ស្ដីបន្ទោសកូនគេសោះ បែជាលើកដាក់ខ្លួនរួចទាញកាំបិតកាប់បុរសម្នាក់ឲ្យរបួស ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះថា មានករណី ហិង្សាដោយចេតនា (ប្រើកាំ បិតប៉័ងតោកាប់បណ្តាលឲ្យរបួស) នៅមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នាវេលាម៉ោង១០និង៣០នាទី ។
ជនរងគ្រោះឈ្មោះញ៉ ហ៊ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ។ រីឯជនសង្ស័យឈ្មោះទី ចាន់ប៊ុនណា ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះបានស្តីបន្ទោសកូនខ្លួនឯង ពេលនោះជនសង្ស័យ័ដែលរស់នៅក្បែរផ្ទះគ្នា និងជាមនុស្សញៀនថ្នាំផង បានចោទជនរងគ្រោះថា និយាយដៀមដាមដាក់ខ្លួន ក៏មានទំនាស់គ្នារួចមានអ្នកជិតខាងជួយឃាត់។ បន្ទាប់មកជនរងគ្រោះ កំពុងឈរជក់បារីនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យយកកាំបិតប៉័ងតោកាប់ជនរងគ្រោះពីក្រោយចំក្បាលបែកឈាម រួចរត់គេចខ្លួនយកកាំបិតប៉័ងតោបោះចោលបាត់។ លុះដល់ថ្ងៃទី០២-០៣-២០២០ ម៉ោង១៣និង០០នាទី ជនរងគ្រោះឃើញជនសង្ស័យនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង ៕

