រថយន្តកាមរីបាឡែនពន្លះរថយន្តហាយឡែនឌ័រត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាល្យខូចខាតរៀងខ្លួន
ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងប្រុសស្រីបីនាក់ទៀត សង្ស័យស្រវឹងស្រាបើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបង្អង់ល្បឿនទៅបុកជាមួយរថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹងបណ្តាលឲ្យថយន្តហាយឡែនឌ័រវិលមួយជុំនិងរងការខូចខាតយ៉ាងដំណំរៀងខ្លូន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ០៩ ខែកក្កដាឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវ៣០៧ កែងនឹង ៦០៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីជនជាតិខ្មែរម្នាក់រួមដំណើរនឹងបុរសជនជាតិកូរ៉េម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AS-0950ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០៦ទិសដៅពីកើតទៅលិចលុះដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2Q-0495បើកបតដោយបុរសម្នាក់រួមដំណើរនឹងប្រុសស្រីបីនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តហាយឡែនឌ័រខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡិនឌ័រវិលមួយជុំទៅមុខលែងរួច ចំណែករថយន្តកាំមរីបាឡែនខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់មិនបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា


