បុគ្គលិកសុខាភិបាលថៃរាប់រយនាក់នៅតែឆ្លងកូវីដ-១៩ ទោះជាចាក់វ៉ាក់សាំង Sinovac បាន ២ដូសរួចក្ដី

បុគ្គលិក​សុខាភិបាល​នៅ​ប្រទេស​ថៃ​សរុបចំនួន​ ៦១៨​នាក់​ ក្នុង​ចំណោម​សរុប​ប្រមាណ ៦៨ ម៉ឺន​នាក់​ដែល​បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩ ​ពេញលេញ បាន​ឆ្លង​ជំងឺ​កូវីដ១៩ អំឡុង​ខែ​មេសា ដល់​ខែ​កក្កដា ដោយ​មាន​គិលានុបដ្ឋាយិកា​មួយ​រូប​បាន​បាត់​បង់​ជីវិត ហើយ​បុគ្គលិក​ពេទ្យ​ម្នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ នេះ​បើ​តាម​ស្ថិតិ​ក្រសួង​សុខាភិបាល​ថៃ។

ភាគ​ច្រើន​នៃ​បុគ្គលិក​សុខាភិបាល​ និង​អ្នក​ធ្វើការ​ជួរ​មុខ​នៅ​ថៃ​​បាន​ចាក់​វ៉ាក់សាំង​ចិន Sinovac ចាប់​ពី​ខែ​កុម្ភៈ​មក ខណៈ​វ៉ាក់សាំង​ AstraZeneca ទើប​តែ​ចាប់​ផ្ដើម​ចាក់​នៅ​ខែ​មិថុនា​តែ​ប៉ុណ្ណោះ។

ទន្ទឹម​នឹង​ជួប​​សភាពការណ៍​បែប​នេះ​ដែរ ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ដល់​បុគ្គលិក​សុខាភិបាល​ដែល​ប្រឈម​មុខ​នឹង​ហានិភ័យ។ បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​សុខាភិបាល​ប្រទេស​ថៃ លោក Sopon Iamsirithawon បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​សៅរ៍​ថា វ៉ាក់សាំង​ដូស​ទី៣ អាច​នឹង​ជា​វ៉ាក់សាំង​ AstraZeneca ឬ វ៉ាក់សាំង​ប្រភេទ mRNA (អាច​ជា Pfizer ឬ Moderna)។

រដ្ឋាភិបាល​ថៃ​រំពឹង​ទុក​ថា​នឹង​ទទួល​បាន​វ៉ាក់សាំង Pfizer-BioNTech ចំនួន ១,៥លាន​ដូស ដែល​ជា​ការ​បរិច្ចាគ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ខែ​កក្កដា​នេះ ហើយ​នឹង​ទទួល​បាន ២០លាន​ដូស​ទៀត​នៅ​ខែ​តុលា ដែល​ជា​ការ​បញ្ជា​ទិញ​៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner