អ្នកនាំពាក្យក្រសួងផែនការ៖អ្នករងគ្រោះក្រោយការបិទខ្ទប់, ឆ្លងជំងឺកូវីដ១៩ និងមរណភាពប្រមាណ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ភ្នំពេញៈ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍ប្រាប់ AMS កាលពីល្ងាចថ្ងៃទី៨ ខែកក្កដា នេះថា ជាលទ្ធផលក្រសួងផែនការបានរកឃើញគ្រួសារដែលមានការលំបាកផ្នែកជីវភាព និងសម្ភាសន៍ជាប់ ដើម្បីទទួលប្រាក់ឧបត្ថម្ភក្នុងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ មានទាំង៣តំបន់ គឺរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ នៅទូទាំងប្រទេសបន្ថែមលើដំណាក់កាលទី១ ដែលកំពុងបើកប្រាក់ ជាលទ្ធផលបានរកឃើញក្នុងដំណាក់កាលទី២ មានចំនួនសរុបជាង៥ម៉ឺន៩ពាន់គ្រួសារ ដែលស្មើនឹងចំនួនប្រជាជនសរុបចំនួនប្រមាណជាង ១៩ម៉ឺននាក់។

អ្នកនាំពាក្យក្រសួងផែនការបានបញ្ជាក់ថា “ទាំងពីរដំណាក់កាលនេះ យើងរកឃើញសរុបមានចំនួនប្រមាណជា១២ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបប្រមាណជា៤០ម៉ឺននាក់ ដែលត្រូវបានទទួលបានឧបត្ថម្ភពីរាជរដ្ឋាភិបាល។ យើងទទួលបានគោលការណ៍ឱ្យស្វែងរកគ្រួសារដែលមានបញ្ហាជីវភាពបន្ថែមទៀត ដើម្បីទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គមនេះ។ សូមឱ្យគ្រួសារដែលមានបញ្ហាជីវភាពផ្សេងៗ អាចទៅដាក់ពាក្យស្នើសុំនៅឃុំ សង្កាត់ ដើម្បីសម្ភាសន៍បាន”។ រីឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពីការចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី២ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគួ្រសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១” សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលត្រូវបានកំណត់អត្តសញ្ញណ។

បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៨ ខែកក្កដា នេះបានឱ្យដឹងថា ក្រោមការណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ក្រុមប្រឹក្សាជាតិគាំពារសង្គម សូមជូនដំណឹងដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលត្រូវបានកំណត់អត្តសញ្ញាណឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវី៨-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងដំណាក់កាលទី២ អញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ឈរវីងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អ៊ែប (App) របស់ធនាគារវីង ក្នុងទូរសព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ឱ្យបានខ្ជាប់ខ្លួន ដើម្បីរួមគ្នាទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងបានបន្តថា ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្រោយការបិទខ្ទប់នេះ គូសរំលេចឱ្យឃើញជាថ្មីម្ដងទៀតនូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ក្នុងការជួយកាត់បន្ថយការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដោយមិនឱ្យពលរដ្ឋស្លាប់ដោយអត់បាយ និងដោយគ្មានការយកចិត្តទុកដាក់នោះទេ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner