បន្ទាប់ពីមហាជន និងសម្តេចនាយករដ្ឋមន្ត្រីប្រតិកម្ម៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ភ្នំពេញៈ បន្ទាប់ពីមានប្រតិកម្មជុំទិសទីពីមហាជន និងជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើការព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមិនអាចកែសម្រួល ឬកែទម្រង់បាននូវបញ្ហាអយុត្តិធម៌មួយចំនួនរបស់អាជ្ញាកណ្ដាល-ចៅក្រមដោយសារការវិនិច្ឆ័យការប្រកួតមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ និងស្មារតីជាមន្ដ្រីយុត្តិធម៌កីឡាធ្វើឱ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិរហូតធ្វើឱ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្មជាញឹកញាប់ជាច្រើនលើកច្រើនសារ។ ការព្រមានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសជាសាធារណៈចំពោះប្រតិកម្មរបស់មហាជនក្នុងការវិនិច្ឆ័យការប្រកួតកីឡាប្រដាល់គុនខ្មែរ នាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ និងរង្វាន់នៅសង្វៀន CBS (CNC) រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឹន មេឃា។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យល់ឃើញថា ១.អាជ្ញាកណ្តាល-ចៅក្រម ជាមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡា ប្រដាល់គុនខ្មែរបានវិនិច្ឆ័យការប្រកួត ដោយមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ “Fair-Play” មិនគោរពតាមបទបញ្ជាការប្រកួតគ្មានក្រមសីលធម៌ និងស្មារតីជាមន្រ្តីយុត្តិធម៌កីឡាធ្វើឱ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់ គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិ។ ២.កន្លងមកការប្រកួតលើសង្វៀនឯកជន ការវិនិច្ឆ័យលទ្ធផលការប្រកួតតែងតែមានបញ្ហាអយុត្តិធម៌ជាញឹកញាប់ដែលសហព័ន្ធកីឡាគុនខ្មែរនៅតែមិនអាចកែសម្រួល ឬកែទម្រង់បានធ្វើឱ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្មជាញឹកញាប់ជាច្រើនលើកច្រើនសារ។ ៣.បើទោះបីការប្រកួតស្ថិតក្នុងក្របខ័ណ្ឌអាជីវកម្មមិនស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាអូឡាំពិកហើយការប្រកួតជាការដណ្ដើមលាភសក្ការៈជាលុយ ផ្ទុយនឹងស្មារតី និងធម្មនុញ្ញអូឡាំពិក ប៉ុន្តែសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថិតក្រោមឆ័ត្រនៃលក្ខន្តិកៈរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមប្រកាសដាក់ការព្រមានលើកដំបូងដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរឱ្យធ្វើការកែទម្រង់ និងដាក់ចេញនូវបទប្បញ្ញត្តិ ដោយដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាកណ្ដាល-ចៅក្រមឱ្យគោរពស្មារតីកីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ “Fair-Play និងគោរពក្រមសីលធម៌កីឡា ដោយមិនអាចរំលោភបាន។ ប្រសិនបើមានបញ្ហាដដែលកើតឡើងទៀត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងប្រើសិទ្ធិដាក់ព្យួរសមាជិកភាពដែលជាផលវិបាករបស់សហព័ន្ធមិនអាចចូលរួមប្រកួតជាអន្តរជាតិ និងរៀបចំការប្រកួតជាអន្តរជាតិផ្លូវការបាន ហើយក៏មិនអាចចូលរួមប្រកួតកីឡា SEA Games រួមទាំង SEA Games នៅកម្ពុជាផងដែរ។

ទាក់ទងករណីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីយប់ថ្ងៃទី១១ ខែកក្កដា បានសរសេរលើហ្វេសប៊ុកផ្លូវការថា ដោយអត់ទ្រាំមិនបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុនថ្មីដោយកំណត់លក្ខខណ្ឌប្រកួតថ្មីដោយវាយខុសក្បួន ហើយមិនព្រមប្រកាសលទ្ធផល និងលើកពេលទៅប្រកួតនៅពេលក្រោយ។ តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបានបើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់បើទាត់ខុសត្រូវ ពិន័យកាតលឿងឬកាតក្រហមដោយដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ អ្វីដែលសម្តេចសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner