ភាពប្រះឆាគ្នាក្នុងទីផ្សារថាមពលរវាងអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត បង្កឱ្យតម្លៃប្រេងឡើងខ្ពស់

ការប៉ះទង្គិចគ្នាជាសាធារណៈដ៏ជូរចត់រវាងអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត ជុំវិញតម្លៃផលិតកម្មប្រេង​នៅ​សប្តាហ៍​នេះ បណ្តាលឱ្យកិច្ចពិភាក្សារវាងប្រទេស​ផលិតប្រេងធំជាងគេបំផុតនៅលើពិភពលោកទាំង​ពីរ​នេះ​​ត្រូវគេ​ចាត់​ទុក​ជា​មោឃៈ​ បណ្ដាល​ឱ្យ​ទីផ្សារ​ថាមពល​ក្នុង​ភាព​មិន​ជាក់​លាក់​ ដែល​នឹង​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុងរ​យៈពេល ៦​ឆ្នាំ។ នេះ​បើ​តាម​ឱ្យ​ដឹងពីការផ្សាយ​របស់​សារព័ត៌មាន​ BBC។

ក្រុម​ប្រទេសនាំ​ប្រេង​ចេញចំនួន ២៣ (Opec+) រួមមាន​ទាំង​អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ចេញ​ប្រេង​ និង​សម្ព័ន្ធមិត្តដូចជា ប្រទេសរុស្ស៊ី ត្រូវពន្យាពេលការចរចាររបស់ពួកគេ ដោយគ្មានការ​កំណត់​ច្បាស់លាស់​ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភ័យខ្លាចអំពីស្ថេរភាព​ក្រុមប្រទេស​ទទួល​​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រេង​ ​កំពុងប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ចពិភពលោកក្នុង​រយៈពេល ១៨ ខែកន្លងមក។

បញ្ហានេះបានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅ​ពេល ដែលប្រទេសអារ៉ាប់រួម បាន​ច្រាន​ចោល​សំណើរ​របស់មេដឹកនាំក្រុមប្រទេស​ Opec+​ គឺ​ប្រទេស​អារ៉ា​ប៊ីសាអូឌីត និងរុស្ស៊ី ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រីក​ការ​ទប់ស្កាត់​ទិន្នផល​សម្រាប់​ទប់​ទ​ល់​នឹង​ការ​នាំ​ចេញ​រយៈពេល ៨ ខែទៀត។

អារ៉ាប់រួម ចង់ចរចាឡើងវិញ​នូវមូលដ្ឋាន​បច្ចុប្បន្ន​របស់ខ្លួន ​ស្ដីអំពី ​កម្រិតពីការកាត់បន្ថយផលិតកម្ម ឬ ការកើនឡើង​ត្រូវបាន​គណនា​កន្លង​មក​ ដើម្បីផ្តល់សិទ្ធិសេរីភាពក្នុងការបូមប្រេងបន្ថែមទៀត។ ទោះយ៉ាងណា អារ៉ាប៊ីសាអូឌីត​ និងរុស្ស៊ី បានប្រឆាំង​នឹង​សំណើរ​របស់​អារ៉ាប់​រួម​។ ប្រតិកម្មនេះ បាន​ក្លាយ​ទៅជា​សកម្មភាព​​មិន​ធម្មតា​នៅពេល​ ដែល​​សម្ព័ន្ធមិត្តជិតស្និទ្ធ​រវាង​រដ្ឋមន្ត្រីថាមពលនៃអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត បានសំដែង​គោល​គំនិត​ផ្ទុយ​គ្នាជាសាធារណៈ​។

លោក Ben Cahill  សមាជិកជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ​នៅ​វ៉ាស៊ីនតោន​ បានប្រាប់​សារព័ត៌មាន​ BBC ថា៖ «ការប្រេះឆាគ្នា​នេះ​ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ប៉ុន្តែ​ភាពច្របូកច្របល់​ ដែល​អាច​កើត​មាន​ឡើង​បន្ទាប់​ពី​នេះ គឺជា​រឿង​​ជៀសមិនរួច»។

លោក​បានបន្តថា​៖ «សមត្ថភាពផលិតរបស់អារ៉ាប់រួម​ មាន​ភាព​ផ្ទុយពី​កូតារបស់ក្រុមប្រទេស​ Opec ។ ប្រទេស​នេះ បា​នវិនិយោគប្រាក់ជាច្រើន ដើម្បីបង្កើនផលិតកម្មរបស់ខ្លួន។ ហើយឥឡូវនេះ តម្រូវការ​ក៏​កំពុង​កើន​ឡើងដូចគ្នា​។ ដូច្នេះហើយទើប អារ៉ាប់រួម មាន​ភាព​អន្ទះសារ​អំពីភាព​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ផលិតកម្ម​កាលពីឆ្នាំ​មុន​»។

លទ្ធផល​នៅ​ក្នុង​ក្រុមប្រទេស​ Opec+​ គឺ​ជាការបន្សល់ ​ដោយការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដែលកំពុង​កើន​ឡើងរវាង ប្រទេសទាំងពីរ ដែល​ព្យាយាមធ្វើពង្រីក​កំណើន​សេដ្ឋកិច្ចលើ​វិស័យ​ចម្រុះ​​រៀងៗខ្លួន ដោយ​កាត់​បន្ថយកា​រពឹងផ្អែកសេដ្ឋ​កិច្ច​ខ្លួន​លើ​វិស័យ​​​ថាមពល​អ៊ីដ្រូកាបូននេះ​។

ប្រទេសអារ៉ាប់ប៊ីសាអូឌីតទៀតសោត ក៏​បានប្រកាន់យកនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ខ្លាំងក្លា​មួយ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Mohammed bin Salman ហើយ​បច្ចុប្បន្ន​ប្រទេស​នេះ កំពុងប្រកួតប្រជែង​ក្នុង​វិស័យ​មួយ​ចំនួន​ ដូចជា វិស័យទេសចរណ៍ សេវាកម្ម ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា​ជាដើម​។

លោក Neil Quilliam អ្នក​សិក្សា និង​វិភាគ​​កិច្ចការ​អន្តរជាតិ​នៅ​ស្ថាប័ន Chatham House ប្រចាំ​ការ​នា​ទីក្រុងឡុង បាន​ឱ្យដឹងថា​៖ «អារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសយក្សនៅក្នុងតំបន់ ដែលកំពុងងើប​ឡើង​វិញ​។ ហើយ​ការ​ងើប​ឡើង​នេះ ពេល​ខ្លះ​បង្ក​ជា​​ក្តី​កង្វល់ដល់​អារ៉ាប់រួម»​។

លោ​ក​បន្តថា​៖ «ក្នុងរ​យៈពេល ១៥ ទៅ ២០ ឆ្នាំខាងមុខ ប្រសិនបើអារ៉ាប៊ីសាអូឌីត ផ្លាស់ប្តូរ​ទៅ​ជា​សេដ្ឋកិ​ច្ច​​ដ៏​មាន​អំណាច​នោះ​ វា​នឹងក្លាយ​ជាកា​រគំរាមកំហែងមួយ​សម្រាប់គំ​រូសេដ្ឋកិច្ចអារ៉ាប់​រួម​»​។

យ៉ាងណាមិញ គ្មាន​អ្នកណា​ទាន់​អាច​និយាយបាន​ថា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម អាច​នឹងយល់​ព្រម​លើ​​​កិច្ចព្រ​មព្រៀង Opec+ ​ថ្មីនេះ​ដែរឬទេ​។

ប៉ុន្តែលោក Ali Shihabi អ្នកវិភាគអារ៉ាប៊ីសាអូឌីត មិនជឿថា ការប្រេះឆានេះនឹងរារាំង​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ ​ក្នុងរយៈពេលវែង​នោះទេ បើ​ទោះបីជា ជំហរម៉ឺងម៉ាត់របស់អារ៉ាប់រួម បានធ្វើឱ្យ​មាន​ការ​ភ្ញាក់​ពី​អារ៉ាប់ប៊ីសាអូឌីត​​ក៏​ដោយ​។ លោក​ជឿជាក់​ថា រាល់ទំនាក់ទំនង​ប្រទេស​នានា តែង​ឆ្លងកាត់​ការ​លំបាក​ និង​ទំនាស់​មួយ​ចំនួន រួមទាំង សហរដ្ឋអាមេរិក និង​ចក្រភពអង់គ្លេសផងនោះ​។ ប៉ុន្តែ មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនងនេះ​រឹង​មាំ​ខ្លាំង​ ដែល​មិន​អាច​ប​ង្កការខូចខាតជាអចិន្ត្រៃយ៍ដល់​សម្ព័ន្ធមិត្តនេះ​ទេ​។

លោក Eman Alhussein អ្នក​សិក្សា​នៅ​វិទ្យាស្ថាននៅឈូងសមុទ្រអារ៉ាប់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន មាន​ប្រសាសន៍​ថា៖ « ការប្រកួតប្រជែង​ក្នុងតំបន់រវាងបណ្តាប្រទេសឈូងសមុទ្រ បាន​កើនឡើង​ជា​ខ្លាំង​នា​ពេលថ្មីៗ​​នេះ ខណៈ​ដែលអារ៉ាប៊ីសាអ៊ូឌីតនិងអារ៉ាប់រួម កំពុងព្យាយាមទាក់ទាញ​វិនិយោគិន និង​​ទេពកោសល្យពី​បរទេស»។

លោក​បន្តថា៖ «ទោះយ៉ាងណាអារ៉ាប់ប៊ីសាអូឌីត និងអារ៉ាប់រួម នៅតែរក្សាកិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យផ្សេងៗ​។​ បណ្តាប្រទេសនៅឈូងសមុទ្រ កំពុង​រៀនរស់នៅជាមួយ​ បើទោះ​ប្រទេស​នីមួយៗ​មាន​ភាព​ខុស​គ្នា​រៀង​ៗខ្លួន​យ៉ាងណាក្ដី​»​។ សៅ សម្ភស្ស

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner