ទិវាសត្វព្រៃពិភពលោក៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញប្រជាពលរដ្ឋចូលរួមអភិរក្សសត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃដើម្បីការពារសុខភាពរបស់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ពិភពលោកទាំងមូលបានប្រារព្ធទិវាសត្វព្រៃពិភពលោក ថ្ងៃទី៣ ខែមីនាក្រោមប្រធានបទ «ធ្វើឱ្យមាននិរន្តរភាពជីវិតលើភពផែនដី»។ ទិវាសត្វព្រៃពិភពលោកនេះ ត្រូវបានប្រារព្ធឡើងដើម្បីបង្ហាញពីជីវិតសត្វនិងរុក្ខជាតិដ៏សម្បូណ៌បែប ដែលមាននៅលើភពផែនដី និងផ្សព្វផ្សាយពីគុណតម្លៃនៃជីវៈចម្រុះទាំងនេះ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើដល់ប្រជាពលរដ្ឋ។ ទិវានេះក៏ជាការរំឭកដល់មនុស្សគ្រប់រូបអំពីភាពចាំបាច់នៃការចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មលើសត្វព្រៃ និងការធ្លាក់ចុះនូវប្រភេទសត្វព្រៃខ្លះដោយសកម្មភាពមនុស្ស ដែលនេះអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សានិងអភិរក្សជីវៈចម្រុះ ជីវិតសត្វនិងរុក្ខជាតិតូចធំនៅក្នុងតំបន់ការពារធម្មជាតិដើម្បី រក្សាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ឯកឧត្តមបានថ្លែង ថាក្នុងការសង្គ្រោះសត្វព្រៃ និងអភិរក្សសត្វព្រៃ មន្ត្រីឧទ្យានុរក្សដែលបានឈរជើងការពារតំបន់ការពារធម្មជាតិនានាបានដោះអន្ទាក់ចេញពីក្នុងព្រៃបានចំនួន ១៧ ១៧៥ អន្ទាក់កាលពីឆ្នាំ ២០១៩ កន្លងទៅគឺមាន ការកើនឡើងជាងឆ្នាំ ២០១៨ ចំនួន ៥០០០ អន្ទាក់។ ខេត្តដែលបានដោះអន្ទាក់បានច្រើនជាងគេគឺខេត្ត កោះកុងដែលមានចំនួន ៧០៧៤ អន្ទាក់នៅឆ្នាំ ២០១៩។

យោងតាមរបាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបាន បង្ហាញ វត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២ ៣០៨ ប្រភេទ  ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង ២៤ ប្រភេទផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយ ចំនួន ទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។

មានប្រភេទរុក្ខជាតិ និងសត្វដែល បាន កំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដូចជា ថនឹកសត្វ ៣៩ ប្រភេទក្នុងនោះប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះរួមមានដំរីអាស៊ី ខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស រមាំង កែះ ប្រើសស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចផ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃ រីឯសត្វស្លាប ៣៦ ប្រភេទដែលជិតផុតពូជ និងងាយរងគ្រោះរួមមានត្រយងយក្ស ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោតត្នោត ត្មាតភ្លើង ក្រផលក្បាលក្រហម អង្កត់ខ្មៅជាដើម ឧរង្គសត្វ ១៣ ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ។

ឯកឧត្តមបានថ្លែងថា ៖ «សត្វព្រៃនិងរុក្ខជាតិ ដែលមាននៅលើ ភពផែនដីនេះគឺពិតជាមានសារៈប្រយោជន៍មិនអាចកាត់ថ្លែបាន ផ្នែកប្រព័ន្ធអេកូឡូស៊ី ហ្សេនេទិក សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ ផ្សាភ្ជាប់នឹងជីវិតរស់នៅរបស់មនុស្សនិងការអភិវឌ្ឍដោយចីរភាពផងដែរ»។ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សត្វព្រៃនិងសត្វស្លាបមួយចំនួនដែលពិភពលោកជិតផុតពូជ គឺមានវត្ត មាននៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញឱ្យប្រ ជាពលរដ្ឋចូលរួមការពារនិងអភិរក្សសត្វព្រៃនៅកម្ពុជា និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ សត្វចាប់សត្វព្រៃខុសច្បាប់ដែលត្រូវប្រឈមនឹងច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំបរិភោគសាច់សត្វព្រៃព្រោះមានមេរោគ និងគ្មានការត្រួតពិនិត្យត្រឹមត្រូវ ដែលធ្វើឱ្យមានការប៉ះពាល់ដល់សុខភាព។ លោកបន្តថា ក្រោយពីការផ្ទុះជំងឺកូវីដ ១៩ ប្រទេសចិនបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វព្រៃ និងកុំជួញដូរសត្វព្រៃ។

ឯកឧត្តម បានថ្លែងថាតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ការបរិភោគសាច់សត្វ ព្រៃមិនមានប្រយោជន៍សម្រាប់សុខភាពទេ ប៉ុន្តែអាចប្រឈមនឹងជំងឺឆ្លងផ្សេងៗ ក៏ដូចជាចម្លងមេរោគផង ដែរ។ ឯកឧត្តម បន្តថា មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តាខេត្តនានាបានចុះពិនិត្យជាប្រចាំនៅ តាមទីផ្សារនានា និងនៅតាមភោជនីយដ្ឋាន មិនអនុញ្ញាតិឱ្យលក់សាច់សត្វព្រៃឡើយ។ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើឃើញមានការលក់សាច់សត្វព្រៃ សូមទាក់ទងមកមន្ត្រីជំនាញដើម្បីចាត់វិធានការតាមច្បាប់»។

ឆ្លៀតក្នុងឱកាសនៃទិវាពិភពលោកសត្វព្រៃនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់សាជាថ្មីនូវការតាំងចិត្តខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ «កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិគឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា ដោយបានបន្ថែមថា៖«កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។


 
ឯកឧត្តមបានថ្លែងថា ក្រសួងបរិស្ថានមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ហើយបានលើកឡើងថាគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បី លុបបំបាត់ការជួញដូរខុសច្បាប់នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner