កិច្ចប្រជុំពិភាក្សាស្តីពី Programmatic Review of the UNICEF Country Programme (2019-2023) តាមប្រព័ន្ធអនឡាញ
កិច្ចប្រជុំពិនិត្យឡើងវិញនៅពាក់កណ្តាលអាណត្តិ ឆ្នាំ២០២១ ដោយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ UNICEF ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖ (១) ដើម្បីពិនិត្យមើលឡើងវិញសមិទ្ធផលដែលសម្រេចបានពាក់កណ្តាលអណត្តិនៃការអនុវត្តកម្មវិធីប្រចាំប្រទេស ដោយគិតចាប់ពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ (២) ចូលរួមផ្តល់អនុសាសន៍ជាយុទ្ធសាស្រ្ត និងជាធាតុចូលដើម្បីកែលម្អ និងពនឿនលទ្ធផលសម្រាប់កុមារ រហូតដល់បញ្ចប់អណត្តិ ក្នុងឆ្នាំ២០២៣ និង(៣) ដើម្បីពង្រឹងបន្ថែមសម្រាប់កម្មវិធី និងជំហានបន្ទាប់ប្រចាំប្រទេសរបស់ អង្គការ UNICEF ជាមួយក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមអនឡាញ ក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអង្គប្រជុំ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្រ្តីជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសមាសភាពពីដៃគូអភិវឌ្ឍដូចជា៖ UNICEF UNESCO SIDA EU USAID ដោយសមាសភាពចូលរួមសរុបប្រមាណចំនួន៦០រូប។
សូមជម្រាបជូនថា កម្មវីធីនេះ តែងតែមានការជួបជុំប្រចាំត្រីមាស ប្រចាំឆមាស និង ប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំ មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយអ្នកជំនាញUNICEF ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកា បញ្ហាប្រឈមនានា និងទិសដៅបន្ត ប្រយោជន៍ដើម្បីជំរុញដល់ការអនុវត្តសកម្មភាពកម្មវិធីនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕ដោយ -រ៉ាវុធ