ខួប ៥ឆ្នាំ​​សាលក្រម​តុលាការ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ​ចិន​នៅ​តែ​មិន​គោរព ហ្វីលីពីន​មាន​ជំហរ​មិន​ទៀងទាត់​

ហ៊ីម រដ្ឋា

ថ្ងៃ​ចន្ទ​ ទី១២ ខែ​កក្កដា គឺ​ជា​ខួប​ ៥ ឆ្នាំ​ដែល​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ បាន​ចេញ​សាលក្រម​ប្រវែង​ជាង ៥០០ទំព័រ​ ដែល​សម្រេច​ហ្វីលីពីន​ឈ្នះ​ក្ដី​លើ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ចាត់​ទុក​ការ​អះអាង​កាន់​កាប់​របស់​ចិន​តាម​ខ្សែ​បន្ទាត់​៩ចំណុច ឬ Nine-Dash Line​ ដែល​ផ្អែក​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​មិន​មាន​សុពលភាព​ផ្នែក​ផ្លូវ​ច្បាប់ ហើយ​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ (UNCLOS) ​ចិន​មិន​អាច​កាន់កាប់​គ្រប់គ្រង​ដែនទឹក​ទាំង​នោះ ដែល​មាន​ផ្នែក​ខ្លះ​ជា​អធិបតេយ្យ​របស់​ហ្វីលីពីន។

ចិន​នៅ​ពេល​នោះ​បាន​បដិសេធ​ក្នុង​ការ​ចូល​ការពារ​ជំហរ​របស់​ខ្លួន​នៅ​តុលាការ​ ដែល​មាន​មូលដ្ឋាន​នៅ​វិមាន​សន្តិភាព ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់​នោះ​ទេ ដោយ​សម្អាង​ថា​ការណ៍​ដែល​ហ្វីលីពីន​យក​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ទៅ​ប្ដឹង​តុលាការ​កាល​ពី​ឆ្នាំ២០១៣ ជា​សកម្មភាព​ឯកតោភាគី។ បើ​យោង​តាម​សាលក្រម​របស់​តុលាការ​ បើ​ទោះ​បី​ជា​ចិន​មិន​ការពារ​ក្ដី​ក៏​ដោយ ក៏​មិន​ពាក់ព័ន្ធ​នឹង​នីតិវិធី​របស់​តុលាការ​ ហើយ​ការ​សម្រេច​គឺ​មាន​សុពលភាព​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ចិន​នៅ​តែ​មិន​ទទួល​ស្គាល់​នូវ​ការ​ចេញ​សាលក្រម ដោយ​តុលាការ​អាជ្ញាកណ្ដាល​កាល​ពី​ឆ្នាំ២០១៦ ដោយ​នៅ​ពេល​នោះ​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា «ការ​កាត់ក្ដី​លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​រឿង​នយោបាយ ដោយ​ស្ថិត​ក្រោម​ស្លាក​បរិបទ​ច្បាប់​តែ​ប៉ុណ្ណោះ»។ ចិន​នៅ​តែ​បន្ត​រក្សា​ជំហរ​កាន់កាប់​តំបន់​នេះ​តាម​ ខ្សែ​បន្ទាត់ ៩ចំណុច ហើយ​ប្ដេជ្ញា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

ចាប់​តាំង​ពី​ពេល​នោះ​មក ចិន​បាន​អនុវត្ត​នូវ​សិទ្ធិ​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ទោះ​ជា​មិន​ទាន់​មាន​ដំណោះស្រាយ​ច្បាស់លាស់​ក៏​ដោយ។ សកម្មភាព​ទាំង​នោះ​មាន​ដូច​ជា ការ​ប្រកាស​ហាម​ប្រាម​មិន​ឲ្យ​នេសាទ​សមុទ្រ​តាម​រដូវ​កាល​ណា​មួយ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ចិន​បាន​បង្កើត​ច្បាប់​ការពារ​សមុទ្រ​ ដែល​អនុញ្ញាត​ឱ្យ​នាវា​ឆ្មាំ​សមុទ្រ​ចិន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​នាវា​បរទេស​ក្នុង​ដែន​សមុទ្រ​ដែល​ចាត់​ទុក​ថា​របស់​ពួកគេ​។

រីឯ​ហ្វីលីពីន​វិញ ​កាល​​នោះ​លោក​ប្រធានាធិបតី Rodrigo Duterte ដែល​ទើប​តែ​បាន​ឡើង​កាន់​អំណាច​ប្រមាណ​ ២សប្ដាហ៍​ប៉ុណ្ណោះ បាន​ឃោសនា​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦ ថា​នឹង​ប្រកាន់​ជំហរ​តឹងរ៉ឹង​ដាក់​ចិន​ ដោយ​មាន​ពេល​មួយ​ លោក​ថែម​ទាំង​បាន​និយាយ​ថា លោក​នឹង​ជិះ​ម៉ូតូ​ទឹក​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​ប្រឆាំង​នឹង​ការ​លុកលុយ​របស់​ទូក​ និង​នាវា​របស់​ចិន​ចូល​ក្នុង​ដែន​ទឹក​ហ្វីលីពីន​ទៀត​ផង​។

ប៉ុន្តែ​ក្រោយ​ពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​មួយ​រយៈ​ លោក​ក៏​បាន​បន្ទន់​ឥរិយាបថ​ដាក់​ចិន​ទៅ​វិញ។ លោក​ចាប់​ផ្ដើម​បើក​ការ​ចរចា​ជាមួយ​ចិន​ លើ​ជម្លោះ​នេះ​ រហូត​មាន​សេចក្ដីរាយការណ៍​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា លោក Duterte បាន​ព្រមព្រៀង​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង កាល​ពី​ឆ្នាំ២០១៦ អនុញ្ញាត​ឱ្យ​ទូក​នេសាទ​ចិន​ចូល​នេសាទ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ហ្វីលីពីន​ទៀត​ផង​។

លុះ​ ៥ឆ្នាំ​ក្រោយ​ពី​តុលាការ​ចំណាស់ ១២២​ឆ្នាំ​មួយ​នេះ​ចេញ​សាលក្រម តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ជាពិសេស​រវាង​ហ្វីលីពីន និង​ចិន ហាក់​បី​ដូច​ជា​មាន​បញ្ហា​នឹង​គ្នា​ជា​ថ្មី​ម្ដង​ទៀត​។ រឿង​រ៉ាវ​ទាំង​ឡាយ​បាន​កើត​ឡើង ក្រោយ​ពី​មាន​វត្តមាន​នាវា​ និង​ទូក​នេសាទ​ចិន​រាប់​រយ​គ្រឿង​បាន​ចូល​ទៅ​កាន់​តំបន់​ទឹក​ជម្លោះ​នេះ​តាំង​ពី​ខែ​មីនា​មក​។

អាជ្ញាធរ​ហ្វីលីពីន​បាន​ចោទ​ថា នាវា​និង​ទូក​ទាំង​នោះ​បាន​បំពាក់​ដោយ​អាវុធ​ ខណៈ​លោក Greg Poling នាយក​នៃ​កម្មវិធី​សមុទ្រ​អាស៊ី​ប្រកប​ដោយ​តម្លាភាព (AMTI) របស់​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) របស់​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ដោយ​សម្អាង​លើ​ប្រព័ន្ធ​ផ្កាយ​រណប​របស់ AMTI ថា កង​ឆ្មាំ​សមុទ្រ​របស់​ចិន​ក៏​មាន​វត្តមាន​ច្រើន​ដែរ​ នៅ​តំបន់​ជម្លោះ​ទាំង​នោះ។

​ចិន​តាម​រយៈ​ក្រសួង​ការបរទេស​របស់​ខ្លួន​បាន​អះអាង​ជា​ច្រើន​ដង​ថា នាវា​និង​ទូក​នេសាទ​ទាំង​នោះ​ធ្វើ​ការ​នេសាទ​ជា​ធម្មតា​នៅ​ដែនទឹក​របស់​ខ្លួន​ទេ។

ពាក់ព័ន្ធ​នឹង​រឿង​សាលក្រម​របស់​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ លោក​ប្រធានាធិបតី​ Duterte ហាក់​បី​ដូច​ជា​បង្ហាញ​ជំហរ​មិន​ទៀងទាត់។ ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​វេទិកា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២០ ហ្វីលីពីន​បដិសេធ​រាល់​ការ​ប៉ុនប៉ង​ណា​មួយ ដែល​ប្រាសចាក​ពី​គោលការណ៍​របស់​សាលក្រម​តុលាការ​នេះ។ ប៉ុន្តែ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​នេះ​ លោក​ប្រធានាធិបតី Duterte បាន​ចាត់​ទុក​ឯកសារ​ផ្លូវ​ច្បាប់​នេះ​ថា​ គ្រាន់​តែ​ជា​ក្រដាស​មួយ​ដុំ​សម្រាប់​លោក​គប់​ចូល​ធុង​សំរាម​ប៉ុណ្ណោះ។

ក្នុង​ខួប​ ៥ឆ្នាំ​នេះ រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Teodoro Locsin Jr បាន​និយាយ​ក្នុង​វីដេអូ​មួយ​ចំនួន​ ដែល​ចាក់​បញ្ចាំង​ជា​សាធារណៈ​កាល​ពី​ខែ​មិថុនា​ថា ឯកសារ​ច្បាប់​នេះ​គឺ​បង្អែក​ផ្លូវ​ច្បាប់​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ជាពិសេស​រវាង​ចិន និង​ហ្វីលីពីន។

ក្រៅ​ពី​នេះ​គេ​ក៏​សង្កេត​ឃើញ​ថា មាន​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រំលឹក​ខួប​ ៥ឆ្នាំ​នៃ​ការ​ចេញ​សាលក្រម​តុលាការ​ឡាអេ​មួយ​នេះ​ផង​ដែរ។

សហរដ្ឋអាមេរិក​តាម​រយៈ​លោក​រដ្ឋមន្ត្រី​ការបរទេស Anthony Blinken បាន​ចេញ​សារ​មួយ​ចិន​ថា «គ្មាន​តំបន់​ណា ដែល​សណ្ដាប់ធ្នាប់​ផ្អែក​លើ​ផ្លូវ​ច្បាប់ រង​ការ​គំរាម​កំហែង​ខ្លាំង​ជាង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ»។ លោក Blinken បាន​បន្ថែម​ថា សាធារណរដ្ឋ​ប្រជាមានិត​មួយ​នេះ «បន្ត​ធ្វើ​​ទុក្ខបុកម្នេញ​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​ជាប់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​គំរាមកំហែង​ដល់​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​នៅ​ច្រក​ផ្លូវ​ដ៏​សំខាន់​នេះ»។

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ចិន​គោរព​នូវ​កាតព្វកិច្ច​ផ្លូវ​ច្បាប់ តាម​សាលក្រម​ឆ្នាំ២០១៦ របស់​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ ហើយ​បញ្ឈប់​នូវ​អំពើ​គំរាម​កំហែង​ទាំងឡាយ​ដល់​សហគមន៍​អន្តរជាតិ។

លោក Toshimitsu Motegiរដ្ឋមន្ត្រីការបរទេស​ជប៉ុន​វិញ​ក៏​បាន​បញ្ចេញ​សារ​មួយ​នៅ​ក្នុង​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ ដោយ​លោក​ចាត់​ទុក​ថា សាលក្រម​នេះ​មាន​សុពលភាព​ផ្នែក​ច្បាប់ ហើយ​ការ​បដិសេធ​របស់​ចិន​លើ​ការ​គោរព​លើ​សាលក្រម​នេះ​ជា​ «ការ​ប្រឆាំង​នឹង​គោលការណ៍​ដំណោះស្រាយ​ដោយ​សន្តិវិធី ដែល​ស្រប​តាម​ច្បាប់​អន្តរជាតិ»។

ក្រសួង​ការបរទេស​កាណាដា​ក៏​ប្រកាន់​ជំហរ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​កាណាដា​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​រួម​មាន ចិន និង​ហ្វីលីពីន​គោរព​លើ​ស្មារតី​នៃ​សាលក្រម​នេះ៕

ប្រភព៖

Is Duterte squandering The Hague victory to appease Beijing?

https://www.aljazeera.com/news/2021/7/12/south-china-sea-nine-dash-line-ruling?taid=60eb9b1db9a11500017c21a7&utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=twitter

Analysts: 5 Years Later, Philippines Yet to Leverage South China Sea Win

https://www.rfa.org/english/news/china/win-07072021183750.html

STATEMENT OF FOREIGN AFFAIRS SECRETARY TEODORO L. LOCSIN, JR. ON THE 5TH ANNIVERSARY OF THE ISSUANCE OF THE AWARD ON THE SOUTH CHINA SEA ARBITRATION

https://hanoipe.dfa.gov.ph/newsroom/press-releases/384-statement-of-foreign-affairs-secretary-teodoro-l-locsin-jr-on-the-5th-anniversary-of-the-issuance-of-the-award-on-the-south-china-sea-arbitration

Remarks by Chinese Foreign Minister Wang Yi on the Award of the So-called Arbitral Tribunal in the South China Sea Arbitration

http://www.chinese-embassy.org.uk/eng/HotTopics/errorpath/t1380469.htm

Five years since the issuance of the Arbitral Tribunal’s award as to the disputes between the Republic of the Philippines and the People’s Republic of China regarding the South China Sea

(Statement by Foreign Minister MOTEGI Toshimitsu)

https://www.mofa.go.jp/press/release/press3e_000209.html

Fifth Anniversary of the Arbitral Tribunal Ruling on the South China Sea

https://www.state.gov/fifth-anniversary-of-the-arbitral-tribunal-ruling-on-the-south-china-sea/

Statement by Global Affairs Canada on South China Sea ruling

https://www.canada.ca/en/global-affairs/news/2021/07/statement-by-global-affairs-canada-on-south-china-sea-ruling.html

Duterte’s Ingratiating Approach to China Has Been a Bust

https://www.cfr.org/article/dutertes-ingratiating-approach-china-has-been-bust

China’s Maritime Disputes

https://www.cfr.org/timeline/chinas-maritime-disputes

Duterte says PH arbitral win vs. China ‘just’ a piece of paper, trash to be thrown away

https://www.canada.ca/en/global-affairs/news/2021/07/statement-by-global-affairs-canada-on-south-china-sea-ruling.html

Court Arbitration Ruling Award

https://docs.pca-cpa.org/2016/07/PH-CN-20160712-Award.pdf

https://docs.pca-cpa.org/2016/07/PH-CN-20160712-Press-Release-No-11-English.pdf

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner