ជាក់ថាអាស៊ាន និងរុស្ស៊ីមានជំហរដូចគ្នាក្នុងការបដិសេធនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគី ព្រមទាំងការប៉ុនប៉ងណាមួយក្នុងការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា។
លោក Lavrov បាននិយាយថា៖ «យើងបានយល់ស្របគ្នាថា គោលនយោបាយទាំងនោះ [សំដៅលើការដាក់ទណ្ឌកម្ម] មានតែនាំឱ្យសង្គមកាន់តែបែកបាក់ ហើយបង្កើតភាពខុសគ្នាកាន់តែខ្លាំង»។
លោកក៏សម្ដែងពីការប្រឆាំងចំពោះរដ្ឋមួយចំនួន ដែលប្រើប្រាស់វេទិកាពហុភាគីរួមមានអង្គការសហប្រជាជាតិ ដើម្បីបង្កឱ្យមានការប្រឈមមុខដាក់គ្នា ក្នុងអំឡុងពេលពិភាក្សាពីស្ថានភាពនៅមីយ៉ាន់ម៉ា។
ចំណុចមូលមតិទាំង ៥ របស់អាស៊ានចំពោះស្ថានភាពមីយ៉ាន់ម៉ារួមមាន៖ បញ្ឈប់អំពើហិង្សានៅក្នុងប្រទេសនេះ អំពាវនាវឱ្យភាគីទាំងអស់ធ្វើការចរចា បង្កើតឲ្យមានការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា និងការតែងតាំងឱ្យមានប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលការចរចានយោបាយក្នុងប្រទេសនេះ។
យ៉ាងណាមិញជាង ២ខែក្រោយពីកិច្ចប្រជុំអាស៊ានអនុម័តលើគោលការណ៍នេះ គេមិនទាន់សង្កេតឃើញមានការតែងតាំងប្រេសិតពិសេសនោះ ខណៈឯការអនុវត្តគោលការណ៍នេះហាក់បីដូចជាមិនទៅមុខនោះដែរ។
លោក មីន អ៊ុងឡាំងធ្លាប់បាននិយាយកាលពីខែមេសា ក្រោយពីចុះយន្តហោះពីរដ្ឋធានីហ្សាការតា មករដ្ឋធានីណៃពិដោថា គោលការណ៍នេះអាចអនុវត្តទៅបាន លុះត្រាតែស្ថានភាពនៅមីយ៉ាន់ម៉ា មានស្ថិរភាពសិន។
បន្តបន្ទាប់មកទៀត មហាសន្និបាតអង្គការសហប្រជាជាតិក៏បានអនុម័តលើសេចក្ដីសម្រេចពាក់ព័ន្ធនឹងមីយ៉ាន់ម៉ាផងដែរ។ ក្រៅពីភាសាអំពាវនាវឱ្យមានការចរចា និងបញ្ឈប់អំពើហិង្សា ឯកសារនេះក៏បានអំពាវនាវឱ្យប្រទេសនានាជុំវិញពិភពលោកបញ្ឈប់មិនឱ្យជួញដូរអាវុធទៅកាន់មីយ៉ាន់ម៉ា។ ទោះជាយ៉ាងណាក៏ដោយ សេចក្ដីសម្រេចនេះមានត្រឹមតែនិមិត្តរូបប៉ុណ្ណោះ មិនមានឥទ្ធិពលជាច្បាប់នោះទេ៕ ហ៊ីមរដ្ឋា