បន្ទាប់ពីសម្តេចតេជោ ប្រតិកម្ម សហព័ន្ធប្រដាល់សម្រេចឱ្យ ឃីម បូរ៉ា ឈ្នះការប្រកួត
(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC បានសម្រេចឱ្យកីឡាករ ឃីម បូរ៉ា ឈ្នះការប្រកួតតែម្តង ដោយមិនលើកពេលការប្រកួតនោះឡើយ។ ការសម្រេចឱ្យកីឡាករ ឃីម បូរ៉ា ឈ្នះនេះ បន្ទាប់ពីមានការប្រតិកម្មពីសណាក់សម្តេចតេជោ ហ៊ុន សែន ។

លោក ស៊ីថូ ណាថាន់ អ្នកគ្រប់គ្រងផ្នែកកីឡានៅ CBS បានគូសបញ្ជាក់លើហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះ «សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC សម្រេចមិនលើកពេលប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដោយប្រគល់ជ័យលាភីឲ្យទៅ ឃីម បូរ៉ា» ខ្សែក្រវាត់មួយ និងថវិកា ៥ពាន់ដុល្លារ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១មួយ មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោលជល់កំពូលជើងឯង» នៅសង្វៀន CBS រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា។

ការប្រកួតដល់ទឹកទី៣ កីឡាករ ម៉ឺន មេឃា បានចាប់បោកកីឡករ ឃឹម បូរ៉ា ឱ្យសន្លប់ស្តូកស្តឹងលើសង្វៀន ដែលខុសនឹងលក្ខន្តិកៈនៃការប្រកួត។ ភ្លាមៗនោះ គណៈកម្មការនៃការប្រកួត បានសម្រេចលើកពេលប្រកួតទៅពីរសប្តាហ៍ក្រោយ ដោយមិនសម្រេចឱ្យ ម៉ឺន មេឃា ចាញ់ការប្រកួតនោះឡើយ។

ការសម្រេចបែបនេះ បាននាំឱ្យមានការប្រតិកម្មជាខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុកថា «ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ»។

សម្តេចតេជោបន្តថា «តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ»។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ សម្តេចតេជោ ក៏បានសុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួនផងដែរ៕