កូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃក្នុងចំនួនច្រើនបំផុតតាំងពីខែធ្នូ

កាល​ពី​ថ្ងៃ​ពុធ ទី​៦ កក្កដា ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ជាង​ ១.២០០ ករណី​ ក្នុង​រយៈ​ពេល​ ២៤ ម៉ោង​កន្លង​មក​នេះ​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​គិត​ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ​មក​ នេះ​បើ​យោង​តាម​ លោក​នាយករដ្ឋមន្ត្រី​ Kim Boo-kyum បាន​ប្រាប់​កិច្ចប្រជុំ​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩​។

លោក​ Kim បាន​និយាយ​ថា​វិធានការណ៍​រក្សា​គម្លាត​សង្គម​ នឹង​ត្រូវ​បាន​អនុម័ត​ ហើយ​បន្ត​អនុវត្ត​នៅ​ក្នុង​ពេល​ពីរ​ទៅ​បី​ថ្ងៃ​ ខាងមុខ​នេះ​ ។ បន្ទាប់​មក​ ក្រុម​មន្ត្រី​ពាក់ព័ន្ធ​នឹង​ពិចារណា​ថា​តើ​ត្រូវ​រឹត​បន្តឹង​ច្បាប់​ដែល​មាន​ស្រាប់​ នៅ​ពេល​ដែល​ប្រទេស​នេះ​ កំពុង​ប្រយុទ្ធ​នឹង​រលក​ឆ្លង​ទី​បួន​ ដែល​បាន​បង្ក​ដោយ​វីរុស​កូរ៉ូណា​បម្លែង​ដែលតា ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា​ ហើយ​មាន​សមត្ថភាព​ចម្លង​ខ្លាំង​ និង​លឿន​ជាង​វីរុស​បម្លែង​ផ្សេង​។

លោក​ Kim​ បាន​និយាយ​ថា​វីរុស​នេះ​ បាន​រីក​រាលដាល​ យ៉ាង​ឆាប់​រហ័ស​ ក្នុង​ចំណោម​មនុស្ស​ដែល​មិន​ទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ ក្នុង​វ័យ​ប្រហែល​២០ ​ដល់​ ៣០ ឆ្នាំ​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​ប្រហែល ​៣០ ភាគរយ​នៃ​ប្រជាជន​សរុប​ចំនួន​ ៥២ ​លាន​នាក់​របស់​ប្រទេស​នេះ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ កូវីដ១៩ យ៉ាង​ហោច​ណាស់​មួយ​ដូស​។

ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ ភ្ញៀវ​ទេសចរ​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ​គ្រប់​ដូស​អាច​រំលង​ការ​ធ្វើ​ចត្តាឡឺស័ក​រយៈពេល​ ២ សប្ដាហ៍​បាន ​ប្រសិន​បើ​ពួកគេ​មកលេង​ ក្រុម​គ្រួសារ​ ឬ​ធ្វើ​ដំណើរ​ដើម្បី​ហេតុផល​សិក្សា​ ឬ​ដើម្បី​ផល​ប្រយោជន៍​សាធារណៈ​ណាមួយ​ ហើយ​លុះ​ត្រា​តែ​ពួកគេ​មិនបាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ ២១​ ប្រទេស​ ដែល​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ចាត់​ទុក​ជា​ប្រទេស​មាន​ហានិភ័យ​ឆ្លង​ខ្ពស់​។ មឹង​ ច័ន្ទ​សុម៉ា​នីតា​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner