តាលីបង់វាយយកទីប្រជុំជនខេត្តអាហ្វហ្គានីស្ថានដ៏សំខាន់មួយ ខណៈអាមេរិកពន្លឿនការដកកងទ័ព
នៅថ្ងៃពុធនេះ ក្រុមតាលីបង់បានវាយសម្រុកចូលទីក្រុងដ៏សំខាន់មួយនៅភាគពាយព្យប្រទេសអាហ្វហ្គានីស្ថាន ហើយបានទទួលយកការចុះចាញ់មន្ត្រីសន្តិសុខជាន់ខ្ពស់នៅទីនោះ ខណៈពេលដែលតំណាងក្រុមឧទ្ទាមនេះ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានជួបប្រជុំដើម្បីចរចាសន្តិភាពនៅប្រទេសអ៊ីរ៉ង់។

តាលីបង់បានវាយប្រហារទីក្រុង Qala-i-Naw ដែលជារដ្ឋធានីនៃខេត្ត Badghis ហើយបានចូលកាន់កាប់អគារទីស្នាក់ការប៉ូលិស និងភ្នាក់ងារចារកម្មគឺនាយកដ្ឋានសន្តិសុខជាតិ (NSD) នៃខេត្តនេះ មុននឹងទៅវាប្រហារខុទ្ទកាល័អភិបាលខេត្ត ប៉ុន្តែត្រូវដកថយវិញបន្ទាប់ពីការវាយបកវិញដោយកងកម្លាំងពិសេស និងការវាយប្រហារតាមអាកាស។
លោក Fawad Aman អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បាននិយាយថាកងកម្លាំងរដ្ឋាភិបាលបានចូលគ្រប់គ្រងការិយាល័យប៉ូលិស និងការិយាល័យ NDS ឡើងវិញ ហើយក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពួកគេបានធ្វើការបោសសំអាតយុទ្ធជនតាលីបង់ចេញពីទីក្រុង។
លោក Aman បាននិយាយថា៖ «ខ្ញុំចង់ធានាដល់ប្រជាជនថាកងកំលាំងសន្តិសុខ និងការពារជាតិពេលនេះមានវត្តមាននៅទូទាំងទីក្រុង។ ការវាយប្រហាររបស់សត្រូវបានគេរកឃើញទាំងស្រុង ហើយពួកគេបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ។
ការវាយប្រហារទៅលើទីក្រុង Qala-i-Naw គឺជាការវាយប្រហារធំលើកទី ១ ទៅលើទីរួមខេត្តចាប់តាំងពីក្រុមឧទ្ទាមបានចាប់ផ្ដើមវាយលុកខ្នាតធំ បើទោះបីជាទីក្រុងជាច្រើនគឺស្ថិតក្រោមការឡោមព័ទ្ធរបស់ក្រុមនេះក៏ដោយ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្រុមឧទ្ទាមតាលីបង់បានចូលកាន់កាប់ដែនដីអាហ្វហ្គានីស្ថានជាច្រើនជាពិសេសនៅខាងជើងប្រទេស បន្ទាប់ពីអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានពន្លឿនការដកកងកម្លាំងប្រដាប់អាវុធរបស់ពួកគេចេញ ធ្វើសង្គ្រាមស៊ីវិលកាន់តែអាចនឹងផ្ទុះឡើង។ កាលពីដើមសប្ដាហ៍នេះ អាមេរិកបាននិយាយថាការដកទាហានរបស់ពួកគេបានរួចរាល់ជាងចំនួន ៩០%ទៅហើយ។
ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នានៅ Qala-i-Naw អ្នកទោសជាង ២០០ នាក់ ដែលរួមទាំងសមាជិកក្រុមតាលីបង់រត់គេចខ្លួនពីពន្ធនាគារក្នុងទីក្រុងនេះ។ នៅចំណុចកំពូលនៃការវាយប្រហារនេះ កងកម្លាំងរដ្ឋាភិបាលត្រូវបានបង្ខំឱ្យចូលក្នុងមូលដ្ឋានកងទ័ពតូចមួយ។
ការកើនឡើងការប្រយុទ្ធគ្នានេះបានកើតឡើងខណៈពេលដែលភាគីតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានជួបគ្នានៅអ៊ីរ៉ង់ ដើម្បីចរចាសន្តិភាព ខណៈពេលដែលការចរចាផ្លូវការនៅប្រទេសកាតាបានជាប់គាំងអស់រយៈពេលជាច្រើនខែហើយនោះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានទទូចសុំដល់ប្រតិភូឱ្យ ធ្វើការសម្រេចចិត្តដ៏លំបាកមួយនៅថ្ងៃនេះ សម្រាប់អនាគតនៃប្រទេសរបស់ពួកគេ។ លោកបានបន្ថែមថាបន្ទាប់ពី«ការបរាជ័យរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន» អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការជួយក្នុងការពិភាក្សា ហើយដំណោះស្រាយនយោបាយគឺជា «ជម្រើសល្អបំផុត» សម្រាប់បញ្ចប់ជម្លោះ។
ការដួលរលំនៃខេត្ត Badghis ដោយមានឬគ្មានក្រុង Qala-i-Naw នឹងរឹតបន្តឹងការកាន់កាប់របស់តាលីបង់នៅភាគខាងលិចនៃប្រទេស ដែលជាប់នឹងព្រំដែនអ៊ីរ៉ង់។ ក្រុមយុទ្ធជន ក៏កំពុងចូលដណ្ដើមយកស្រុកនៅជិតខេត្ត Herat ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់សម្រាប់តំបន់នេះ។
ស្របពេលជាមួយគ្នានេះដែរ ក៏មានការដួលរលំតំបន់ប្រឆាំងតាលីបង់ដូចជាខេត្ត Badakhshan និងខេត្ត Takhar ទៅក្នុងដៃរបស់ក្រុមឧទ្ទាមនេះផងដែរ ដែលធ្វើឱ្យប៉ូលិស និងទាហានជាងមួយពាន់នាក់ភៀសខ្លួនទៅប្រទេសតាហ្ស៊ីគីស្ថាន។ បន្ទាប់ពីការភៀសខ្លួននេះប្រធានាធិបតីតាហ្ស៊ីគីស្ថាន លោក Emomali Rahmon បានបញ្ជាឱ្យចល័តទាហានបម្រុង ២០.០០០ នាក់ដើម្បីពង្រឹងព្រំដែនប្រទេសរបស់លោកជាមួយនឹងអាហ្វហ្គានីស្ថាន។
ប្រទេសតាហ្ស៊ីគីស្ថានកាលពីថ្ងៃពុធ ក៏បានអំពាវនាវដល់សមាជិកនៃប្លុកយោធាអតីតរដ្ឋនៃសហភាពសូវៀត ដែលដឹកនាំដោយរុស្ស៊ី ដើម្បីជួយដោះស្រាយបញ្ហាសន្តិសុខកើតចេញពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងមូស្គូបានសន្យាការពារសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ដែលរងផលប៉ះពាល់ពីភាពចលាចលនេះ។
ល្បឿននៃការកើនឡើងរបស់តាលីបង់បានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវពិនិត្យឡើងវិញនូវការព្រមានល្បឿននៃការដួលរលំនៃរដ្ឋធានីកាប៊ុល បន្ទាប់ពីការដកវត្តមាននៃទាហានអាមេរិក។
សហរដ្ឋអាមេរិក ដែលបានផ្ដួលរំលំរបបតាលីបង់ ដោយសារការផ្ដល់ការជ្រកកោនឱ្យមេដឹកនាំភេរវកម្មអូសាម៉ា ប៊ិនឡាដិនក្នុងឆ្នាំ ២០០១ ហើយចាប់តាំងពីពេលនោះបានជួយទ្រទ្រង់រដ្ឋាភិបាលទីក្រុងកាប៊ុល បានយល់ព្រមដកទាហានអាមេរិកចេញ កាលពីឆ្នាំមុន ដែលកាលនោះអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ។
អ្នកបន្តតំណែងពីលោកត្រាំ គឺលោកចូ បៃដិន បានបដិសេធយោបល់របស់ឧត្ដមសេនីយ៍ជាន់ខ្ពស់ ក្នុងការពន្យារការដកទាហានចេញ ដើម្បីបន្តការចរចាស្វែងរកដំណោះស្រាយនយោបាយជាមួយតាលីបង់។ កងទ័ពសហរដ្ឋអាមេរិកបានដកខ្លួនចេញពីមូលដ្ឋានសំខាន់របស់ពួកគេនៅឯអាកាសយានដ្ឋាន Bagram ភាគខាងជើងនៃទីក្រុងកាប៊ុលកាលពីថ្ងៃសុក្រ ប៉ុន្មានថ្ងៃបន្ទាប់ពីមេបញ្ជាការមូលដ្ឋាននោះបានព្រមានអំពីសង្គ្រាមស៊ីវិលដែលអាចកើតមាន ពេលដែលគ្មានពួកគេនៅទីនោះ៕ សុខ វេងឈាង