រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាង ១២លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ !

ខេត្តកំពង់ធំ ៖ អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តគម្រោងសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដើម្បីធានាបានគុណភាពល្អ និងមានផ្លូវក្នុងក្រុងធំទូលាយនៅថ្ងៃអនាគត ។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី៧កក្កដាឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ។

អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ មានប្រសាសន៍ ដោយថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានផ្តល់គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដល់ខេត្តកំពង់ធំ។ លោកថា គម្រោងនេះ គឺជាគម្រោងរបស់ រាជរដ្ឋាភិបាល ដែលជាប្រាក់កម្ចីរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយថវិកាសរុបជាង ១២លានដុល្លារ ក្នុងនោះ បានប្រើប្រាស់ ប្រព័ន្ធលូជាង ២២គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ជាច្រើន ។

អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ បានសំណូមពរដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវពន្លឿននៅក្នុងការសាងសង់នេះឲ្យបានឆាប់ ព្រោះត្បិត ខែនេះជារដូវវស្សា បើគ្មានប្រព័ន្ធលូរំដោះទឹកទេ នោះក្រុងស្ទឹងសែន នឹងមានការលិច ដោយសារជំនន់ទឹកភ្លៀង ហើយប្រសិនបើជួបបញ្ហាក្នុងការសាងសង់ ត្រូវជូនដំណឹងមកអាជ្ញាធរ ដើម្បីឲ្យអាជ្ញាធរបានដឹង និងជួយដោះស្រាយលើបញ្ញាដែលបានកើតឡើង។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដាស់តឿនទៅដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ នូវសំណង់ទាំងឡាយណា ដែលបានសាងសង់ខុសច្បាប់ ជាពិសេសការចាក់ដីការសាងសង់ផ្ទះ ការធ្វើរបង ដែលមានការរំលោភបំពានទៅលើចំណីផ្លូវ ធ្វើឲ្យមានការកកស្ទះ ដោយគ្មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងកាបអុបទិកជាដើម។ ចំពោះប្រជាពលរដ្ឋនោះវិញ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរ ក្នុងការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ឬទឹកកខ្វក់នេះ គឺធ្វើទៅលើចំណីផ្លូវមុខផ្ទះរបស់ប្រជាពលរដ្ឋ សូមមានការយោកយល់ និងអធ្យាស្រ័យ ទើបក្រុមហ៊ុនសាងសង់អាចពន្លឿនដំណើររបស់ខ្លួន បានដោយរលូន និងឆាប់រហ័ស។

ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ លោក ជូ កុល្លា បានឲ្យដឹងថា ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមមាន ១-ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ ២ពាន់ ៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយប្រវែងប្រមាណ ៣៩,២គីឡូម៉ែត និងបណ្តាញលូបង្ហូរទឹកប្រវែងប្រមាណ ១៧.១គីឡូម៉ែត ។

លោក ជូ កុល្លា បានបញ្ជាក់ថា ក្រោយពីបានទទួលការយល់ព្រមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យា ដើម្បីសាងសង់អនុគម្រោងខាងលើ ជាមួយក្រុមហ៊ុនសាងសង់ China First metallurgical Group Ltd. ក្នុងតម្លៃទឹកប្រាក់ចំនួន ១២លាន ៧សែន ៦ម៉ឺន ២ពាន់ដុល្លារ «១២,៧៦២,០០០ដុល្លារ» កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។ ២-ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណបានចំនួន ៤ម៉ឺន ៨ពាន់ម៉ែត្រគូប និងការបំពាក់នូវរថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់ ដែលគម្រោងសាងសង់នេះ មានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីខែកក្កដា ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ៕ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner