មន្ត្រីភ្នាក់ងារចារកម្មរុស្ស៊ី បានឃុំមន្រ្តីកុងស៊ុលរបស់អេស្តូនី ប្រចាំក្រុង St. Petersburg លោក Mart Latte កាលពីថ្ងៃទី៦ កក្កដា
មន្ត្រីភ្នាក់ងារចារកម្មរុស្ស៊ី បានឃុំមន្រ្តីកុងស៊ុលរបស់អេស្តូនី ប្រចាំក្រុង St. Petersburg លោក Mart Latte កាលពីថ្ងៃទី៦ កក្កដា បន្ទាប់ពីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្សីបានចោទប្រកាន់ ប្រេសិតរូបនេះ ថាបានទទួលព័ត៌មានរសើបពីជនជាតិរុស្ស៊ីម្នាក់។
ភ្នាក់ងារសន្តិសុខពិសេសនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ថា៖ “សកម្មភាពនេះ មិនត្រូវគ្នានឹងស្ថានភាពបុគ្គលិកការទូត និងមានលក្ខណៈអរិភាពយ៉ាងច្បាស់ចំពោះសហព័ន្ធរុស្ស៊ី។ វិធានការនានា នឹងត្រូវអនុវត្ត ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិ”។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអេស្តូនី បានលើកឡើងថា ការចាប់ខ្លួននេះបង្ហាញជាថ្មីម្តងទៀតថា រុស្ស៊ីកំពុងជ្រើសរើសការប្រឈមមុខដាក់គ្នា ជាមួយបណ្តារដ្ឋសហភាពអឺរ៉ុប ជំនួសឱ្យការបញ្ចៀសនិន្នាការអវិជ្ជមាននៅក្នុងទំនាក់ទំនងរបស់ខ្លួន។
អេស្តូនី បច្ចុប្បន្នជាសមាជិកនៃសហគមន៍អឺរ៉ុប និងអង្គការណាតូ ហើយតែងតែបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើក្រុងមូស្គូ។

ប្រភព៖ DW