ខួប ៥ឆ្នាំសាលក្រមតុលាការលើសមុទ្រចិនខាងត្បូង៖ ចិននៅតែមិនគោរព ហ្វីលីពីនមានជំហរមិនទៀងទាត់
ថ្ងៃចន្ទ ទី១២ ខែកក្កដា គឺជាខួប ៥ ឆ្នាំដែលតុលាការអាជ្ញាកណ្ដាលអន្តរជាតិ បានចេញសាលក្រមប្រវែងជាង ៥០០ទំព័រ ដែលសម្រេចហ្វីលីពីនឈ្នះក្ដីលើចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង ដោយចាត់ទុកការអះអាងកាន់កាប់របស់ចិនតាមខ្សែបន្ទាត់៩ចំណុច ឬ Nine-Dash Line ដែលផ្អែកលើឯកសារប្រវត្តិសាស្ត្រមិនមានសុពលភាពផ្នែកផ្លូវច្បាប់ ហើយតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ចិនមិនអាចកាន់កាប់គ្រប់គ្រងដែនទឹកទាំងនោះ ដែលមានផ្នែកខ្លះជាអធិបតេយ្យរបស់ហ្វីលីពីន។
ចិននៅពេលនោះបានបដិសេធក្នុងការចូលការពារជំហររបស់ខ្លួននៅតុលាការ ដែលមានមូលដ្ឋាននៅវិមានសន្តិភាព ទីក្រុងឡាអេ ប្រទេសហុល្លង់នោះទេ ដោយសម្អាងថាការណ៍ដែលហ្វីលីពីនយករឿងសមុទ្រចិនខាងត្បូងទៅប្ដឹងតុលាការកាលពីឆ្នាំ២០១៣ ជាសកម្មភាពឯកតោភាគី។ បើយោងតាមសាលក្រមរបស់តុលាការ បើទោះបីជាចិនមិនការពារក្ដីក៏ដោយ ក៏មិនពាក់ព័ន្ធនឹងនីតិវិធីរបស់តុលាការ ហើយការសម្រេចគឺមានសុពលភាព។
បើទោះជាយ៉ាងនេះក៏ដោយ ចិននៅតែមិនទទួលស្គាល់នូវការចេញសាលក្រម ដោយតុលាការអាជ្ញាកណ្ដាលកាលពីឆ្នាំ២០១៦ ដោយនៅពេលនោះលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានចេញសេចក្ដីថ្លែងការណ៍ថា «ការកាត់ក្ដីលើជម្លោះសមុទ្រចិនខាងត្បូងជារឿងនយោបាយ ដោយស្ថិតក្រោមស្លាកបរិបទច្បាប់តែប៉ុណ្ណោះ»។ ចិននៅតែបន្តរក្សាជំហរកាន់កាប់តំបន់នេះតាម ខ្សែបន្ទាត់ ៩ចំណុច ហើយប្ដេជ្ញាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។
ចាប់តាំងពីពេលនោះមក ចិនបានអនុវត្តនូវសិទ្ធិអធិបតេយ្យភាពរបស់ខ្លួននៅតំបន់សមុទ្រចិនខាងត្បូង ទោះជាមិនទាន់មានដំណោះស្រាយច្បាស់លាស់ក៏ដោយ។ សកម្មភាពទាំងនោះមានដូចជា ការប្រកាសហាមប្រាមមិនឲ្យនេសាទសមុទ្រតាមរដូវកាលណាមួយ ហើយកាលពីពេលថ្មីៗនេះ ចិនបានបង្កើតច្បាប់ការពារសមុទ្រ ដែលអនុញ្ញាតឱ្យនាវាឆ្មាំសមុទ្រចិនបើកការបាញ់ប្រហារទៅលើនាវាបរទេសក្នុងដែនសមុទ្រដែលចាត់ទុកថារបស់ពួកគេ។
រីឯហ្វីលីពីនវិញ កាលនោះលោកប្រធានាធិបតី Rodrigo Duterte ដែលទើបតែបានឡើងកាន់អំណាចប្រមាណ ២សប្ដាហ៍ប៉ុណ្ណោះ បានឃោសនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ ថានឹងប្រកាន់ជំហរតឹងរ៉ឹងដាក់ចិន ដោយមានពេលមួយ លោកថែមទាំងបាននិយាយថា លោកនឹងជិះម៉ូតូទឹកទៅសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងការលុកលុយរបស់ទូក និងនាវារបស់ចិនចូលក្នុងដែនទឹកហ្វីលីពីនទៀតផង។
ប៉ុន្តែក្រោយពីឡើងកាន់តំណែងជាប្រធានាធិបតីមួយរយៈ លោកក៏បានបន្ទន់ឥរិយាបថដាក់ចិនទៅវិញ។ លោកចាប់ផ្ដើមបើកការចរចាជាមួយចិន លើជម្លោះនេះ រហូតមានសេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា លោក Duterte បានព្រមព្រៀងជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនភីង កាលពីឆ្នាំ២០១៦ អនុញ្ញាតឱ្យទូកនេសាទចិនចូលនេសាទក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីនទៀតផង។
លុះ ៥ឆ្នាំក្រោយពីតុលាការចំណាស់ ១២២ឆ្នាំមួយនេះចេញសាលក្រម តំបន់សមុទ្រចិនខាងត្បូងជាពិសេសរវាងហ្វីលីពីន និងចិន ហាក់បីដូចជាមានបញ្ហានឹងគ្នាជាថ្មីម្ដងទៀត។ រឿងរ៉ាវទាំងឡាយបានកើតឡើង ក្រោយពីមានវត្តមាននាវា និងទូកនេសាទចិនរាប់រយគ្រឿងបានចូលទៅកាន់តំបន់ទឹកជម្លោះនេះតាំងពីខែមីនាមក។
អាជ្ញាធរហ្វីលីពីនបានចោទថា នាវានិងទូកទាំងនោះបានបំពាក់ដោយអាវុធ ខណៈលោក Greg Poling នាយកនៃកម្មវិធីសមុទ្រអាស៊ីប្រកបដោយតម្លាភាព (AMTI) របស់វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់សហរដ្ឋអាមេរិកបានលើកឡើងដោយសម្អាងលើប្រព័ន្ធផ្កាយរណបរបស់ AMTI ថា កងឆ្មាំសមុទ្ររបស់ចិនក៏មានវត្តមានច្រើនដែរ នៅតំបន់ជម្លោះទាំងនោះ។
ចិនតាមរយៈក្រសួងការបរទេសរបស់ខ្លួនបានអះអាងជាច្រើនដងថា នាវានិងទូកនេសាទទាំងនោះធ្វើការនេសាទជាធម្មតានៅដែនទឹករបស់ខ្លួនទេ។
ពាក់ព័ន្ធនឹងរឿងសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ លោកប្រធានាធិបតី Duterte ហាក់បីដូចជាបង្ហាញជំហរមិនទៀងទាត់។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ២០២០ ហ្វីលីពីនបដិសេធរាល់ការប៉ុនប៉ងណាមួយ ដែលប្រាសចាកពីគោលការណ៍របស់សាលក្រមតុលាការនេះ។ ប៉ុន្តែកាលពីខែឧសភាឆ្នាំនេះ លោកប្រធានាធិបតី Duterte បានចាត់ទុកឯកសារផ្លូវច្បាប់នេះថា គ្រាន់តែជាក្រដាសមួយដុំសម្រាប់លោកគប់ចូលធុងសំរាមប៉ុណ្ណោះ។
ក្នុងខួប ៥ឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin Jr បាននិយាយក្នុងវីដេអូមួយចំនួន ដែលចាក់បញ្ចាំងជាសាធារណៈកាលពីខែមិថុនាថា ឯកសារច្បាប់នេះគឺបង្អែកផ្លូវច្បាប់យ៉ាងសំខាន់ក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ជាពិសេសរវាងចិន និងហ្វីលីពីន។
ក្រៅពីនេះគេក៏សង្កេតឃើញថា មានប្រទេសលោកខាងលិចមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍រំលឹកខួប ៥ឆ្នាំនៃការចេញសាលក្រមតុលាការឡាអេមួយនេះផងដែរ។
សហរដ្ឋអាមេរិកតាមរយៈលោករដ្ឋមន្ត្រីការបរទេស Anthony Blinken បានចេញសារមួយចិនថា «គ្មានតំបន់ណា ដែលសណ្ដាប់ធ្នាប់ផ្អែកលើផ្លូវច្បាប់ រងការគំរាមកំហែងខ្លាំងជាងនៅតំបន់សមុទ្រចិនខាងត្បូងនោះទេ»។ លោក Blinken បានបន្ថែមថា សាធារណរដ្ឋប្រជាមានិតមួយនេះ «បន្តធ្វើទុក្ខបុកម្នេញប្រទេសអាស៊ីអាគ្នេយ៍ដែលជាប់សមុទ្រចិនខាងត្បូង ហើយគំរាមកំហែងដល់សេរីភាពក្នុងការធ្វើនាវាចរណ៍នៅច្រកផ្លូវដ៏សំខាន់នេះ»។
លោកក៏បានអំពាវនាវឲ្យចិនគោរពនូវកាតព្វកិច្ចផ្លូវច្បាប់ តាមសាលក្រមឆ្នាំ២០១៦ របស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ ហើយបញ្ឈប់នូវអំពើគំរាមកំហែងទាំងឡាយដល់សហគមន៍អន្តរជាតិ។
លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុនវិញក៏បានបញ្ចេញសារមួយនៅក្នុងថ្ងៃចន្ទនេះផងដែរ ដោយលោកចាត់ទុកថា សាលក្រមនេះមានសុពលភាពផ្នែកច្បាប់ ហើយការបដិសេធរបស់ចិនលើការគោរពលើសាលក្រមនេះជា «ការប្រឆាំងនឹងគោលការណ៍ដំណោះស្រាយដោយសន្តិវិធី ដែលស្របតាមច្បាប់អន្តរជាតិ»។
ក្រសួងការបរទេសកាណាដាក៏ប្រកាន់ជំហរស្រដៀងគ្នានេះដែរ ដោយកាណាដាបានអំពាវនាវឱ្យគ្រប់ភាគីរួមមាន ចិន និងហ្វីលីពីនគោរពលើស្មារតីនៃសាលក្រមនេះ៕
ប្រភព៖ Aljazeera