ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ៖ ចិនឈរលេខ១ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ មានទឹកប្រាក់២ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ (មានវីដេអូ)
ភ្នំពេញ៖ របាយការណ៍ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា ឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានអោយដឹងថា នៅឆមាសទី១ ឆ្នាំ២០២១នេះ ចិនជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី១ ដែលបានមកវិនិយោគមកកាន់ប្រទេសកម្ពុជាច្រើនជាងគេ គិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ ។
បើតាមរបាយការណ៍ខាងលើនេះ ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១% នៃការវិនិយោគសរុប ។ សម្រាប់ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន៣.៣៦% ស្មើនឹងប្រមាណ៩៩លានដុល្លារ នៃការវិនិយោគសរុប លេខ៤ ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧% ស្មើនឹងប្រមាណ៧០លានដុល្លារ នៃការវិនិយោគសរុប ប្រទេសថៃឈរលេខរៀងទី៥ ចំនួន១.៧៧% ស្មើនឹងប្រមាណ៥២លានដុល្លារ នៃការវិនិយោគសរុប ប្រទេសសិង្ហបុរីឈរលេខរៀងទី៦ ចំនួន០.៦៨% ស្មើនឹងប្រមាណ២០លានដុល្លារ នៃការវិនិយោគសរុប ប្រទេសកូរ៉េខាងត្បូងឈរលេខរៀងទី៧ ចំនួន០.៦៧% ស្មើនឹងប្រមាណ១៩លានដុល្លារ នៃការវិនិយោគសរុប ។ ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជា ចំនួន០.៥៦% ស្មើនឹងប្រមាណ១៦លានដុល្លារ នៃការវិនិយោគសរុប សហរដ្ឋអាមេរិកឈរលេខរៀងទី៩ ចំនួន០.៣២% ស្មើនឹងប្រមាណ៩លានដុល្លារ នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% ស្មើនឹងប្រមាណ៣លានដុល្លារ នៃការវិនិយោគសរុប ។
គួរកត់សម្គាល់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មចំនួន៨៧គម្រោង ដែលមានទុនវិនិយោគសរុបចំនួន២ពាន់៩៦៩លាន៦២ម៉ឺន៩ពាន់៣៣៨ដុល្លារ ដែលអាចបង្កើតការងារបានចំនួន៥ម៉ឺន២៩កន្លែង ។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគមានការថយចុះចំនួន៦៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងចំនួនប្រមាណ៣១៥លានដុល្លារ ៕