ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ: អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងរាជធានីភ្នំពេញ មានជាង១ពាន់នាក់
ភ្នំពេញៈ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ អ្នកថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងរាជធានីភ្នំពេញ មានចំនួនសរុបជាង១ពាន់នាក់ និងជាសះស្បើយមានចំនួនជិត៣០០នាក់។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកថែទាំជំងឺកូវីដ១៩ នៅតាមផ្ទះគិតត្រឹមថ្ងៃទី១២ ខែកក្កដា នេះ មានចំនួន១០៣៣នាក់ កំពុងតែទទួលការព្យាបាលថែទាំនៅតាមផ្ទះ។ ចាប់តាំងពីអនុវត្តការថែទាំព្យាបាលតាមផ្ទះ អ្នកជំងឺដែលបានជាមានចំនួន២៦៨នាក់ បូកបន្ថែមពីលើចំនួនដែលកំពុងតែព្យាបាល។
ការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា “គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដានេះ អ្នកព្យាបាលតាមផ្ទះមានចំនួន១០៣៣នាក់ ក្នុងនោះមាននៅខណ្ឌសែនសុខចំនួន ២២៦នាក់ , ខណ្ឌមានជ័យ ចំនួន ១៣២នាក់ , ខណ្ឌពោធិ៍សែនជ័យ ចំនួន១១៨នាក់, ខណ្ឌបឹងកេងកងចំនួន៩៨នាក់ , ខណ្ឌដង្កោ ចំនួន៨៩នាក់, ខណ្ឌឫស្សីកែវ ចំនួន៦៥នាក់, ខណ្ឌច្បារអំពៅ ចំនួន៥៨នាក់, ខណ្ឌដូនពេញ ចំនួន៥៤នាក់, ខណ្ឌចំការមន ចំនួន៥៣នាក់, ខណ្ឌទួលគោក ចំនួន៣៩នាក់ , ខណ្ឌកំបូល ចំនួន៣៤នាក់ , ខណ្ឌជ្រោយចង្វារ ចំនួន ៣០នាក់ និងខណ្ឌព្រែកព្នៅ មានចំនួនមានចំនួនតិចជាងគេ”។ លោក ងី មានហេង បានបន្តទៀតថា ចំពោះអ្នកព្យាបាលជាមានចំនួន២៦៨នាក់ ចាប់តាំងពីអនុវត្តការព្យាបាលថែទាំតាមផ្ទះកាលពីចុងខែមេសា ហើយចំពោះកុមារ ដែលព្យាបាលថែទាំតាមផ្ទះមានចំនួនតិចតួច៕
ដោយៈពលជ័យ