រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយទេ

ភ្នំពេញៈ “តួលេខអ្នកឆ្លងជំងឺកូវីដ១៩ មិនទាន់ធូរស្រាលនៅឡើយទេ។ ត្រូវប្រុងប្រយ័ត្នចូលរួមអនុវត្ត «៣កុំ ៣ការពារ»។ នៅរាជធានីភ្នំពេញមិនទាន់ធ្ងន់ធ្ងរ ហើយក៏មិនទាន់ធូរស្រាលដែរ”។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទកាសែតផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញធ្វើសន្និសីទកាសែតផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អ្នកជំងឺកូវីដ១៩ កម្រិតស្រាលព្យាបាលថែទាំនៅតាមផ្ទះ គឺត្រូវនៅបន្ទប់ដាច់ដោយឡែក រក្សាគម្លាត២ម៉ែត្រ។ អ្នកពាក់ព័ន្ធក្នុងគ្រួសារត្រូវដាក់ខ្លួនដាច់ដោយឡែករយៈ១៤ថ្ងៃ និងមិនអនុញ្ញាតឱ្យដើរចេញក្រៅផ្ទះ។

ឯកឧត្តមបន្តថា ប្រជាពលរដ្ឋមានជំងឺកូវីដ១៩ ត្រូវចូលរួមជាមួយយរាជរដ្ឋាភិបាលនៅពេលដឹងខ្លួនមានវិជ្ជមាន និងត្រូវដាក់ខ្លួនដាច់ដោយឡែក។ ពេលដឹងខ្លួនមានវិជ្ជមានសូមទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ឬទូរស័ព្ទទៅលេខ១២២២ ដើម្បីសុំអន្តរាគមន៍។ ការធ្វើបែបនេះជាការចូលរួមយ៉ាងសំខាន់។ សូមប្រជាពលរដ្ឋដែលមានវិជ្ជមាន កុំលាក់លៀមសម្តែងភាពស្មោះត្រង់ ដើម្បីកាត់ផ្តាច់ការឆ្លងក្នុងសហគមន៍។ ការលាក់លៀមនឹងបង្កហានិភ័យកាន់តែធំ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា “តួលេខអ្នកឆ្លងជំងឺកូវីដ១៩ មិនទាន់ធូរស្រាលនៅឡើយទេ ត្រូវប្រុងប្រយ័ត្នចូលរួមអនុវត្ត ៣កុំ ៣ការពារ នៅរាជធានីភ្នំពេញមិនទាន់ធ្ងន់ធ្ងរ ហើយក៏មិនទាន់ធូរស្រាលដែរ”។

ចំណែកលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា “បើអ្នកល្មើសខុសដោយអចេតនា គឺអប់រំណែនាំ។ បើអប់រំហើយនៅតែបន្តល្មើសទៀត គឺផាកពិន័យអនុវត្តតាមច្បាប់ដាក់ទោសទណ្ឌ”។ លោកបន្តថា អ្នកព្យាបាលនៅផ្ទះ គឺមានដាក់ផ្លាកនៅមុខផ្ទះ អ្នកជំងឺព្យាបាលតាមផ្ទះ។ គឺស្ម័គ្រចិត្តមានទម្រង់លក្ខខណ្ឌបំពេញ ការព្យាបាលតាមផ្ទះមានហានិភ័យទាបបំផុត។ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាវិធានការមានប្រសិទ្ធភាពដើម្បីបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner