កប៉ាល់ដឹកទំនិញ Ever Given បានចាកចេញពីអេហ្ស៊ីបហើយ ក្រោយនិយាយត្រូវគ្នាថ្លៃសំណងជាមួយអាជ្ញាធរ
កប៉ាល់ដឹកទំនិញយក្ស Ever Given ដែលធ្វើឲ្យជាប់គាំងនៅព្រែកជីកស៊ុយអេកាលពីខែមីនា បានចាកចេញពីទឹកដីអេហ្ស៊ីបហើយកាលពីថ្ងៃពុធ ក្រោយពេលដែលអាជ្ញាធរព្រែកជីកស៊ុយអេ (SCA) ត្រូវរ៉ូវគ្នារឿងថ្លៃសំណងផ្សេងៗជាមួយម្ចាស់កប៉ាល់ក្រុមហ៊ុនជប៉ុន Shoei Kisen និងក្រុមហ៊ុនធានារ៉ាប់រងអង់គ្លេស UK Club។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

កប៉ាល់យក្សនេះមានប្រវែងប្រមាណ ៤០០ម៉ែត្រ បានរាំងខ្ទប់ព្រែកជីកស៊ុយអេដែលមានប្រវែង ១៩៣គីឡូម៉ែត្រ ទទឹងប្រមាណ ២០០ម៉ែត្រ រយៈពេល ៦ថ្ងៃ កាលពីខែមីនាកន្លងទៅ ដែលធ្វើឲ្យកកស្ទះពាណិជ្ជកម្មពិភពលោក ខណៈព្រែកជីកនេះជាផ្លូវនាវាចរដ៏សំខាន់ក្នុងការតភ្ជាប់ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី។ ក្រោយអាជ្ញាធរ SCA សង្គ្រោះកប៉ាល់នេះចេញ កប៉ាល់នេះត្រូវជាប់នៅអេហ្ស៊ីបចំនួន ៣ខែ ដោយសារតែនិយាយរឿងថ្លៃសំណងលើប្រតិបត្តិការសង្គ្រោះកប៉ាល់ ថ្លៃខូចខាតព្រែកជីក និងថ្លៃផ្សេងៗទៀត។

BBC បានចុះផ្សាយថា SCA នៅពេលដំបូងទារសំណងសរុប ៩១៦លានដុល្លារ ដោយ ៣០០លានដុល្លារសម្រាប់ថ្លៃសង្គ្រោះកប៉ាល់ និង៣០០លានដុល្លារសម្រាប់ថ្លៃប៉ះប៉ូវជំងឺចិត្ត តែត្រូវបានក្រុមហ៊ុនធានារ៉ាប់រង UK Club បដិសេធនឹងការទាមទារនេះ។ ក្រោយមកអាជ្ញាធរព្រែកជីកបានបញ្ចុះថ្លៃត្រឹម ៥៥០លានដុល្លារ តែថ្លៃសំណងចុងក្រោយ ដែលព្រមព្រៀងគ្នាកាលពីប៉ុន្មានថ្ងៃមុន ហើយចុះកិច្ចសន្យានៅថ្ងៃពុធ មិនត្រូវបានទម្លាយជាសាធារណៈនោះទេ៕ ហ៊ីម រដ្ឋា