សម្ដេចតេជោ ហ៊ុន សែន សុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន និងចង់ឱ្យពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ក្រោយអត់ហ៊ានសម្រេចក្តី រឿងកីឡាករវៃខុសលក្ខន្តិកៈ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន ជាពិសេស ទាក់ទងនឹងវិស័យកីឡាប្រដាល់ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើរដូចនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ ដោយអត់ទ្រាំមិនបានខ្ញុំសូម
ចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់
ដែលស្រឡាញ់វិស័យកីឡា។
សម្ដេចបន្តថា តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។
សម្ដេចតេជោ បានលើកឡើងទៀតថា តើឱ្យកីឡាប្រដាល់យើង ឈានទៅមុខម្តេចបាន
បើសហព័ន្ធកីឡាប្រដាល់យើង ទុក
ឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាត ហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់, បើទាត់ខុស ត្រូវពិន័យកាតលឿង ឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់១១ម៉ែត្រភ្លាមៗ ដោយមិនទុកពេលឱ្យតវ៉ានោះទេ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ខ្ញុំមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់
តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាល ត្រូវតែមានយុត្តិធម៌ក្នុងខ្លួន៕ ដោយ វណ្ណលុក







