សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅរសៀលនេះ
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»។ ភ្ជាប់នឹងការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនាដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរសៀលថ្ងៃនេះ ក៏នឹងរៀបចំពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៦ និងការពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីផងដែរ។

«វប្បធម៌» ជាមែកធាងមួយនៃអរិយធម៌ ដែលទាក់ទងនឹងការបណ្តុះបណ្តាលចំណេះវិជ្ជាប្រាជ្ញាសារតី ទំនៀមទម្លាប់ សីល្បៈ វិទ្យាសាស្ត្រ អក្សរសាស្ត្រ… ឱ្យបានលូតលាស់រីកចម្រើន។ ដោយឡែកគណៈកម្មការវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យនិយមន័យវប្បធម៌ថា ជាការបណ្តុះចំណេះវិជ្ជា, ប្រាជ្ញា, សារតី និងរបៀបរស់នៅរបស់មនុស្សឱ្យបានលូតលាស់ចម្រើន ដើម្បីសម្របសម្រួលទៅនឹងបរិស្ថាន និងការអភិវឌ្ឍសង្គមដោយវិទ្យាសាស្ត្រ ឬដោយសិល្បៈផ្សេងៗជាដើម។

«វប្បធម៌» ត្រូវបានបុព្វបុរសខ្មែរផ្តល់តម្លៃខ្ពស់បំផុត និងចាត់ជាធាតុដ៏សំខាន់សម្រាប់សង្គមជាតិ រហូតបានតាក់តែងជាពាក្យមួយឃ្លាថា «វប្បធម៌រលត់ ជាតិរលាយ» ថែមទៀតផង។ ដោយយល់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ និងជាស៊ីម៉ង់តិ៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយ ទៅប្រទេសមួយ ដែលជាមធ្យោបាយនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជាតិទាំងមូលស្របតាមទិសស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌» ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យរៀបចំទិវាវប្បធម៌ជាតិ៣មីនា រៀងរាល់ឆ្នាំ។
ទិវាវប្បធម៌ជាតិ៣មីនា ត្រូវបានចាត់ទុកជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិ ក្នុងការរំលឹកដល់គុណូបការៈចំពោះបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប ដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ និងជាទិវាបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀបទម្លាប់ ប្រពៃណីជាតិ ពីសំណាក់ប្រជាពលរដ្ឋ។ ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន មានកាតព្វកិច្ចចូលរួមថែរក្សាការពារនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៅកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ ៕ធ.ដ