ការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ អាជ្ញាធររាជធានី អនុវត្តន៍បានជោគជ័យប្រមាណ ៩៥ភាគរយហើយ

ភ្នំពេញ៖ ពាក់ព័ន្ធនឹងការអនុវត្តវិធានការរៀបសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះទឹកនិ ងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ នៅរាជធានីភ្នំពេញ គិតដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងាររបស់ខ្លួនសម្រេចបានប្រមាណ ៩៥
ភាគរយហើយ ។ នេះចាត់ទុកថា ជាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេបានយ៉ាងរលូន និងទទួលបានជោគជ័យ ។

នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមវត្តមានលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ឲ្យដឹងថា ៖រាជធានីភ្នំពេញមានខណ្ឌចំនួន០៦ ដែលមានផ្ទះបណ្ដែតទឹក បែត្រីនិងសំណង់មិនរៀបរយនៅតាមដងទន្លេ ដែលមានចំនួនរហូតដល់ ១៤៧២ទីតាំង ចែកចេញជា៤ប្រភេទ ក្នុងនោះមានប្រភេទជា បែត្រី សំណង់មិនរៀបរយ ដៃត្រីនិងទូកនេសាទ ក្នុងចំនួននេះ មានបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើចេញមកលើគោក មានចំនួន១២៤២ទីតាំង។

ចំពោះទីតាំងចល័តយើងបានរៀបចំឲ្យពួកគាត់ចិញ្ចឹមត្រីជាបណ្តោះអាសន្នចំនួន២ ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់រវាងស្រុកពញាឮនិងខណ្ឌព្រែកព្នៅ មានចំនួន១៩៤ទីតាំង ។ ទីតាំងទី២ នៅជាប់និងស្រុកលើកដែកចំនួន១៩ទីតាំង និងទីតាំងដែលបាននិងកំពុងរុះរើមានចំនួន១៧ទីតាំង ។ ការងារខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យចំនួន៩៥ភាគរយ គិតមកដល់ពេលនេះ ។

លោក មាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា ៖ការអនុវត្តនូវវិធានការជុំវិញការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទឹក តាមដងទន្លេនៅរាជធានីភ្នំពេញនេះទទួលបានជោគជ័យ គឺដោយសារ យើងមានវិធានការចំពោះមុខល្អប្រសើរ សហការបានល្អជាមួយដៃគូពាក់ព័ន្ធនិងមានការគាំទ្រពីមហាជនយ៉ាងពេញទំហឹង។

លោកប៉ា សុជាតិវង្ស នៅក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល ដែលអនុវត្តការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទឹកនេះបានយ៉ាងល្អប្រសើរនិងទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ៖ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ ជាថ្ងៃដែល អាជ្ញាធរប្រើវិធានការរដ្ឋបាល ចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំអោយប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសកុំអោយបន្តការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណរភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ហើយការងារនេះ បើគិតមកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner