ផ្លូវក្រាលកៅស៊ូDBST មួយខ្សែប្រវែង ៣៦០ម៉ែត្រស្ថិតនៅជាប់ព្រំដែនខ្មែរ-ថៃ នៃ ច្រកទ្វារអន្តរជាតិ “គីឡូ១៣-ភ្នំដី” ស្រុកសំពៅលូន គ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរ នៅចុងខែកក្កដានេះ
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ ផ្លូវក្រាលកៅស៊ូDBST.មួយខ្សែដែលមានប្រវែងចំនួន៣៦០ម៉ែត្រ សាងសង់ដោយកញ្ចប់ថវិការបស់ក្រសួងសាធារណការ និងអនុវត្តគំរោងដោយផ្ទាលពីមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលក្រុមការងាររបស់មន្ទីរកំពុងតែធ្វើយ៉ាងសកម្មនេះគ្រោងនិងបញ្ចប់នូវការសាងសង់ឲ្យរួចរាល់ជាស្ថាពរ នៅចុងខែកក្កដាឆ្នាំ២០២១នេះ។លោកបានបញ្ជាក់ទៀតថា៖ផ្លូវមួយខ្សែនេះគឺបានចាប់ផ្តើមស្ថាបនានៅដើមខែកក្កដានេះ ដើម្បីជាការឆ្លើយតបទៅនិងសំណូមពរចាំបាច់របស់រដ្ឋបាលខេត្តបាត់ដំបង ជាពិសេសឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមានសំណើរដោយទទូចពីអាជ្ញាធរនៃរដ្ឋបាលស្រុកសំពៅលូន ដែលបានលើកសំណើរស្នើសុំមកអាជ្ញាធរខេត្ត តាមរយៈក្រុមការងារចុះជួយស្រុកកន្លងមកផងដែរ។
ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពនិងចុះសាកសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យជួរមុខដែលកំពុងតែបំពេញកិច្ចការងារក្នុងការព្យាបាល និងថែទាំអ្នកជំងឺកូវីដ-19 នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងទីតាំងពិនិត្យសុចភាពនិងព្យាបាលអ្នកជំងឺកូវីដ-19ស្រាលៗ តាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ជាប់និងភូមិសាស្ត្រខេត្តបាត់ដំបង កាលពីចុងសប្តាហ៍ថ្មីៗនេះ។
បើតាមការគូសបញ្ជាក់ពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង ក៏បានឲ្យដឹងបន្ថែមទៀតថា៖ គម្រោងជួសជុលបន្ទាន់នៅលើកំណាត់ផ្លូវខេត្តលេខ ១៥៩២ ដែលបាននិងកំពុងតែធ្វើការស្ថាបនាជាផ្លូវក្រាលកៅស៊ូ (DBST) មានប្រវែងសរុប៣៦០មនិងទទឹងផ្លូវ៩ម ដែលស្ថិតនៅជាប់និងព្រំដែនថៃខ្មែ-ថៃ ជាប់និងមាត់ច្រកអន្តរជាតិគីឡូ១៣(ភ្នំដី) ស្ថិតនៅក្នុងឃុំសន្តិភាព នៃស្រុកសំពៅលូន ខេត្តបាត់ដំបង ។ហើយក្នុងនោះ ក៏មានកាយដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀង នៅក្បែរខាងផ្លូវតាមមុខផ្ទះប្រជាពលរដ្ឋផងដែរ ដោយកំណត់ឲ្យប្រជាជននៅទីនោះចូលរួមដាក់លូ តាមមុខផ្ទះរបស់ខ្លួន។
តាមរយៈនៃការចុះត្រួតពិនិត្យមើល ពីវឌ្ឍនភាពការងារ ដែលកំពុងតែអនុវត្តនូវគំរោង និងធ្វើការកែលម្អជួសជុលជាបន្ទាន់ឡើងវិញនៅលើកំណាត់ផ្លូវខេត្តមួយខ្សែ ខាងលើនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមជាទីប្រឹក្សា សម្តេចក្រឡាហោម រួមថ្នាក់ដឹកនាំបណ្តាស្ថាប័នមន្ទីរនិងអង្គភាពកងកម្លាំងមួយចំនួន ព្រមទាំងវត្តមានពីអាជ្ញាធររដ្ឋបាលស្រុកនៅទីនោះផងដែរ បានចុះទៅពិនិត្យមើលកំណាត់ផ្លូវខេត្តមួយនេះ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងឲ្យដឹងទៀតថា៖ ផ្លូវមួយខ្សែនេះ វាពិតជាមានសារៈសំខាន់ណាស់ដែលពាក់ព័ន្ធការធ្វើចរាចរយានយន្តគ្រប់ប្រភេទក្នុងការចេញចូលទៅច្រកទ្វារព្រំដែននិងជួយសំរួលដល់ការលំបាកកន្លងមក ហើយថែមទាំងឆ្លើយតបទៅនិងសំណូមពរដែលជាតម្រូវការចាំបាច់ របស់អាជ្ញាធរស្រុកនិងមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋទូទៅនៅទីនេះ បានប្រើប្រាស់ដើម្បីជាប្រយោជន៍សាធារណៈទូទៅផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )


























