ក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU)ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យដំណាំ បន្លែ នៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ កាលពីទី០៨ ខែកក្កដា ឆ្នំា២០២១ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្ម បន្លែ” រវាងក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ក្រោមអធិបតីឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម KARIMATA ATSUHI ឧបទូតនៃស្ថានទូតជប៉ុន និងឧកញ៉ា ហង់ សុគន្ធ ប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បណ្ឌិត NABESHIMA Katsuhito នាយកក្រុមហ៊ុន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម KARIMATA ATSUHI មានលើកឡើងអំពីសក្តានុពលវិស័យកសិកម្មកម្ពុជា លក្ខខណ្ឌអំណោយផល បញ្ហាប្រឈម ខ្សែច្រវាក់តម្លៃបន្ថែមបន្លែ និងម្ហូបអាហារ ទីផ្សារ ឱកាសការងារ ប្រាក់ចំណូល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជប៉ុនសមស្រប។ កត្តាទាំងអស់នេះ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា តាមរយ:ខ្លឹមសារ ចុះMOU ភាគីទាំងពីរ នឹងយកទៅអនុវត្តប្រកបដោយបរិយាកាសសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ក្នុងភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មបន្លែនៅកម្ពុជាឲ្យទទួលបានជោគជ័យ និងជាពិសេសផ្តល់ប្រយោជន៍ដោយត្រង់ដល់ប្រជាកសិករ អ្នកផលិត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជាអនេកជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាន និងកំពុងបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការវិនិយោគលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បើទោះបីពិភពលោក ក៏ដូចកម្ពុជាដែរកំពុងជួបបញ្ហាជំងឺឆ្លងកូវីដ-១៩។ ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុនជប៉ុន Yamato Green បានចាប់ដៃគូជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្នុងបំណងពង្រឹង និងពង្រីកកិច្ចសហការស៊ីជម្រៅ យូអង្វែងធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានៅថ្ងៃអនាគត។ ខ្លឹមសារ MOU នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វាប្រាកដជានឹងជួយបំពេញនូវអត្ថប្រយោជន៍ឲ្យគ្នាទៅ វិញទៅមក រវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ និងជាពិសេសការអនុវត្ត MOU នេះ ពិតជានឹងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាពឲ្យកាន់តែល្អប្រសើរ មិនតែប៉ុណ្ណោះ MOUនេះ ពិតជាចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុង និងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល។
សូមជម្រាបថា ក្រុមហ៊ុន Yamato Green Co., Ltd កំពុងចូលរួមអភិវឌ្ឍន៍វិស័យដំណាំបន្លែ តាម រយៈការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបរបស់ជប៉ុន។ ក្រុមហ៊ុនបានចុះ MOU ជាមួយក្រសួងកសិកម្ម ដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព។ ដោយឡែក សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាត្រូវបានបង្កើត និងចុះបញ្ជីផ្លូវការនៅក្រសួងកសិកម្ម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
សម្ព័ន្ធសហគមន៍បានចុះ MOU ជាមួយក្រុមហ៊ុនឯកជន មីក្រូហិរញ្ញវត្ថុមួយចំនួន និងជាមួយម្ចាស់ជំនួយអន្តរជាតិ DGRV អាល្លឺម៉ង់។ ក្រៅពីនេះសម្ព័ន្ធបានជួយសម្របសម្រួលជាមួយមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់ប្រាក់កម្ចីដល់សមាជិកសហគមន៍កសិកម្មផងដែរ៕








