អង្គការសហព័ន្ធសន្តិភាពសកល បានស្នើ សម្តេចតេជោ ជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ដែលគ្រោងធ្វើឡើងនាចុងឆ្នាំនេះ នៅប្រទេសកូរ៉េខាងត្បូង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំមួយរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំអង្គការសហព័ន្ធសន្តិភាពសកល ហៅកាត់ថា UPF តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ អង្គការសហព័ន្ធសន្តិភាពសកល បានស្នើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» បន្ទាប់ពីអង្គការនេះពិនិត្យឃើញថា សម្តេច ជាឥស្សរជនមួយរូប ដែលបានប្រឹងប្រឹងក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកក្នុងកសាងសន្តិភាពនៅក្នុងតំបន់ផងដែរ។

នៅក្នុងជំនួបនេះ បានពិភាក្សាទៅការរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការ UPF ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានស្តីពីសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រៅតែពីការជជែកលើការងាររៀបចំកិច្ចប្រជុំនេះទៅ អង្គការ UPF ក៏បានស្នើសុំការអនុញ្ញាតសម្តេចតេជោ អញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះផងដែរ។

បើតាមឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពទៅលើប្រធានបទស្តីពីសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាប្រធានបទមួយដ៏មានសារសំខាន់សម្រាប់ឆ្លើយតបស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ព្រមនឹងសំណើអញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំ និងការដាក់សម្តេចជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ភាគីកម្ពុជាសម្ដេចតេជោ បានចាត់ឲ្យលោកជំទាវ ឃួន សុដារី និងឯកឧត្តម សួស យ៉ារ៉ា ចូលរួមរៀបចំនៃកិច្ចប្រជុំនេះផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា អ្វីដែលសំខាន់ទៀតនោះ យើងគួរសហការគ្នា ក្នុងការចូលរួមសកម្មភាព ពាក់ព័ន្ធនឹងទន្លេមេគង្គ ដែលផ្តោតទៅលើការរក្សាបាននូវសន្តិសុខស្បៀង ដែលកន្លងមកយើងក៏ធ្លាប់មានកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល ជាមួយនឹងក្របខណ្ឌមេគង្គកូរ៉េនេះផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើងដោយលោកជំទាវ បណ្ឌិត Hak Ja Han Moon ភរិយារបស់ឯកឧត្តម Sun Myung Moon ដើម្បីបន្តមរតកនៃការលះបង់អស់មួយជីវិតរបស់ស្វាមីលោកស្រីចំពោះសន្តិភាព។ ពានរង្វាន់នេះ ផ្តល់ជូនរៀងរាល់២ឆ្នាំម្តងដល់បុគ្គល ដែលមានស្នាដៃលេចធ្លោលើផ្នែកអភិវឌ្ឍន៍មនុស្សប្រកបដោយចីរភាព ដោះស្រាយជម្លោះ និងការអភិរក្សអេកូឡូស៊ី ហើយមានតម្លៃជាទឹកប្រាក់ ១លានដុល្លារ។ មានបុគ្គលចំនួន៩រូបហើយ ដែលទទួលបានពានរង្វាន់នេះ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០១៥ ។

សូមជម្រាបផងដែរថា កាលពីឆ្នាំ២០១៩ កន្លងទៅ អង្គការសហព័ន្ធសន្តិភាពសាកល បានផ្តល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner