នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែចេកស្រស់កើនឡើង៦៨ភាគរយ បើធៀបនឹងឆ្នាំ២០២០ (មានវីដេអូ)

ភ្នំពេញ៖ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍អោយដឹងថា ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១  ការនាំចេញផ្លែចេកស្រស់របស់កម្ពុជាកើនឡើង៦៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០ ។

លោកឧកញ៉ាបន្តថា ផ្លែចេកស្រស់កម្ពុជាបាននាំចេញទៅប្រទេសចំនួន០៤ រួមមានប្រទេសចិនចំនួន២៣ម៉ឺន៧ពាន់៩៩តោន វៀតណាមចំនួន២ម៉ឺន៥ពាន់១១៣តោន សិង្ហបុរីចំនួន៤៨០តោន និងជប៉ុនចំនួន៤២៦តោន ។ ទាក់ទងនឹងការកើនឡើងវិញ លោកឧកញ៉ាពន្យល់ថា ដោយសារតែតម្លៃផ្លែចេកនៅក្នុងទីផ្សារសម្រាប់ឆ្នាំ២០២១នេះមានតម្លៃល្អ រីឯផ្ទៃដីនៃការដាំដុះក៏កើនឡើង បូកផ្សំនឹងអំណោយផលពីធម្មជាតិ ដែលមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ជាប្រភពទឹកស្រោចស្រប់ដំណាំចេកឱ្យទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ ។

ចំពោះតម្លៃដឹកជញ្ជូនផ្លែចេកវិញ គឺមានតម្លៃធូរថ្លៃជាងការដឹកជញ្ជូនទៅបណ្តាប្រទេសអឺរ៉ុប ព្រោះជាការដឹកជញ្ជូននៅក្នុងតំបន់ដែលមានចម្ងាយជិត និងមធ្យម ពោលគឺតម្លៃនៃការដឹកជញ្ជូនកើនឡើងត្រឹមតែ២ដងនៃតម្លៃដឹកជញ្ជូនទូទៅតែប៉ុណ្ណោះ ដោយកើនឡើងពី២ពាន់ដុល្លារ ទៅ៤ពាន់ដុល្លារ ។ ការឡើងថ្លៃដឹកជញ្ជូននេះ គឺដោយសារតែបញ្ហាប្រឈមលើការដឹកជញ្ជូន និងកង្វះសំបកកុងទឺន័រជាដើម ។ បើគិតជាមធ្យមនៅក្នុងឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះផ្លែចេកសម្រាប់នាំចេញប្រមាណជា១ម៉ឺន៦ពាន់ហិកតា ប៉ុន្តែមកដល់បច្ចុប្បន្ននេះផ្ទៃដីនៃការដាំដុះចេកអាចកើនឡើងជិត២ម៉ឺនហិកតា ឬលើសនេះបន្តិច ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner