បុរសម្នាក់ បើករថយន្តមួយគ្រឿងបុកគូថរថយន្តបែនដឹកដីពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តមួយគ្រឿង ក្ន្ងងល្បឿនលឿនបុកពីក្រោយគូថរថយន្តបែនដឹកដីពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីធុនធំមួយគ្រឿង ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង ម៉ាក Ford ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0601 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងស្រប់ទិសគ្នា ក្នុងល្បឿនលឿន ដោយសង្ស័យថាងងុយដេក ក៏ស្រាប់តែអកហ្សឺជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកពីក្រោយគូថរថយន្តបែនដឹកដីធុនធំពេញទំហឹង បណ្តាលឱ្យរថយន្តបង្កម៉ាក Ford ranger រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហើយភ្លាមនោះ រថយន្តបែនដឹកដីធុនធំក៏បន្តបើកធ្វើដំណើរទៅបាត់ពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញមិនខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏សម្រេចឱ្យម្ចាស់រថយន្តបង្កម៉ាក Ford ranger ធ្វើការទំនាក់ទំនងទៅខាងរថយន្តស្ទូចឱ្យមកស្ទូចយកចេញទៅជួសជុលដោយខ្លួនឯងតែម្ដង៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner